- 2018-07-19 02:02:36
- បាល់ទាត់
ប្រធានក្រុម U15 កម្ពុជា តាំង ប៊ុនឆៃ ថា ឆ្នាំនេះក្រុមខ្លាំងជាងឆ្នាំមុន
- 2018-07-19 02:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុម U15 កម្ពុជា តាំង ប៊ុនឆៃ ថា ឆ្នាំនេះក្រុមខ្លាំងជាងឆ្នាំមុន
ចន្លោះមិនឃើញ
ប្រធានក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៥ ឆ្នាំ តាំង ប៊ុនឆៃ បង្ហាញពីជំនឿចិត្តក្រុមរបស់ខ្លួន នឹងខ្លាំងជាងឆ្នាំមុន សម្រាប់ការចូលរួមប្រកួតពាន AFF U-15 Championship 2018 ដែលគ្រោងធ្វើឡើងនៅទឹកដីប្រទេសឥណ្ឌូណេស៊ីចន្លោះពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។
យុវជនរូបនេះបានឲ្យដឹងថា ឆ្នាំនេះក្រុមមានការកើនឡើងទាំងបច្ចេកទេស និងកម្រិតនៃការលេង ពិសេសមានកីឡាករថ្មីៗមកជួយក្រុម។ និយាយពីការលេងជាក្រុមឆ្នាំនេះគឺហាក់មានភាពប្រសើរ និងខ្លាំងជាងឆ្នាំមុនឆ្ងាយ ដោយសារក្រុមទាំងមូលមានការប្រឹងប្រែងហ្វឹកហាត់ខ្លាំង និងបានហ្វឹកហាត់ជុំគ្នាយូរគួរសម។
ប៊ុនឆៃ បន្ថែមថា ការចូលរួមលើកនេះពូលរបស់កម្ពុជាសុទ្ធជាក្រុមខ្លាំង ប៉ុន្តែក្រុមបានកំណត់គោលដៅថា នឹងធ្វើយ៉ាងណាពុះពារឲ្យបានឆ្លងផុតវគ្គសន្សំពិន្ទុតាមពូល។ ប៉ុន្តែអ្វីៗគឺក្រុមអាស្រ័យលើស្ថានភាពជាក់ស្ដែង ដោយមិនហ៊ានសន្យាជាមុនអាចឡើងទៅវគ្គបន្តឬយ៉ាងណានោះទេ។
ក្រុម U-15 កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និងមីយ៉ាន់ម៉ា។ ក្រុម U-15 កម្ពុជាបានចេញដំណើរទៅប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីត្រៀមការប្រកួតមិត្តភាពចំនួន២ប្រកួតគឺថ្ងៃទី២០ ប៉ះជម្រើសជាតិ U-16 របស់ម៉ាឡេស៊ី និង ថ្ងៃទី២៣ ប៉ះក្រុម U19 របស់ក្លឹប UITM ។ បន្ទាប់មកបន្តបោះជុំរុំហ្វឹកហាត់នៅទីនោះរហូតដល់ថ្ងៃទី២៧ ទើបចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី។
រំលឹកថា កាលពីឆ្នាំមុនក្នុងពានរង្វាន់ខាងលើនេះដែរ ក្រុម U-15 កម្ពុជាធ្លាក់ត្រឹមវគ្គជម្រុះតាមពូល ដោយរកបាន ៦ ពិន្ទុក្នុងចំណោមការប្រកួត ៥ លើកស្ថិតនៅលេខ ៣ ហើយប្រទេសវៀតណាម និងម៉ាឡេស៊ីជាអ្នកឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ៕