• 2020-04-20 05:58:59
  • បាល់ទាត់

ប្រាក់ សុវណ្ណារ៉ា៖ លីគ​ឆ្នាំ​នេះ​យើង​មិន​ប្រជែង​ ដណ្ដើមយក Top 4 ទេ

  • 2020-04-20 05:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូបង្គោល​ក្លឹប​បាល់​ទាត់ ​អគ្គស្នងការ​នគរបាល​ជាតិ ប្រាក់ សុវណ្ណារ៉ា បាន​បញ្ជាក់​ពី​ទិស​ដៅ​ឆ្នាំ​នេះ​ក្លឹប​របស់​លោក មិន​ប្រជែង​ដណ្ដើម​យក​ Top 4 ឡើយ ដោយ​ផ្អែក​លើ​ហេតុ​ផល​មួយ​ចំនួន និង​គោរព​​តាម​ចក្ខុវិស័យ​របស់​ក្លឹប​។

លោកគ្រូ ប្រាក់ សុវណ្ណារ៉ា (ឆ្វេង) ក្នុងសន្និសីទ្ធសារព័ត៌មានមុនប៉ះបឹងកេតកាលពីពេលកន្លងទៅ

ការ​កំណត់​គោលដៅ​​ត្រឹម​លេខ​​៧​ ក្នុង​លីគ​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ព្រោះ​​គ្រូ​បង្វឹក​កម្រិត​ Pro License មើល​ឃើញ​ថា​ បណ្ដាក្លឹប​ធំ​ៗរៀបចំ​បាន​ល្អ​ប្រសើរ​ ខណៈកីឡាករ​ខ្មែរ​-បរទេស​​របស់ក្លឹប​នគរបាល​ជាតិ​​​ ទៀតសោតនៅ​មាន​កម្រិត​ ដូច្នេះ​ក្លឹបពិបាក​​ប្រជែង​​យក​​ Top 4។

អតីត​គ្រូ​បឹងកេត​បញ្ជាក់៖ «យើង​សម្លឹង​មើល​​ឃើញ​​ក្លឹប​ធំៗ ដែល​​ការ​រៀបចំ​របស់​គេ​វា​ល្អ​ប្រសើរ។ យើង​ដឹង​ហើយ​ក្លឹបធំៗ​ទាំង​ប៉ុន្មាន​ក្លឹប​ហ្នឹង​ មិន​អ៊ីចឹង​អ្ហី! ដូច្នេះ​មាន​ក្លឹបផ្សេង​ទៀត ដែលយើង​ត្រៀម​ប្រជែង​ជាមួយ​ដូចជា សូលទីឡូអង្គរ អង្គរថាយហ្គ័រ និង​គិរីវង់សុខសែនជ័យ ជាដើម។ ទី២ ​យើង​ដឹង​ហើយ​ថា កីឡាករ​ល្អៗ​ទាំង​ខ្មែរ​បរទេស​ សម្រុក​ទៅ​រក​ក្លឹប​ល្បី ខាង​នគរ​បាល​ជាតិ​មិន​ទាន់​ដល់​កម្រិត​ហ្នឹង​ទេ»។

ចំណែក​គោលការណ៍​ បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ក្លឹប​បាន​ដាក់​ផែនការ​បី​ឆ្នាំ ដើម្បី​ពង្រឹង​សមត្ថភាព ប្រជែង​ដណ្ដើម​យក Top 4 វិញ ជាក់​ស្ដែង​ក្លឹប​​នគរបាល​ជាតិ​បាន​រុះរើ​កីឡាករ និង​រចនា​សម្ព័ន្ធ​ការងារ​ទ្រង់ទ្រាយ​ធំ​កាល​ពី​ឆ្នាំ​ទៅ​មិញ​។

«យើង​មាន​ផែនការ​ច្បាស់លាស់ សម្រាប់​ធ្វើ​ការងារ​ហ្នឹង យើង​ដាក់​ផែនការ​​បី​ឆ្នាំ ដើម្បី​ឱ្យ​ក្លឹប​ឈាន​ទៅ​ដល់​​ Top 4។ កាល​ពី​ឆ្នាំ​ទៅ​មិន​បាន​ន័យ​ថា​ យើង​បរាជ័យ​​ទេ គ្រាន់​ជា​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​កែប្រែ​រចនា​សម្ព័ន្ធ​ការងារ។ អ្វី​ក៏ដោយ​យើង​ត្រូវ​​ការ​ពេល​វេលា យើង​មិន​ចេះ​ធ្វើ​ទៅ​​តាម​អារម្មណ៍​របស់យើង​ តាម​ចិត្ត​យើង​​ចង់​បាន​ទេ»។

តាម​សម្ដី​របស់​លោក ប្រាក់ សុវណ្ណារ៉ា កីឡាករ ក្លឹប រួម​ទាំង​លោក​ផ្ទាល់ ​​បាន​តែ​នឹង​កំពុង​​ខិតខំ​ប្រឹងប្រែង​ធ្វើ​តាម​គោលការណ៍ ហើយ​លោក​ជឿជាក់​​ឆ្នាំ​ក្រោយ​​នេះ ក្លឹប​នគរបាល​ជាតិ នឹង​កាន់​តែ​ធ្វើ​បាន​ល្អ​។

អតីត​គ្រូ​ជម្រើស​ដដែល​ពន្យល់​ថា៖ «យើង​ឃើញ​ហើយ​​តើ ការ​ប្រកួត​ជាមួយ​ក្លឹប​ធំៗ​ជួប​ជាមួយ​ វិសាខា ណាហ្គា និង​បឹង​កេត​ យើង​បាន​បង្ហាញ​ពី​​កម្រិត​​ដែល​​យើង​លេង​ហើយ។ គ្រាន់​តែ​ថា​​វា​ទាក់ទង​គុណភាព​កីឡាករ​ដែល​យើង​មាន​បណ្ដោះ​អាសន្ន​នេះ ដែល​នឹង​មាន​ប្រែ​ប្រួល​នៅ​ឆ្នាំ​ក្រោយ។ អា​ហ្នឹង​ជា​ភស្តុតាង​មួយ​ដឹង​​ថា ឆ្នាំ​ហ្នឹង​​កម្រិត​យើង​នៅ​ប៉ុណ្ណា ហើយ​​ឆ្នាំ​ក្រោយ​យើង​ត្រូវ​ធ្វើ​អី​ធ្វើ​អី​បន្ត​ទៀត​។ ហ្នឹង​ហើយ! គ្រាន់​តែ​វា​សំណាង​មិន​ល្អ​បន្តិច ព្រោះ​​បី​ប្រកួត​ដំបូង​ យើង​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់