• 2019-03-26 14:55:23
  • បាល់ទាត់

U-23កម្ពុជា​ប្រកួតចុងក្រោយបានត្រឹម​ស្មើឆាយនិសតៃប៉ិ ១-១

  • 2019-03-26 14:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កម្ពុជា​អាយុ​២៣​ឆ្នាំ​​បាន​បញ្ចប់​ភារកិច្ច​វគ្គ​ជម្រុះ​​ក្នុង​ពូល​ H នៃ​ពាន​រង្វាន់​ 2020 AFC U-23 Championship ដោយ​​​ទទួល​បាន​​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ បន្ទាប់​​ប្រកួត​ចុង​ក្រោយបាន​ត្រឹម​ស្មើ​​ក្រុម​ឆាយនិសតៃប៉ិ​ដោយ​លទ្ធផល​ ១-១។

ក្រុម​កម្ពុជា

ការ​ប្រកួត​នៅ​វគ្គ​ទី​១​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុម​កម្ពុជា​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​ឆាយ​និសតៃប៉ិ​​​ដោយ​ការ​គ្រប់​គ្រង​បាល់​ លេង​បាល់​ខ្លី​ និង​​បម្រើ​ការ​ពារ​បាន​ដោយ​បាន​នាំ​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​របស់​គូ​ប្រកួត​ជា​ញឹក​ញាប់​ ប៉ុន្តែ​ការ​សម្រេច​ទី​មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ។ រង​ចាំ​រហូត​ដល់​នាទី​ទី​៤០​ទើប​ខ្សែ​បម្រើ​ប្រយុទ្ធ ស៊ីន​ កក្កដា ស៊ុត​បំប៉ោង​សំណាញ់​ទី​របស់​ឆាយ​និស​តៃប៉ិ​បាន​សម្រេច​ដើម្បី​នាំ​មុខ​ ១-០។

ចំពោះ​​ឆាយ​និសតៃប៉ិ​​បាន​​ព្យាយាម​ការពារ​​យ៉ាង​ល្អ​ និង​វាយ​បក​ម្តង​ម្កាល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ផង​ដែរ​ ប៉ុន្តែ​មិន​សូវ​មាន​ឱកាស​ច្រើន​ឡើយ។ នៅ​វគ្គ​ទី​២ ម្ចាស់​ផ្ទះ​កម្ពុជា​ហាក់​ធ្លាក់​ចុះ​កម្រិត​លេង​ដោយ​​ឆាយនិស​តៃប៉ិ​បាន​សម្រុក​​រហូត​​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​ ១-១ បាន​សម្រេច។ ទី​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ កម្ពុជា​បាន​ត្រឹម​ស្មើ​ឆាយ​និសតៃប៉ិ​ប៉ុណ្ណោះ។

ក្រុម​ឆាយនិសតៃប៉ិ

ការ​ប្រកួត​វគ្គ​ជម្រុះ​ពូល​ H ដែល​កម្ពុជា​​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​បាន​បញ្ចប់​ហើយ​ដោយ​​ក្រុម​ខ្លាំង​ កូរ៉េ​ខាង​ត្បូង​​ឈរ​លេខ​១​​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ ខណៈ​លេខ​២​គឺ​អូស្ត្រាលី​ដែល​មាន​​៧​ពិន្ទុ​ដូច​កូរ៉េ​ខាង​ត្បូង​ដែរ​ ហើយ​ក៏​សង្ឃឹម​ច្រើន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែរ​ ប៉ុន្តែ​ត្រូវ​ចាំ​មើល​លទ្ធផល​​ចំណាត់​ថ្នាក់​លេខ​២​ល្អ​បំផុត​នៅ​ពូល​ផ្សេង​ៗ​ទៀត។

ម្ចាស់​ផ្ទះ​កម្ពុជា​ស្ថិត​នៅ​លេខ​៣​ដោយ​​ទទួល​បាន​​១​ពិន្ទុ​ជា​កម្លាំង​ចិត្ត​​ បន្ទាប់​ពីស្មើ​១​ប្រកួត​ និង​ចាញ់​២​ប្រកួត​ ខណៈ​​ឆាយនិសតៃប៉ិ​ស្ថិត​នៅ​បាត​តារាង​ដោយ​​មាន​១​ពិន្ទុ​រាប់​ ហើយ​​អាច​រក​បាន​១​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី