- 2019-01-17 04:47:36
- បាល់ទាត់
Cambodia All Stars ឆ្នាំនេះ នឹងអវត្តមានកីឡាករសំខាន់២រូបរបស់កម្ពុជា
- 2019-01-17 04:47:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cambodia All Stars ឆ្នាំនេះ នឹងអវត្តមានកីឡាករសំខាន់២រូបរបស់កម្ពុជា
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ Cambodia All Stars ដែលដឹកនាំដោយលោក ភា សុភក្ត្រា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិកស្វាគមន៍ក្រុមភ្ញៀវ Muangthong United នៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ។
បើតាមការបញ្ជាក់របស់គ្រូបង្វឹកក្រុម បញ្ជីឈ្មោះកីឡាករទាំង២៥នាក់ ត្រូវបានបញ្ជូនទៅខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួចជាស្រេចទៅហើយ។ ក្នុងនោះដែរ ការជ្រើសរើសត្រូវបានលោក ភា សុភក្ត្រា មើលទៅលើទម្រង់របស់ពួកគេកាលពីរដូវកាលមុន។ មួយវិញទៀត កីឡាករបរទេសយកតែ៤នាក់ប៉ុណ្ណោះ ដោយលោកចង់ឱ្យកីឡាករកម្ពុជាមានឱកាសបានចូលលេងច្រើនក្នុងការប្រកួតទល់ក្រុមខ្លាំងមកពីថៃនេះ។
យ៉ាងណាមិញ លោកបានបញ្ជាក់ទៀតថា កីឡាករសំខាន់របស់កម្ពុជា២រូប អាចនឹងមិនបានចូលលេងឡើយ។ ចាន់ វឌ្ឍនាកា ទើបតែចុះកុងត្រាថ្មីជាមួយក្លឹបនៅម៉ាឡេស៊ី ដូច្នេះរូបគេត្រូវចូលហ្វឹកហាត់ជាមួយក្រុមថ្មី។ ខណៈដែល ធារី ចន្ធាបីន វិញ ក៏ដូចគ្នា សុទ្ធតែត្រូវត្រៀមខ្លួនដើម្បីចូលលេងនៅលីគកំពូលម៉ាឡេស៊ីរដូវកាលថ្មី។ មួយវិញទៀត ការប្រកួតមិត្តភាពខាងលើមិនចំថ្ងៃ FIFA Day ផង ទើបពិបាកក្នុងការនាំយករូបគេមកណាស់។
ដោយកីឡាករទាំង២៥នាក់ខាងលើនេះ ត្រូវបានលោក ភា សុភក្ត្រា ជ្រើសរើសទៅតាមទម្រង់លេងរបស់លោកដែលធ្លាប់ប្រើគឺ ៤-២-៣-១។ ការប្រមូលផ្ដុំ នឹងធ្វើឡើងនៅថ្ងៃទី៤ខែកុម្ភៈ ហើយថ្ងៃទី៦នឹងត្រូវប្រកួតមិត្តភាព១ប្រកួតសិន មើលជើងកីឡាករ មុនសម្រេចទៅប្រកួតមិត្តភាពផ្លូវការនៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៩៕