• 2019-03-14 03:29:02
  • បាល់ទះ

​ឱកាសល្អ! អ្នកនឹង​ទទួល​បាន​ក្របខ័ណ្ឌ​ប៉ូលិស បើ​ជាប់​កីឡាករ​មហាផ្ទៃពេញ​សិទ្ធិ​

  • 2019-03-14 03:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្លឹប​បាល់ទះ​ក្រសួងមហាផ្ទៃ​កំពុង​ត្រូវ​ការ​ជ្រើស​រើស​យុវជន​បន្ថែម​ជា​ច្រើន​នាក់ ដែល​កំណត់​លក្ខខ័ណ្ឌ​កម្ពស់​ចាប់​ពី​ ១,៨៥ ម៉ែត្រ​ឡើង​​អាយុ​ក្រោម ១៨ ឆ្នាំ​។

ក្លឹប​បាល់ទះ​មហាផ្ទៃ (រូបថត៖ មហាផ្ទៃ )

លោក អ៊ូ សុផល គ្រូ​បង្វឹក​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្លឹប​បាន​ប្រកាស​ជ្រើស​រើស Lebero ម្នាក់ កម្ពស់ ១,៧៥ ម៉ែត្រ​ឡើង​ និង​ស្មាត់​ម្នាក់​មាន​កម្ពស់​ចាប់​ពី ១,៨៥ ម៉ែត្រ​ឡើង​។ ប៉ុន្តែ​ពេល​នេះ​រក​​បាន Lebero ​ហើយ។ ចំណែក​ស្មាត់​នៅ​មិនទាន់​​យក​ទេ បើ​ទោះ​មាន​អ្នក​ដាក់​ពាក្យ​មក​ច្រើន​នាក់​ក៏​ដោយ គឺ​ត្រូវ​មើល​ការ​ហ្វឹកហាត់​​ក្នុង​អំឡុង​ធ្វើតេស្ត​មួយ​រយៈ​​សិន។

​​អតីត​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ​​ក្លឹប​បាន​សម្រេច​​​បើក​ចំហ​ (មិនកំណត់​ចំនួន) តែ​ម្ដង​ប្រសិន​បើ​​ចង់​ចូល​ហាត់​នៅ​ក្លឹប មហាផ្ទៃ ហើយ​ត្រូវ​តាម​លក្ខខ័ណ្ឌ​សមស្រប​​ខាង​លើ​។ ​ជា​មួយ​ការ​ចូល​ហាត់​នេះ ប្រសិន​បើ​បាន​ជាប់​ពេញ​សិទ្ធិ​ជា​កីឡាករ​របស់​ក្លឹប​មហាផ្ទៃ នឹង​ផ្ដល់​ជូន​ក្របខ័ណ្ឌ​ប៉ូលិស ក្នុង​កំឡុង​ពេល​ណាមួយ​​ ដែល​អាស្រ័យ​លើ​ការ​ខិត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាករ​ផ្ទាល់​។

​ក្លឹប​បាល់ទះ​មហាផ្ទៃ​មាន​កីឡាករ​មួយ​ចំនួន​​មាន​វ័យ​​កាន់​តែ​ច្រើន​ ដែល​ធ្វើ​ឲ្យ​ក្លឹប​​ត្រូវ​ការ​​ជ្រើស​រើស​យុវជន​ក្រោម ១៨ ឆ្នាំ​ ដើម្បី​ធ្វើ​ជា​ថ្នាល​របស់​​ក្លឹប​ត្រៀម​សម្រាប់​ការ​ប្រកួត​នានា​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក៕​ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី