- 2020-02-29 06:52:15
- បាល់ទាត់
Rio Ferdinand មិនបានមកខ្មែរទេ ដោយសារមូលហេតុធំមួយនេះ
- 2020-02-29 06:52:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rio Ferdinand មិនបានមកខ្មែរទេ ដោយសារមូលហេតុធំមួយនេះ
ចន្លោះមិនឃើញ
អតីតកំពូលកីឡាករបាល់ទាត់ពិភពលោក Rio Ferdinand នឹងមិនបានចូលរួមអបអរវគ្គផ្ដាច់ព្រ័ត្រ ជើងឯកទូទាំងប្រទេស នៃពានរង្វាន់ព្រឹត្តិការណ៍ Tiger Street Football 2020 ជាមួយកីឡាករកម្ពុជាទេ ព្រោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលពិភពលោកកំពុងព្រួយបារម្ភខ្លាំង។
អតីតកីឡាករ Man Utd ប្រាប់ថា ៖«ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំមិនអាចចូលរួមផ្ទាល់ជាមួយអ្នកទាំងអស់គ្នានាចុងសប្តាហ៍នេះ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Tiger Street Football។ ដោយសារមានការរីករាលដាល នៃមេរោគកូរ៉ូណាថ្មីទូទាំងពិភពលោក ខ្ញុំបានសម្រេចចិត្តជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសក្រៅ។ ខ្ញុំទន្ទឹងរង់ចាំមកទស្សនាប្រទេសកម្ពុជាជាលើកដំបូង សម្រាប់រូបខ្ញុំក្នុងថ្ងៃណាមួយ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសុំការអធ្យាស្រ័យ និងការយោគយល់ពីបងប្អួនទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ»។
លោកសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនមិត្តអ្នកគាំទ្រទាំងអស់នៅកម្ពុជា ដែលបន្តគាំទ្ររូបខ្ញុំនិងការយោគយល់របស់អ្នក ខ្ញុំសូមកោតសរសើរ និងសូមជូនពរកីឡាករទាំងអស់ មានសំណាងល្អក្នុងការប្រកួតខាងមុខនេះ»។
លោក Rio Ferdinand នឹងមានវត្តមានគាំទ្រការប្រកួតនេះ ពីចម្ងាយតាមអនឡាញដើម្បីបង្ហាញសេចក្តីសាទរ គាំទ្រកីឡាករបាល់ទាត់ និងបង្ហាញពីការប្តេជ្ញាចិត្តមោះមុតរបស់លោក ចំពោះព្រឹត្តិការណ៍ Tiger Street Football។
សម្ដីលោក Rio ៖«ខ្ញុំទន្ទឹងរង់ចាំទស្សនាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ នៅលើទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ ហើយសង្ឃឹមថានឹងមានឱកាសម្តងទៀត មកទស្សនាប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដោយមានការគាំទ្រពីស្រាបៀរថៃហ្គ័រ»។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football បានធ្វើឡើងរយៈពេល ៨ ឆ្នាំជាប់គ្នា។ ព្រឹត្តិការណ៍នេះ បានលេចមុខជាថ្មីម្តងទៀត និងបង្ហាញសកម្មភាពប្រកួតដ៏ស្វិតស្វាញ លើទីលានក្នុងខេត្តក្រុងចំនួន ៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមាន៦៧៧ ក្រុម និងកីឡាករជាង ៤៧៣៩នាក់ ចូលរួមប្រកួតគាំទ្រយ៉ាងច្រើនក្នុងឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងបញ្ចប់ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដូច្នេះសូមរង់ចាំថាតើ ក្រុមណាជាជើងខ្លាំងដណ្ដើមប្រាក់រង្វាន់សរុប ៥០ ០០០ ដុល្លារពី Tiger Street Football 2020៕