• 2020-06-03 04:55:49
  • បាល់ទាត់

ចាន់ សុភា ចាត់​ទុក គួច សុកុម្ភៈ ជា idol ព្រោះ​ហេតុ​ផល​​ទាំង​នេះ

  • 2020-06-03 04:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ឱ្យ​ដឹង​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ Sabay គួច សុកុម្ភៈ ជា​កីឡាករ​ខ្មែរ​តែម្នាក់​គត់ ដែល​យុវជន ចាន់ សុភា ចាត់​ទុក​ជា idol ព្រោះ​ខ្សែ​បម្រើ​កណ្ដាល​ចាស់​វស្សា​រូប​នេះ លេង​ល្អនិង​មាន​អត្តចរិតគួរ​ឱ្យ​គោរព​ស្រលាញ់។

កីឡាករ ចាន់ សុភា (ក្រហម)

ខ្សែ​បម្រើ​ការ​ពារ​ក្លឹប​ណាហ្គា​វើលដ៍ ចាន់ សុភា សង្កត់​ធ្ងន់​ថា ៖«បើ​សម្រាប់​ខ្ញុំ កីឡាករ​ខ្មែរ ខ្ញុំ​ចាត់​ទុក​គាត់​ជា idol នៅ​ក្នុង​​បេះ​ដូង​ខ្ញុំ​តែ​ម្ដង។ ទាំង​ការ​លេង ទាំង​អត្តចរិត​ក្នុង​លាន​និង​ក្រៅ​ទីលាន...និយាយ​ទៅ​ធ្វើ​ឱ្យ​កីឡាករ​គូរ​ប្រកួត​ផ្សេងៗ ឬ​ក៏​កីឡាករ​ក្នុង​ក្រុម ឬ​ក៏​គ្រូ​បង្វឹក​គោរព​ស្រលាញ់​គាត់​តែ​ម្ដង...និយាយ​ទៅ​កីឡាករ​គាត់ គួរ​ឱ្យ​យក​គំរូ​តាម»។

គួច សុកុម្ភៈ ជា​អតីត​កីឡាករ​ជម្រើស​ខេត្ត​កំពង់ធំ មុន​ចេញ​មក​ប្រកប​អាជីព​នៅ​រាជធានី​ភ្នំពេញ ជាមួយ​ក្លឹប​ខេមរាកីឡា មុន​ចេញ​ទៅ​ភ្នំពេញក្រោន និង​ចុង​ក្រោយ​មក​​ចូលរួម​ក្រុម​ណាហ្គាវើល​ដ៍ នៅដើម​ឆ្នាំ​២០១៥។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​ការ​លេង មាន​អត្តចរិត​ល្អ និង​គោរព​វិន័យ​បាន​ខ្ជាប់ខ្ជួនស័ក្តិសមជាកីឡាករអាជីព។

ចំណែក ចាន់ សុភា ជា​កីឡាករ​ជាន់ក្រោយ ប៉ុន្តែ​រូប​គេ​ក៏​បាន​ធ្វើ​ឱ្យ​ក្លឹប​ណាហ្គាវើល​ដ៍​ចាប់​អារម្មណ៍​ផង​​ដែរ អំឡុង​ជា​កីឡាករ​របស់​វេស្ទឺន​ភ្នំពេញ។

ខ្សែបម្រើ គួច សុកុម្ភៈ (រូបភាពក្លឹបណាហ្គាវើលដ៍)

គួរ​បញ្ជាក់​ថា យុវជន​ដែល​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា លេង​ពានរង្វាន់ AFF U-18 Youth Championship ឆ្នាំ​២០១៩ ធ្លាប់​ជាកីឡាក​របស់​អង្គការ​ផ្កាយ​សមុទ្រ អតីត​​កីឡាករ​យុវជន U17 បឹងកេត អតីត​កីឡាករ​អគ្គិសនី​កម្ពុជា និង​អតីត​កីឡាករ​វេស្ទឺន​ភ្នំពេញ​ មុន​ទៅ​ណាហ្គាវើលដ៍ ក្នុង​ឆ្នាំ​២០១៩។

ចាន់ សុភា ​បង្ហាញ​ខ្លួន​​ឱ្យ​ណាហ្គា​បាន​៥​ប្រកួត ពោល​គឺ​ពាន​សម្ដេច ហ៊ុន សែន ២​ដង​និង​លីគកំពូល​កម្ពុជា ៣​ដង ចំណែក​រដូវ​កាល​ឆ្នាំ​២០១៩-​២០២០​នេះ គេ​មិន​ទាន់​ត្រូវ​បាន​​គ្រូ​បង្គោល​លោក មាស ចាន់ណា ដាក់​ឱ្យ​លេង​នៅ​ឡើយ​ទេ៕  

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់