• 2020-03-27 03:23:56
  • បាល់ទាត់

ស្ងាត់ៗ De Gea បរិច្ចាគ​​ជាង ២ សែន​ផោន​ឱ្យ​អេស្ប៉ាញ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូរ៉ូណា

  • 2020-03-27 03:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ដៃ​ស្អិត​របស់ Manchester United, David De Gea បាន​ចាប់​ផ្ដើម​ក្លាយ​ជា​សប្បុរស​ជនធំ​មួយ​រូប​ក្នុង​ពិភព​បាល់​ទាត់ ដូចជា Messi, Ronaldo និង Pep ដែរ ក្រោយ​រូប​គេ​បរិច្ចាគ​ប្រាក់​ចំនួន ២៧០,០០០ ផោន​ដល់​អាជ្ញាធរ​ទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាត Covid-19។

អតីត​កីឡាករ Atletico Madrid វ័យ​២៩​ឆ្នាំ បាន​​បរិច្ចាគ​ស្ងាត់ៗ​មិន​ឱ្យ​នរណា​ដឹង​ឡើយ ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​ប្រធាន​សហគមន៍​ទីក្រុង Madrid លោកស្រី Isabel Díaz Ayuso ប្រកាស​ជា​សាធារណៈ។

ទឹកប្រាក់​ចំនួន ២៧០,០០០ ផោន​ (ជាង៣០ម៉ឺនដុល្លារ) របស់អ្នកចាំទីអេស្ប៉ាញ De Gea នឹង​ត្រូវ​យកទៅចាយវាយ​លើ​សម្ភារៈ​វេជ្ជសាស្ត្រ និង​ជួយ​​ក្រុម​គ្រួសារងាយ​រងគ្រោះ​។ ​

អេស្ប៉ាញ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​អឺរ៉ុប ដែល​រងគ្រោះ​​អាក្រក់​បំផុត​ដោយ​ជំងឺ Covid-19។ អ្នក​ស្លាប់​នៅ​អេស្ប៉ាញ​មាន​ចំនួន​ជិត ៣,៥០០នាក់ ​ច្រើនបន្ទាប់​ពី​អ៊ីតាលី ហើយ​ឥឡូវ​នេះ អាមេរិកចាប់​ផ្ដើម​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​វិញ​ម្ដង។

គួរបញ្ជាក់ថាថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus និង​ព័រទុយហ្គាល់​ Ronaldo និង​ភ្នាក់ងារ​របស់​គេ​លោក Jorge Mendes បាន​បរិច្ចាគ​ប្រាក់​ ១ ​លាន​អឺរ៉ូ​​ដល់​អង្គភាព​ថែទាំ​ចំនួន​៣​កន្លែង សម្រាប់​អ្នក​ជំងឺ​ដែល​ទទួល​រង​ពី​ជំងឺ​ឆ្លង​វីរុស​​នៅ​​មន្ទីរពេទ្យ​​ ក្នុង​ទីក្រុង Lisbon និង Porto។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Barcelona បាន​បរិច្ចាគ​​​សរុប​ ១​ លាន​អឺរ៉ូ ​(ជាង​១​លាន​ដុល្លារ) ទៅ​កាន់​មន្ទីរពេទ្យ​២​កន្លែង។ ក្នុង​នោះ​មួយ​នៅ​ទីក្រុង​ Barcelona​ និង​មួយ​ទៀត​នៅ​ឯ​ប្រទេស​កំណើត​អាហ្សង់ទីន។​ ​

អ្នក​ចាត់​ការ​របស់​ក្លឹប Mancester City លោក Pep Guardiola បាន​បរិច្ចាគ​ប្រាក់​ចំនួន​១​លាន​អឺរ៉ូ (ជាង​១​លាន​ដុល្លារ) ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​អេស្ប៉ាញ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់