• 2018-07-23 04:39:47
  • បាល់ទាត់

រក​ឃើញ​ជើង​ឯក​ពាន​រង្វាន់ KMH Champions League ​ប្រាក់​រង្វាន់​១២ ០០០​ដុល្លារ

  • 2018-07-23 04:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួ​សារ​ប៊ី​ចេង បាន​ក្លាយ​ជា​ម្ចាស់​ជើង​​ឯក​ថ្មី​​នៃ​​ពាន KMH Champions League ប្រចាំ​ឆ្នាំ​២០១៨ ក្រោយពី​បាន​ផ្ដួល​ក្រុម Down Town ក្នុង​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។

ក្រុម​គ្រួ​សារ​ប៊ី​ចេង

ពាន​រង្វាន់ KMH Champions League ​រដូវ​កាល​២០១៨​នេះ ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ នៅ​ទីលាន KMH Park ​ស្ថិត​នៅ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​គ្រួសារ​ប៊ីចេង ជាមួយ Down Town។ ជំនួប​នេះ ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន ​ដោយ​ពួកគេ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា ១-១ ប៉ុណ្ណោះ​នៅ​៩០​នាទី។ ឈាន​ដល់​នាទី​បន្ថែម ​ក្រុម​គ្រួ​សារ​ប៊ី​ចេង រក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី ទី​១០៥ តាម​រយៈ​កីឡាករ​វណ្ណា​រ៉ា ​ដើម្បី​ឱ្យ​ពួកគេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ KHM Champions League នេះ​តែ​ម្ដង។

សម្រាប់​ប្រាក់​រង្វាន់​វិញ ​គ្រួសារ​ប៊ីចេង ​លេខ​១ ​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់ ១២ ០០០​ដុល្លារ ​លេខ​២​បាន​ទៅ​លើ​ក្រុម Down Town ​ប្រាក់​រង្វាន់ ៦ ០០០ដុល្លារ ​លេខ​៣​បាន​ទៅ​លើ​ក្រុម​អា​ណា​ចក្រ​បៃ​តង ​ប្រាក់​រង្វាន់​៣ ០០០​ដុល្លារ និង​លេខ​៤​បាន​ទៅ​លើ​ក្រុម​ពិស្ណុកា ​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ។ ក្រៅ​ពី​នេះ​ទៀត​សោត ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ​ជា អូលី របស់​ក្រុម​​អា​ណា​ចក្រ​បៃ​តង​បាន​រង្វាន់​៤០០​ដុល្លារ។ អ្នក​ចាំ​ទី​ឆ្នើម​បាន​ទៅ​លើ​ កីឡាករ​អ៊ុក ម៉ិច ទទួល​បាន​ប្រាក់​រង្វាន់​​ចំនួន​៤០០​ដុល្លារ។ ក្រុម​លេង​ដោយ​​យុត្តិ​ធម៌ (Fair Play) បាន​ទៅ​លើ​អាណាចក្របៃតង ​ប្រាក់​រង្វាន់ ៧៥០​ដុល្លារ។

​លោក កាំ​ង សេន ស្ថាបនិក​ពាន KMH Champions League ដែល​ជា​ពានរង្វាន់​បាល់ទាត់​ពាក់​កណ្តាល​អាជីព​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​វាយ​តម្លៃថា នៅ​រដូវ​កាល​ទី​៣​នេះ មានការ​ប្រកួតប្រជែង​ស្វិតស្វាញ​ខ្លាំង បើ​ធៀប​នឹង​ពីរ​លើក​កន្លង​។ លោក​បន្ថែមថា សមត្ថភាព បច្ចេកទេស និង​ទម្រង់​លេង​របស់​កីឡាករ​នៃ​ក្រុម​នីមួយៗ ក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ​។​ទន្ទឹមនឹ​ង​មើលឃើញ​ពី​ការ​រីក​ចម្រើន លោក​ក៏​អះអាង​ថា នៅ​រដូវ​កាល​ក្រោយ​នឹង​រៀបចំ​ឲ្យ​កាន់តែ​ប្លែក និង​អស្ចារ្យ​ជាង​នេះ​ទៀត ពិសេស​អាច​មាន​ការ​បន្ថែម​ប្រាក់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ក្រុម​ម្ចាស់​ជ័យលាភី​ទៀង​ផង​៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី