• 2018-06-27 04:32:41
  • បាល់ទាត់

ថ្នាលយុវជនកម្ពុជា ​៤​នាក់​ បាន​ទៅ​ចូលរួមកម្មវិធីដែល FIFA ​អញ្ជើញ​លើក​មុន​នោះ​ហើយ

  • 2018-06-27 04:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យក្មេង ​មាន​អាយុ​ចន្លោះ​ពី​១៥ ​​ទៅ​ ១៧ឆ្នាំ​ចេញ​ពី​អង្គការ​ផ្កាយ​សមុទ្រ​បាន​ទៅ​ចូល​រួម​កម្មវិធី ​FIFA Foundation Festival 2018 ​នៅ​ប្រទេស​រុស្ស៊ី​ហើយ​កាល​ពី​ម្សិលមិញ​នេះ។

រូបភាពផ្ដល់ឱ្យ

កីឡាករ​ទាំង​៤នាក់ ព្រម​ទាំង​គ្រូ​របស់​ពួកគេ នឹង​ចូលរួមក្នុងកម្មវិធី FIFA Foundation Festival 2018។​ កម្មវិធី​​នេះ​ ប្រមូល​ផ្តុំ​ប្រតិភូ​៤៨​នាក់​មក​ពី​អង្គការ​ផ្សេង​ៗ ដែល​ប្រើ​ប្រាស់​បាល់ទាត់​ជា​ឧបករណ៍​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន។ កម្មវិធី​ Festival ​ នេះបាន​ចាប់ផ្តើមពីថ្ងៃទី២៣ ខែមិថុនា ​ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ​បង្ហាញ​ដល់​ពិភពបាល់ទាត់ និង ​សាធារណៈ​ជនទូទៅ​ នូវ​លទ្ធផល​វិជ្ជមាន​ ដែល​បាល់ទាត់​មាន ​នៅ​ក្នុង​ការបន្តទិសដៅ​អភិវឌ្ឍ ដូចជា ការអប់រំ សុខភាព និង សុខមាលភាព ការ​កសាងសន្តិភាព ការ​ធ្វើ​សមាហរណកម្ម​សង្គម និង​ភាព​ជា​អ្នក​ដឹកនាំយុវជន។

ប្រតិភូ​ក្មេង​ៗ ​៤​នាក់​តំណាង​កម្ពុជា​ដែល FIFA ​អញ្ជើញ​ទៅ​នោះ​មាន​ប្រុសពីរ និង​ ស្រីពីរនាក់ ដែល​មាន​អាយុ​ចន្លោះ១៥ ​ទៅ​១៨ឆ្នាំ។ អ្នកចូលរួម ដែលចេញ​ពីអង្គការផ្កាយសមុទ្រ​មាន ស្រី២នាក់ ឈ្មោះ វៃ ស្រីទូច (១៧ឆ្នាំ) និង ចាន់ ជាតិនីតា (១៥ឆ្នាំ) ប្រុស​មាន​ពីរ​នាក់​ឈ្មោះ គឹម ផលរ៉ាស៊ីន (១៦ឆ្នាំ) និង រឿន រ៉ាវី (១៧ឆ្នាំ)។ ពួក​គេ​នឹង​ចូលរួម​ក្នុង​សកម្មភាពកីឡា វប្បធម៌ និង អប់រំជាច្រើន ក្នុង​កំឡុង​សប្តាហ៍​នៃ Festival​ ដ៏​មមាញឹក។ នៅអមជាមួយកីឡាករទាំង​៤ គឺ​មាន​គ្រូ​បង្វឹក​ម្នាក់​ឈ្មោះ កែប សាម៉េត ​ក៏​បាន​ទៅ​ចួល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ។

រូបភាពផ្ដល់ឱ្យ

ប្រធាន​អង្គការ​ផ្កាយសមុទ្រ​ កញ្ញា ជួប វិច្ឆិកា បាន​និយាយ​នៅព្រលានយន្តហោះភ្នំពេញ​មុន​នឹង​ចេញ​ដំណើរ​ថា កញ្ញា​ពិតជា​មាន​កិត្តយស​ណាស់​ដែល​ឃើញ​ការងារ​បាល់ទាត់​សហគមន៍ និង​ កម្មវិធី​អប់រំ​ របស់​អង្គការ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​កម្រិត​អន្តរជាតិ។ កញ្ញា​ពិតជា​មានសេចក្តីរំភើប​ជាខ្លាំងដែល​សិស្សអង្គការផ្កាយសមុទ្រ​ត្រូវបាន​ជ្រើសរើស​ទៅចូលរួមក្នុង​កម្មវិធី​ប្រកួតបាល់ទាត់​ពិភព​លោក​ជា​ផ្លូវការ។ វាជា​ឪកាស​មួយជីវិតម្តង​សម្រាប់​យុវជនភាគ​ច្រើន​ដែល​មាន​ប្រវត្តិក្រីក្រ និង លទ្ធភាព​តិច​តួច ដើម្បី​ចូលរួម​លេង​កីឡា។ វា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឥទ្ធិពល​វិជ្ជមាន​ខ្លាំងក្លា​នៃ​កីឡា ការ​ខិតខំ​ប្រឹងប្រែង ការតាំងចិត្ត ការ​ប្តេជ្ញាចិត្ត ដែល​ធ្វើ​ឱ្យ​គោលដៅ​សម្រេចបាន៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី