• 2019-05-07 08:43:58
  • បាល់ទាត់

គ្រូ​វៀតណាម ទៅរក​កីឡាករ​កូនកាត់​ដល់​ទឹកដី​អឺរ៉ុប យក​មក​ចូល​ក្រុម​ជម្រើសជាតិ

  • 2019-05-07 08:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ លោក Park Hang-seo គ្រូបង្វឹក​ក្រុម​បាល់ទាត់​ជម្រើសជាតិ​វៀតណាម បាន​ធ្វើដំណើរ​ទៅ​អឺរ៉ុប ដើម្បី​មើល​ការ​ប្រកួត​របស់​កីឡាករ​ដើម​កំណើតវៀតណាម ដើម្បី​នាំ​យក​ពួកគេ​ចូល​ក្រុម​ជម្រើសជាតិ។ កីឡាករ​កូនកាត់​វៀតណាម​ទាំង ៣រូបនោះ រួមមាន Filip Nguyen, Alexander Dang និង Jason Quang Vinh Pendant។ នេះបើយោងតាម​សារព័ត៌មាន​វៀតណាម VN Express។

អ្នកចាំទីកូនកាត់​វៀតណាម-ឆេក Filip Nguyen កំពុង​លេង​ឲ្យ​ក្លឹប Slovan Liberec, ខ្សែ​ប្រយុទ្ធ​កូន​កាត់​វៀតណាម-ន័រវែស Alexander Dang លេង​ឲ្យ​ក្លឹប Nest-Sotra Fotball ចំណែកខ្សែការពារ​កូនកាត់​វៀតណាម-បារាំង Jason Quang Vinh Pendant លេងឲ្យ​ក្លឹប Sochaux FC។

ប្រភព​ដដែល​បញ្ជាក់ថា កីឡាករ​ ២រូប​ក្នុង​ចំណោម​នោះ គឺ Dang និង Pendant សុទ្ធ​តែ​ចង់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​វៀតណាម។ ប្រសិនបើ​លោក Park អាច​យក​ពួកគេ​ទាំង ៣នាក់​មក​បាន នោះ​ពួកគេ​នឹង​អាច​ជួយ​ក្រុម​ជម្រើសជាតិ​វៀតណាម ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ King's Cup នៅថៃ នា​ខែមិថុនា​ខាងមុខនេះបាន។

ពីឆ្វេងទៅស្ដាំ៖ Filip Nguyen, Alexander Dang, Jason Quang Vinh Pendant

បើ​តាមវិបសាយ​ Transfermakt បាន​ឲ្យដឹងថា កីឡាករ​ទាំង ៣រូបនេះ មានតម្លៃខ្លួន ស្ទើរ​តែស្មើ​តម្លៃ​ខ្លួន​កីឡាករ​ជម្រើសជាតិ​វៀតណាម​ ទាំង ២៣នាក់​នាពេល​បច្ចុប្បន្ន។ ក្នុង​នោះ Filip Nguyen មាន​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ ជាង ៨០ម៉ឺន​ដុល្លារ Jason Quang Vinh Pendant មានតម្លៃ​ខ្លួន ជិត ៧០ម៉ឺន​ដុល្លារ និង Alexander Dang មានតម្លៃ​ខ្លួនជាង ៣០ម៉ឺន​ដុល្លារ។

ប្រភព​ដដែល បញ្ជាក់ថា ក្នុង​ក្រុមជម្រើសជាតិ​វៀតណាម​បច្ចុប្បន្ន កីឡាករ​ថ្លៃជាងគេ​ គឺអ្នកចាំទី Dang Van Lam មានតម្លៃខ្លួនថ្លៃជាងគេ គឺ​ជាង ៣០ម៉ឺន​ដុល្លារ តាម​ពីក្រោយ​ដោយ​ខ្សែប្រយុទ្ធ Nguyen Cong Phuong ខ្សែបម្រើ Nguyen Quang Hai និង​ខ្សែការពារ​ស្លាប​ឆ្វេង Doan Van Hau ដែល​មាន​តម្លៃ​ខ្លួនជាង ១៦ម៉ឺន​ដុល្លារ​ដូចគ្នា៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់