
- 2019-02-25 02:01:51
- បាល់ទាត់
ទម្រង់លេងកម្ពុជាយប់មិញទទួលបានកោតសរសើរច្រើន
- 2019-02-25 02:01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រង់លេងកម្ពុជាយប់មិញទទួលបានកោតសរសើរច្រើន
ចន្លោះមិនឃើញ
ក្រុមយុវជនកម្ពុជាអាយុ២២ឆ្នាំទទួលបានការសរសើរច្រើនពីអ្នកគាំទ្ររបស់ខ្លួន និងពីបណ្តាប្រទេសផ្សេងៗនៅតំបន់អាស៊ាន នៅពេលចាញ់ក្រុមខ្លាំងថៃដោយការទាត់បាល់កាត់សេចក្តី ៥-៣ យប់មិញក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯក AFF U22 Championship 2019។
កម្ពុជាលេងល្អទាំងពីរវគ្គ និង១៥នាទីពីរដង ដោយរក្សាលំនឹងដដែបានល្អតំាងពីដើមរហូតដល់ចប់។ វគ្គទី១ឃើញថា ក្រុមកម្ពុជាមានឱកាសល្អជាច្រើនតាមការលេងបាល់ខ្លី និងវាយបកវិញលឿនៗ ប៉ុន្តែខ្សែប្រយុទ្ធសម្រេចទីមិនបានល្អ។ នៅវគ្គទី២ ក៏កម្ពុជានៅតែរក្សាទម្រង់លេងល្អដដែលដោយមិនបណ្តោយឲ្យថៃវាយសម្រុកបានស្រួលនោះទេ ប៉ុន្តែក្រុមទាំងពីរមានឱកាសទៅវិញទៅមកដូចគ្នា។ ទីបំផុតចប់៩០នាទីដោយលទ្ធផលស្មើ ០-០ ដែលតម្រូវឲ្យថែមម៉ោង១៥នាទីពីរដង។
១៥នាទីលើកទី១ឃើញថា យុវជនកម្ពុជាបានសម្រុកខ្លាំងដោយគ្រប់គ្រងបាល់បានច្រើន និងសម្រុកចូលតំបន់គ្រោះថ្នាក់របស់ថៃរហូតស៊ុតបានច្រើនជើង ខណៈយុវជនថៃហាក់មិនសម្រុកឡើយដោយព្យាយាមទប់ច្រើនជាង។ ១៥នាទីចុងក្រោយ ថៃបន្តផ្លាស់ប្តូរកីឡាករហើយបានវាយសម្រុកខ្លាំងនៅវិញដោយស៊ុតបាល់ទៅបុករបាទីរបស់កម្ពុជាពីរបីលើក។ យ៉ាងណា សំណាងគ្មានសម្រាប់ក្រុមទាំងពីរដោយក្រោយចប់១២០នាទី ហើយត្រូវទាត់បាល់កាត់សេចក្តី។ ការស៊ុតបាល់កាត់សេចក្តីនេះកម្ពុជាស៊ុតបាន៣គ្រាប់ដោយសារ ស៊ីន កក្កដា ស៊ុតមិនបានសម្រេច ខណៈថៃស៊ុតចូលទាំង៥គ្រាប់ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបឥណ្ឌូណេស៊ី។
ទាំងពេលប្រកួត និងក្រោយពេលចប់ការប្រកួត នៅលើបណ្តាយសង្គម Facebook បានកោតសរសើរខ្លាំងចំពោះក្រុមយុវជនកម្ពុជាដែលលេងបានល្អ និងតស៊ូជាកម្ពុជាបានយ៉ាងល្អរហូតដល់១២០នាទី។ ភាគច្រើននិយាយថា យុវជនកម្ពុជារីកចម្រើនគួរឲ្យកត់សំគាល់។ អ្នកកោតសរសើរទាំងនោះមិនមែនតែជាអ្នកគាំទ្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីអ្នកគាំទ្រថៃ វៀតណាម ម៉ាឡេស៊ី និងប្រទេសផ្សេងៗក៏កោតសរសើរកម្ពុជា។
**មែនទែនទៅ នៅតំបន់ការពារ និងបម្រើរបស់កម្ពុជាពិតជាលេងបានល្អគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែនៅតំបន់ប្រយុទ្ធការសម្រេចទីមិនបានល្អដោយឱកាសមាសមានច្រើនលើក ប៉ុន្តែធ្វើមិនបានសម្រេច។
ថ្ងៃទី២៦ ខែកុម្ភៈ ២០១៩
កម្ពុជា vs វៀតណាម ដើម្បីយកចំណាត់ថ្នាក់លេខ៣
ឥណ្ឌូណេស៊ី vs ថៃ ដើម្បីយកចំណាត់ថ្នាក់លេខ១