• 2018-07-17 00:32:00
  • បាល់ទាត់

​ស៊ុត​៤​គ្រាប់​ឲ្យ​ U19 ឃៀង ម៉េង​ហួ ​កំណត់​ពេល ១ឬ២​ឆ្នាំ​​ជាប់​​ U21 និង U23 ​កម្ពុជា

  • 2018-07-17 00:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ប្រយុទ្ធ​របស់​របស់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​ ១៩ ឆ្នាំ ឃៀង ម៉េង​ហួ ប្ដេជ្ញា​ចង់​ជាប់​ជម្រើស​ជាតិ U21 និង U23 កម្ពុជា​ជា​ទិស​ដៅ​បន្ទាប់​ ក្រោយ​បង្ហាញ​ខ្លួន​ចំនួន ៤ ប្រកួត​រក​បាន ៤​ គ្រាប់​ក្នុង​ការ​ប្រកួត​ពាន AFF U-19 Championship 2018 ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ​នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី។

ឃៀង ម៉េង​ហួ

​ខ្សែ​ប្រយុទ្ធ​​យុវជន​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នឹង​ប្ដេជ្ញា​ប្រឹងប្រែង​ហ្វឹកហាត់ ហើយ​កំណត់​ពេល​​​១​ឬ​២​ឆ្នាំ​ទៀត​ ដើម្បី​បាន​ជាប់​ជម្រើស​ជាតិ​ក្រុម U21 និង U23 កម្ពុជា​បន្ថែម​ទៀត​ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម U19។ ​មូល​ហេតុ​ដែល​រូប​គេ​ត្រូវ​ការ​ពេល​វេលា​ដូច្នេះ​ ដោយ​សារ​បច្ចុប្បន្ន​ជាប់​ភារកិច្ច​​មមាញឹក​ជា​មួយ​ការ​សិក្សា​ផង​ និង​លេង​បាល់​ផង។

​​យុវជន​រូប​នេះ​បញ្ជាក់​ថា ​មុន​នឹង​អាច​ឈាន​ដល់​ការ​ឡើង​ទៅ​កាន់​ការ​ជាប់​ជម្រើស​ជាតិ U23 បាន​ត្រូវ​ប្រឹងប្រែង​លេង​ឲ្យ​បាន​ល្អ​ ពិសេស​​អាច​បង្ហាញ​ខ្លួន​លេង​ក្នុង​លីគ​អាជីព​កម្រិត​ខ្ពស់​របស់​កម្ពុជា​ជា​មួយ​ក្លឹប​​។ ម៉េងហួ ​ក៏​ស្ទើរ​តែ​មិន​ជឿ​ថា ខ្លួន​អាច​រក​បាន​​រហូត ៤ គ្រាប់​ក្នុង​ការ​ប្រកួត​ពាន​ខាង​លើ​ដែរ ​ពី​ព្រោះ​ជា​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ។

ឃៀង ម៉េង​​ហួ រក​បាន ៣ គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ទី​១ ទល់​នឹង​​ប្រ៊ុយណេ ​ដែល​ជួយ​ក្រុម​ U19 កម្ពុជា​យក​ឈ្នះ U19 ​ប្រ៊ុយណេ ៥-០ ។ ចំណែក​គ្រាប់​ទី​៤ ​រក​បាន​នៅ​ពេល​ជួយ U19 កម្ពុជា​យក​ឈ្នះ​ ទីម័រខាងកើត ២-១ ដើម្បី​ជួយ U-19 កម្ពុជា​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍ AFF U-19 Championship 2018 ៕

ក្រុម U-19 កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី