• 2020-02-22 05:25:35
  • បាល់ទាត់

គ្រូ​វិសាខា​ថា បឹងកេត​ធ្វើ​បាន​ល្អ កាល​ប៉ះ​ជាមួយ Angkor Tiger

  • 2020-02-22 05:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​វិសាខា​លោក Curtis Colum Gerard បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា ​បឹងកេតធ្វើ​បាន​ល្អកាល​លេង​ស្មើ​ ១-១ ជាមួយ Angkor Tiger នៃពានរង្វាន់លីគកំពូលកម្ពុជា នៅកីឡដ្ឋាន អេស អ យូ ខេត្តសៀមរាបកាល​ពី​សប្ដាហ៍​ទី​១។

គ្រូបង្គោលក្លឹបវិសាខា ក្នុងសន្និសីទសារព័ត៌មាននៅកីឡដ្ឋានខេមបូឌាអ៊ែរវេមុនប៉ះបឹងកេត កាលពីម្សិលមិញ

លោក Colum Gerard ថា ៖«ខ្ញុំ​ក៏​បាន​ទៅ​​មើល​ដែរ បឹង​កេត​រៀបចំ​បាន​ល្អ ហើយ​ខ្ញុំ​ជឿជាក់​ថា រដូវ​កាល​ថ្មី​នេះ ក្លឹប​នីមួយៗ​​នឹង​រៀប​ចំ​បាន​ល្អ ដើម្បី​ប្រជែង​គ្នា»។

ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​នេះ ក្លឹប​វិសាខា នឹង​ជិះ​ឡានក្រុង​ទៅ​​ស្វាគមន៍​ម្ចាស់​ផ្ទះបឹងកេត នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែវេ ដែល​ជា​ក្លឹប​ខ្លាំង​មួយ​ក្នុង​លីគកំពូល​កម្ពុជា។ ការប្រកួត​នេះ ត្រូវ​បាន​អ្នកគាំទ្រចាត់ទុកថា ជាជំនួប​ល្អ​មើលនិង​តានតឹង ដ្បិត​ក្លឹប​ទាំងពីរសំបូរ​កីឡាករ​ខ្មែរ-បរទេសល្អៗ តួយ៉ាង កែវ សុខផេង, AJAYI OPEYEMI KOREDE និង​កីឡាករផ្សេងទៀត ខណៈបឹងកេតមាន ចាន់ វឌ្ឍនាកា, សៀង ចាន់ធា និង ម៉ាត់ នូរុណជាដើម។

មិន​ថា​ក្រុម​ខ្លាំង​ ឬ​ខ្សោយ​ទេ​ ​លោក Colum Gerard បានឱ្យដឹងថា លោកនឹង​រៀបចំ​ក្រុម​ឱ្យ​បាន​ល្អ ​លេង​ឱ្យ​អស់​ពីសមត្ថភាព ដើម្បី​ឈ្នះ​ការ​ប្រកួត​យក​៣​ពិន្ទុ។ ​

គ្រូវិសាខានិងបឹងកេតចាប់ដៃគ្នាក្នុងសន្និសីទសារព័ត៌មាន

ងាកមកបឹងកេតវិញ បើទោះបីជាមានការ​សរសើរ​ពី​គ្រូបង្គោលវិសាខាក្ដី លោក APISITH IM-AMPHAI ដែលជាគ្រូបង្គោល បានអះអាងក្រុមរបស់លោក ធ្វើមិនទាន់​បាន​ល្អទេកាលលេងជាមួយ Angkor Tiger ហើយមានកំហុសច្រើនត្រូវកែតម្រូវ។ យ៉ាងណាការប្រកួតជាមួយវិសាខាថ្ងៃនេះ លោកនឹងធ្វើឱ្យបានល្អជាងការប្រកួតមុន។

លោក IM-AMPHAI បញ្ជាក់យ៉ាងដូច្នេះ ៖«ប្រកួតមុនយើងធ្វើអត់បានល្អ ចំណែកការប្រកួតនេះ យើងនឹងរៀបចំឱ្យបានល្អ ព្រោះនៅក្នុងផ្ទះយើង»។

ក្លឹប​ចំណូល​ថ្មី និងសំបូរធន់ធានកីឡាករល្អៗ​ វិសាខា បាន​យក​ឈ្នះ​នគរបាល​ជាតិ ២-១ នៅ​កីឡដ្ឋាន​ព្រីនស៍​កាល​ពី​សប្ដាហ៍​ទី​១ ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០។ ទាំង​ពីរ​គ្រាប់​របស់​វិសាខា​ រក​បាន​ដោយ​កីឡាករលេខ២៤ ច្រឹង ពលរដ្ឋ នៅនាទី ៥០ និងកីឡាករលេខ៣៣ FILIP MIHALJEVIC នៅនាទី ៦១។

ចំណែកក្រុម បឹងកេត រកបានបាល់ពិន័យ១១ម៉ែត្រ នៅនាទី ៦៧ ដោយខ្សែប្រយុទ្ធរហស្សនាម Messi ម៉ាត់ នូរុណ ក្រោយខ្សែការពារ Angkor Tiger បង្កកំហុស​លើ ចាន់ វឌ្ឍនាកា ក្នុងប្រអប់គ្រោះថ្នាក់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់