- 2018-12-21 02:21:47
- បាល់ទាត់
ខៀវ សាម៉េត ថា Honda យល់ច្បាស់ពី កីឡានិងនយោបាយ អត់ខ្វល់រឿង Adams លើកឡើង
- 2018-12-21 02:21:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខៀវ សាម៉េត ថា Honda យល់ច្បាស់ពី កីឡានិងនយោបាយ អត់ខ្វល់រឿង Adams លើកឡើង
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់អន្តរជាតិរបស់ជប៉ុន Keisuke Honda ត្រូវបានអង្គការឃ្លាមើលសិទ្ធិមនុស្ស (HRW) រិះគន់ចាស់ដៃជាប់ពាក់ព័ន្ធឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជុំវិញការរំលោភសិទ្ធិមនុស្សនៅពេលកីឡាករជប៉ុនរូបនេះស្ម័គ្រចិត្តធ្វើការជាអ្នកចាត់ការ និងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
HRW បានផ្ញើលិខិតមួយច្បាប់ទៅ Keisuke Honda កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូដោយលោក Brad Adams នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីរបស់ HRWបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។
ជុំវិញករណីនេះ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងក្នុងនាមគោលជំហរផ្ទាល់ខ្លួនថា អ្វីដែល Brad Adams បានចោទប្រកាន់លើឯកឧត្តមប្រធានសហព័ន្ធពាក់ព័ន្ធបែបនេះ បែបនោះ តើមានស្ថាប័ន ឬតុលាការណាមួយកាត់ទោសថា បុគ្គលឈ្មោះ ក ឬ ខជាប់ទោសអ្វីអត់? គឺគាត់លើកឡើង ចោទប្រកាន់តាមតែការប៉ានស្មានប៉ុណ្ណោះ។
«បែបនេះ ខ្ញុំគិតថា បើយើងជាអ្នកយល់ដឹងអំពីច្បាប់ មិនគួរខ្វល់ខ្វាយរឿងការលើកឡើងដោយគ្មានភស្តុតាងច្បាស់លាស់ទេ»។
ឯកឧត្តមបានបន្តថា Brad Adams បានចោទប្រកាន់លើឯកឧត្តមប្រធានសហព័ន្ធបែបនេះ បែបនោះ ប៉ុន្តែគាត់បានលើកឡើងរាលដាលដល់ Keisuke Honda ដែលជាអ្នកស្ម័គ្រចិត្តម្នាក់ដែលទទួលបានការគោរព ស្រលាញ់ពីមហាជន ជាមនុស្សដែលមានទេពកោសល្យ និងមានសមត្ថភាព។ គាត់មកជួយអភិវឌ្ឍបាល់ទាត់កម្ពុជាឲ្យរីកចម្រើន ស្ម័គ្រចិត្តជួយកម្ពុជាដោយមិនគិតពីផលប្រយោជន៍ ប៉ុន្តែ Adams លើកឡើងបែបនេះគឺជាការរារាំង បន្ទច់បង្អាក់ មិនចង់កីឡាជាតិរីកចម្រើនទៅមុខ។ វាជាឱកាសល្អដែលត្រូវរួមដៃគ្នា និងគាំទ្រដល់ការអភិវឌ្ឍបាល់ទាត់ជាតិ ព្រោះគេស្ម័គ្រចិត្តលះបង់ពេលវេលាមកជួយទាំងមិនគិតពីផលប្រយោជន៍អ្វីសោះ។
ឯកឧត្តមបានប្រាប់ថា ឯកឧត្តមបានទំនាក់ទំនងជាមួយលោក Honda ជុំវិញករណីនេះ។ លោក Honda បានប្រាប់ហើយថា រឿងកីឡា និងនយោបាយដាច់ដោយឡែកពីគ្នាពោលគឺមិនពាក់ព័ន្ធគ្នាទេ។
«លោក Honda បាននិយាយជាខ្ញុំថា លោកអត់ខ្វល់នរណានិយាយអ្វីទេ។ អ្វីដែលគាត់ចង់គឺចង់ជួយអភិវឌ្ឍកីឡាបាល់ទាត់ស្រុកខ្មែរឲ្យបានរីកចម្រើន»។ ឯកឧត្តមបានបញ្ជាក់។
អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះបានឲ្យដឹងថា សហព័ន្ធនឹងចេញសេចក្តីប្រកាសព័ត៌មានមួយជុំវិញករណីនេះនៅពេលឆាប់ៗខាងមុខ៕