• 2020-03-26 03:29:17
  • បាល់ទាត់

ហុង ផេង៖ របួស​​ខ្នងជើង​ខ្ញុំជា​បាន ៧០% ហើយ ​​

  • 2020-03-26 03:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារឆ្នើមរបស់ក្លឹបបឹងកេត ហុង ផេង បាន​ឱ្យ Sabay ដឹង​ថា របួស​របស់​ខ្លួន​​ជា​​បាន ៧០​%​ ហើយ ក្រោយ​សម្រាក​ព្យាបាល​អស់​រយៈ​ពេល​ ៣​សប្ដាហ៍កន្លង​មក។

ខ្សែ​ការពារ​ដ៏​រឹងមាំ​របស់​ក្លឹប​ជើងឯកលីគកំពូលកម្ពុជា២សម័យកាល បច្ចុប្បន្ន​បាន​ត្រឹម​តែ​រត់​ក្រៅ​ទីលាន និង​បាន​ប៉ះ​បាល់​​តិចៗ​ប៉ុណ្ណោះ ដ្បិត​ខ្នង​ជើង​នៅ​ឈឺ​មិន​ហ៊ាន​ទាត់​ខ្លាំង។

ហុង ផេង​បញ្ជាក់ ៖«ហ្នឹង​ហើយ​បាន​តែ​រត់​ក្រៅ ហើយ​ប៉ះ​បាល់​បាន​បះ​តិចៗ បើ​ទាត់​ខ្លាំង​អត់​កើត ព្រោះ​​ខ្នង​ជើង​​យើង​ប៉ះ​បាល់​នៅ​ឈឺ ប្រើ​បាន​តែ​អប់​ជើង​»។

របួស​​ខ្នង​ជើង​​របស់ ហុង ផេង អាច​នឹង​ជា​សះស្បើយ​ទាន់​​ការ​ប្រកួត​ខាងមុខ ប៉ុន្តែ​មិន​ប្រាកដ​ថាបានលេង​ឡើយ ព្រោះរូប​គេត្រូវ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក និង​ខ្សែការពារ​រូប​នេះ បាន​ប្ដេជ្ញា​ខិតខំ​ហ្វឹកហាត់​​បន្ថែម។

ខ្សែ​ការពារ​កណ្ដាលជើងចាស់ ហុង ផេង បាន​រង​របួស​​ពេល​ប៉ះ​ជាមួយ​កីឡាករ ជា ចាន់តារា អំឡុង​ពេល​បឹងកេត​ប្រកួត​សម​ជើង​ជាមួយ​យុវជន​ភ្នំពេញ​ក្រោន កាល​ពី​ពេល​កន្លង​ទៅ។ បឹង​កេត​បាន​ឆ្លង​កាត់​ការ​ប្រកួត​បួន​សប្ដាហ៍​ហើយ ប៉ុន្តែ ហុង ផេង​ មិន​ទាន់​បាន​លេង​ឡើយសូម្បី​មួយ​ប្រកួត​ ដោយ​កាលពី​បើក​រដូវ​កាល​ឆ្នាំ​២០២០ រូប​គេ​​មាន​ជំងឺ​ផ្ដាសាយ​ធំ ហើយ​បន្ត​អវត្ត​មាន​លើទីលាន​រហូត​ដល់បច្ចុប្បន្ន។

គួរ​បញ្ជាក់​ថា ហុង ផេង បាន​មក​លេង​ឱ្យ​ក្លឹប​បឹងកេត​នៅ​ឆ្នាំ​ ២០១៥ និង​បាន​ជួយ​ឱ្យ​ក្លឹប​លើក​ពានលីគកំពូល​កម្ពុជា ២​ដង អុំឡុងឆ្នាំ២០១២ និង ២០១៦ ហើយលើក​​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន មួយ​លើកក្នុង​ឆ្នាំ​ ២០១៩៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់