• 2020-04-13 05:38:14
  • ព័ត៌មាន

ប៊ូខាវវៀតណាម Nguyen Tran Duy Nhat ចង់ប៉ះ Rodtang

  • 2020-04-13 05:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រដាល់​លំដាប់កំពូល​របស់​វៀតណាម Nguyen Tran Duy Nhat បាន​បង្ហើប​ឲ្យដឹងថា​ខ្លួន​ចង់​ប៉ះអ្នកប្រដាល់ថៃ Rodtang Jitmuangnon ដើម្បី​ដណ្ដើម​យក​ខ្សែក្រវាត់ទម្ងន់ Flyweight (៦១,២គីឡូក្រាម) នៅ ONE Championship។

Nguyen Tran Duy Nhat ពេលប្រកួត​កន្លងមក (រូបភាព៖ ONE Championship)

នៅក្នុងបទសម្ភាសន៍​ផ្ដាច់មុខ​ជាមួយ ONEfc.com អ្នកប្រដាល់​វ័យ ៣១ឆ្នាំ ដែល​មាន​ជំនាញ​ទាត់ខ្ពស់​រូបនេះ បាន​និយាយថា៖

"ខ្ញុំបាន​វាយ​គូប្រកួត​ឲ្យ​សន្លប់ ២នាក់​រួច​មកហើយ នៅ ONE Championship។ ខ្ញុំដឹង​ថា ​ខ្ញុំ​កាន់តែកៀក​ការ​វ៉ៃ​យកខ្សែក្រវាត់ហើយ ដូច្នេះបើសួរខ្ញុំថា​ចង់ប៉ះ​កីឡាករ​ណា ខ្ញុំ​នឹង​ឆ្លើយថា Rodtang Jitmuangnon ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion។ ខ្ញុំហ៊ានទាយថា អ្នកប្រដាល់គ្រប់រូបក្នុង​​ប្រភេទទម្ងន់នេះ សុទ្ធតែចង់ប៉ះ Rodtang ដូចគ្នា"។

Nhat បានបន្ថែមថា៖ "ខ្ញុំអាចស្រមៃ​បានថា បើប៉ះគ្នាមែន ខ្ញុំ​ និង Rodtang នឹង​វ៉ៃគ្នា​យ៉ាងជក់ចិត្ត ដោយសារ Rodtang ជាអ្នកប្រដាល់​ដែល​មាន​ដងខ្លួន​រឹងដូចដែក មាន​ដៃ​ឆ្វេង​មហាទម្ងន់ និង​មាន​មុខ​តាន់ វាយ​មិនងាយ​សន្លប់។ គាត់នៅក្មេង ហើយមានកម្លាំងខ្លាំង និង​មាន​បទពិសោធន៍​វ៉ៃ​ខ្សែក្រវាត់ពិភពលោក...។ ប៉ះ​អ្នកប្រដាល់​ខ្លាំង​បែបនេះ ខ្ញុំ​នឹង​ប្រើ​ល្បឿន​ និងភាព​វ័យឆ្លាត​របស់​ខ្ញុំ ដើម្បី​យកឈ្នះគាត់"។

Rodtang Jitmuangnon ក្រោយឈ្នះខ្សែក្រវាត់ពិភពលោក (រូបភាព៖ ONE Championship)

គួរបញ្ជាក់ថា Nguyen Tran Duy Nhat ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប៉ះ​អ្នកប្រដាល់​គុនខ្មែរ សុខ ធី នៅ​ក្នុង​កម្មវិធី​ប្រកួត​របស់ ONE នៅ​វៀតណាម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែ​កម្មវិធីប្រកួត​នោះ ត្រូវ​បាន​លើក​ពេល ដោយសារ​បញ្ហា​ជំងឺ​កូវីដ១៩។ ការប្រកួតនេះ រំពឹង​ថា​នឹង​លើក​ទៅធ្វើ​នៅខែមិថុនា ខាងមុខ៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់