• 2020-02-10 02:49:00
  • បាល់ទាត់

Dele Alli សុំទោស​ចំពោះ​ការ​ថត​វីដេអូ​ ចំអក​វីរុស​កូរ៉ូណា​របស់​ខ្លួន

  • 2020-02-10 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dele Alli កីឡាករ​ក្លឹប Tottenham បាន​ធ្វើ​​ឱ្យ​ខ្លួន​និង​ក្លឹប​ទាំង​មូល ​អាប់ឱន​កិត្តិយស បន្ទាប់​ពី​រូបគេ​ ថត​វីដេអូ​លេងសើច​​លើ​បណ្ដាញ​សង្គម អំពី​វីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ​ណូវែល ​​កូរ៉ូណា ដែល​​បាន​សម្លាប់​មនុស្ស​ជាង​ ៨០០​នាក់​ទូទាំង​ពិភពលោក។ យ៉ាងណាខ្សែ​បម្រើ​កណ្ដាល​​សញ្ជាតិ​អង់គ្លេស បាន​ចេញមុខសុំទោស​នូវ​កំហុស​ មិនសមរម្យរបស់​ខ្លួន។

នៅ​ប្រលានយន្តហោះមួយអំឡុង​ពេល​សម្រាក ​Premier League នា​រដូវ​រងា គេឃើញ​កីឡាករ​វ័យ​២៣​ឆ្នាំ ពាក់​ម៉ាស់។ មាន​កាមេរ៉ា​មួយ បាន​ភ្ជង់​ទៅ​កាន់​បុរស​អាស៊ី​ម្នាក់ ​នៅ​កន្លែង​ចេញ​ដំណើរ បន្ទាប់​មក​ក៏បែរ​កាមេរ៉ានោះ ​ទៅ​កាន់​ដប​លាង​ដៃ​ជាមួយ​ Caption ថា "ជំងឺ​កូរ៉ូណាត្រូវ​តែ​រហ័ស​ជាង​ ទើប​អាច​ចម្លង​ខ្ញុំ​បាន​"។ ​

យ៉ាងណាក្រោយវីដេអូ​ ត្រូវ​បាន​គេ​ចែក​រំលែកយ៉ាងច្រើន លើ​បណ្ដាញ​សង្គម​ Weibo របស់ចិន Dele Alli បានលុប​ចេញភ្លាមៗ​ និង​ថតវីដេអូ​ថ្មី​មួយ​ទៀត សុំ​ទោសជាសាធារណៈ។

រូបគេ​និយាយ​ថា៖" ខ្ញុំ​សុំ​ទោស​ចំពោះ​វីដេអូ​ ដែល​ខ្ញុំ​បង្ហោះ​លើ Snapchat កាល​ពី​ម្សិលមិញ។ វា​មិន​​មែន​ជា​រឿង​លេង​សើច​ទេ។ សូមផ្ញើ​ក្ដី​ស្រលាញ់​ គំនិត និង​ការ​អធិដ្ឋាន​របស់​ខ្ញុំ ​ចំពោះ​​អ្នក​រាល់​គ្នា​ក្នុង​ប្រទេស​ចិន"។

យោង​តាម​ CNN មនុស្ស​ជាង​៨០០​នាក់​បាន​ស្លាប់ ​ជុំ​វិញ​ពិភពលោក​ដោយ​ជំងឺ​កូរ៉ូណា និង​ជាង​ ៣៧ ០០០​នាក់​ បាន​ឆ្លង​វីរុស​នេះ។ វា​បាន​កើត​ឡើង​ដំបូង​ក្នុង​ប្រទេស​ចិន និង​បាន​រីករាលដាល​ដល់​ប្រទេស​ ២៨​ផ្សេង​ទៀត ហើយ​វា​ក៏​បាន​ប៉ះពាល់​ដល់វិស័យ​​កីឡា​បាល់​ទាត់​ផង​ដែរ។

ជាក់​ស្ដែង Odion Ighalo ​កីឡាករ​ថ្មី​របស់ Manchester United ដែល​​ប្រកាស​ជា​ផ្លូវ​ការ​ចូលរួម​ជាមួយ Red Devils ពី​ក្លឹប Shanghai Shenhua ប្រទេស​ចិនកាលពីខែមករា ក៏​មិន​អាច​ធ្វើដំណើ​ទៅ​ជំរុំហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ទេ ក្រោម​ហេតុផល​​ខ្លាច​រូបគេ​ប៉ះពាល់​ជាមួយ​​​​វីរុស​មួយ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី