- 2020-03-16 02:04:14
- បាល់ទាត់
ភ្នំពេញក្រោននៅតែខ្លាំង ៥ ប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់ ឈរកំពូលតារាង
- 2020-03-16 02:04:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោននៅតែខ្លាំង ៥ ប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់ ឈរកំពូលតារាង
ចន្លោះមិនឃើញ
ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៦សម័យកាល ភ្នំពេញក្រោន មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ក្រោយឆ្លងកាត់៥ប្រកួតកន្លងមក។
ភ្នំពេញក្រោនពិតជាធ្វើបានល្អ ដោយ៥ប្រកួតចុងក្រោយនេះ ឈ្នះ៤ និងស្មើ១ មិនទាន់ស្គាល់ពាក្យចាញ់ ខណៈការប្រកួតល្ងាចម្សិលមិញ នៅកីឡដ្ឋាន Smart RSN ពួកគេបានយកឈ្នះក្រុមភ្ញៀវអង្គរថាយហ្គ័រ ក្នុងលទ្ធផល ១-០ មាន១៣ពិន្ទុក្នុងដៃ ឈរកំពូលតារាងបណ្ដោះអាសន្ន តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង មាន១៣ពិន្ទុ វិសាខាមាន៩ពិន្ទុ និងអង្គរថាយហ្គ័រមាន៨ពិន្ទុ។
ជំនួបរវាងជើងឯក Hun Sen Cup ពីរសម័យកាល ភ្នំពេញក្រោន និងអង្គរថាយហ្គ័រ ក្នុងសប្ដាហ៍ទី៥ ពិតជាធ្វើឱ្យទស្សនិកជនជក់ចិត្ត ដ្បិតតង់ទី១ ក្រុមទាំងពីរបានដាក់សម្ពោធឱ្យគ្នាទៅវិញទៅមក និងមានឱកាសទាត់ និងមានបាល់បុករបារច្រើនដូចគ្នា ប៉ុន្តែគ្មានសំណាង។ ចូលតង់ទី២ ក្រុមម្ចាស់ផ្ទះព្យាយាមសម្រុក រហូតដល់នាទី៥៦ កីឡាករ Paulo Victor ឆ្កឹះបាល់ផុតដៃ យី ប៊ុនហេង អ្នកចាំទីអង្គរថាយហ្គ័រ ក្រោយទទួលបាល់បញ្ជូនរបស់ប្រធានក្រុម អន ចាន់ប៉ូលីន ជួយឱ្យភ្នំពេញក្រោននាំមុខអង្គរថាហ្គ័រ ១-០។
ប៉ុន្តែគួរឱ្យស្ដាយសម្រាប់ក្រុមភ្ញៀវ ព្រោះ Yudai Ogawa ត្រូវបានកាតក្រហម បណ្ដេញចេញពីទីលាន ក្រោយខ្សែបម្រើរូបនេះ បុកក្បាលបុកទ្រូងកីឡាករ Andres Nieto នៅម៉ោងបន្ថែម៣នាទី មិនអាចជួយក្រុមតាមស្មើបានឡើយ។ ចប់ការប្រកួត ភ្នំពេញក្រោនយកឈ្នះអង្គរថាយហ្គ័រ ១-០។
សូមបញ្ជាក់ផងដែរថា ការប្រកួតពានលីគកំពូលកម្ពុជា និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងត្រូវសម្រាកសិន ពោលគឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០។
នេះក៏ដោយសារកាលវិភាគជម្រុះ FIFA World Cup 2022 ដំណាក់កាលទីពីរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃទី២៦ ខែមីនា និងទទួលអ៊ីរ៉ង់ នៅថ្ងៃទី៣១ ខែមីនា។ ផ្ទុយទៅវិញ FIFA និងសហព័ន្ធបាល់ទាត់អាស៊ី AFC បានព្រមព្រៀងលើកការប្រកួតទាំងអស់ទៅពេលក្រោយវិញ៕