• 2020-06-16 03:15:25
  • បាល់ទាត់

ទូច បញ្ចរ៉ុង៖ ខ្ញុំ​មិន​សប្បាយ​ចិត្តនឹងការ​អង្គុយ​មើល​មិត្ត​រួម​ក្រុម​លេងទេ

  • 2020-06-16 03:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួតប្រជែង​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៩-២០២០ អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ ទូច បញ្ចរ៉ុង មិន​ទាន់​បាន​លេង​ឱ្យ​បឹង​កេត​មួយប្រកួត​ឡើយ។ ត្រង់​ចំណុច​នេះបញ្ញារ៉ុង​បាន​បង្ហើប​ថា គេ​ក៏​មិន​សប្បាយ​ចិត្ត​នឹង​ការ​អង្គុយ​មើល​ មិត្ត​រួម​ក្រុម​លេង​ដែរ ព្រោះ​កន្លង​មក​គេ​ធ្លាប់​តែ​បង្ហាញ​សមត្ថភាពលើ​ទី​លាន។

ទូច បញ្ចរ៉ុង បញ្ជាក់ ៖«និយាយ​រួម​ទៅខ្ញុំ​ក៏​មាន​អារម្មណ​ថា​ មិនសប្បាយ​ចិត្ត​នឹង​ការ​អង្គុយ​មើល​មិត្ត​រួម​ក្រុម​លេង ព្រោះ​ខ្ញុំធ្លាប់​តែ​ចូល​លេង ហើយ​រាល់​ថ្ងៃ​ខំប្រឹង​ហាត់ ដើម្បី​ចង់​ចូល​លេង​វិញ​ដែរ តែ​សំខាន់​លើ​គ្រូ គាត់​ជា​អ្នក​សម្រេច​ចិត្ត​ដាក់​កីឡាករ​ណា ​ដែល​​គាត់​គិត​ថា​លេង​ត្រូវ​ទម្រង់​របស់​គាត់ ហើយ​ណា​មួយ​វ័យ​របស់​ខ្ញុំ​ក៏​ជ្រេ​ដែរ កម្លាំង​ក៏​ធ្លាក់​ចុះ​មិន​ដូច​មុន»។

ទោះបីជា​យ៉ាងណា កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុង នៅ​តែ​គោរព​ការ​សម្រេច​ចិត្ត​របស់​គ្រូបង្គោល ដ្បិត​បាល់ទាត់​តែង​មាន​ការ​ផ្លាស់ប្ដូរ ហើយ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង។

ពេល​សួរ​ថា បើ​ខាន​លេង​យូរ​បែប​នេះ ហើយ​មាន​ឱកាស​ចូល​លេង​វិញ តើ​បញ្ចរ៉ុង​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង​ដែរ​ឬ​ទេ? បញ្ចរ៉ុងតប​ថា គេ​នៅ​ទុកចិត្ត​លើ​សមត្ថភាព និង​គិតនៅ​តែ​អាច​ធ្វើ​បានល្អ ព្រោះ​គេ​ប្រឹង​ហ្វឹកហាត់​យ៉ាង​ខ្លាំងដូច​ជាកីឡាករ​ផ្សេងៗ​ដែរ។

អតីត​កីឡាករ Dolphin FC, ភ្នំពេញក្រោន និង​នគរបាល​ជាតិ បានបន្ត​បែបនេះ ៖«សម្រាប់​ខ្លួន​ឯង​ខ្ញុំ​គិត​ថា​នៅ​តែ​ធ្វើបាន ព្រោះ​ខ្ញុំ​ហាត់​រាល់​ថ្ងៃ គឺ​ខំប្រឹង​ខ្លាំង​ណាស់ ហើយ​ណា​មួយ​យើង​ធ្លាប់​លេង អ៊ីចឹង​គិត​ថា​មិន​ជា​បញ្ហា​ទេ»។

ទូច បញ្ចរ៉ុង ជាខ្សែការពាររឹងមាំមួយរូប ធ្លាប់ជួយឱ្យបឹងកេតលើកពានលីគកំពូលកម្ពុជាបីរដូវកាល (២០១២, ២០១៦, ២០១៧) និងពានរង្វាន់សម្ដេច ហ៊ុន សែន ក្នុង​ឆ្នាំ២០១៩៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី