• 2018-06-25 11:23:00
  • បាល់ទាត់

ធ្លាយ​ខ្ទេច! Sterling ធ្លាប់​ចង់​ចូល​រួម​ជាមួយ Arsenal តែ​មាន​អ្នក​ឃាត់

  • 2018-06-25 11:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Raheem Sterling បាន​បង្ហើប​ថា ធ្លាប់​មាន​បំណង​ចូល​រួម​ជាមួយ​ក្លឹប Arsenal កាល​ពី​នៅ​វ័យ​ក្មេង។ ទោះ​ជា​យ៉ាង​ណា ម្ដាយ​របស់​កីឡាករ ​បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​បញ្ចុះបញ្ចូល​កូន​ខ្លួន​ឲ្យ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប QPR វិញ។

ក្នុង​អត្ថបទ​មួយ​ចុះ​ផ្សាយ​ដោយ​ The Players' Tribune កីឡាករ​អង់គ្លេស​ដើម​កំណើត​ចាម៉ៃកា Sterling បាន​ឲ្យ​ដឹង​ថា កាល​ពី​ខ្លួន​នៅ​អាយុ ១០ ឬ ១១​ឆ្នាំ ខ្លួន​ត្រូវ​បាន​ក្លឹប​ឡុងដុង​មួយ​ចំនួន​ដូច​ជា Fulham និង Arsenal ចង់​បាន​ខ្លួន​ឲ្យ​ទៅ​ហាត់​ក្នុង​ឈុត​យុវជន។ កាល​នោះ គ្រាន់​តែ​ឭ​ថា Arsenal ចង់​បាន​ភ្លាម កីឡាករ​ពិត​ជា​រំភើប ហើយ​បាន​ប្រាប់​គេ​ឯង​ថា ខ្លួន​នឹង​ចូល​រួម​ក្លឹប​មួយ​នេះ។

ម្ដាយ​របស់ Sterling

យ៉ាង​នេះ​ក្ដី ម្ដាយ​របស់ Sterling មិន​បាន​រីករាយ​នឹង​ដំណឹង​នេះ​ឡើយ ហើយ​បាន​បញ្ចុះ​បញ្ចូល​កូន​ឲ្យ​ចូល​រួម​ជាមួយ QPR វិញ។ ហេតុ​ផល​របស់ម្ដាយ គឺ​ថា បើ Sterling ចូល​រួម​ជាមួយ​ Arsenal មែន កីឡាករ​ គឺ​ជា​គ្រាន់​តែ​ "លេខ" ប៉ុណ្ណោះ ព្រោះ​នៅ​ក្លឹប​នោះ មាន​កីឡាករ​ក្មេង​ល្អ​ៗ​ច្រើន។ ដូច្នេះ Sterling ត្រូវ​តែ​រក​ក្លឹប​ណា ដែល​កីឡាករ​អាច​អភិវឌ្ឍ​ខ្លួន​ពិត​ប្រាកដ ហើយ​ក្លឹប​នោះ​គឺ QPR។

Sterling បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​ទៅ QPR គឺ​ "ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​" របស់​ខ្លួន ព្រោះ​ក្លឹប​មិន​បាន​ទុក​ខ្លួន​ចោល​ឡើយ។

បន្ថែម​ពី​ការ​បង្ហើប​ពី​អតីត​កាល​នេះ កីឡាករ​វ័យ ២៣ ឆ្នាំ បាន​គាស់​កកាយ​អំពី​ពេល​វេលា​ដែល​ខ្លួន​សប្បាយ​ចិត្ត​បំផុត។ ពេល​វេលា​នោះ គឺ​ពេល​ដែល​កីឡាករ​បាន​ទិញ​ផ្ទះ​មួយ​ឲ្យ​អ្នក​ម្ដាយ។ ខ្សែ​ស្លាប​បាន​រំលឹក​ថា កាល​ពី​ខ្លួន​នៅ​ក្មេង បាន​ដូរ​ផ្ទះ​ជា​ញឹកញាប់ ដោយ​ម្ដាយ​គ្មាន​លទ្ធភាព​ក្នុង​ការ​ជួល​ផ្ទះ។

សូម​បញ្ជាក់​ផង​ដែរ Sterling បាន​ចូល​រួម​ជាមួយ QPR កាល​ពី​ឆ្នាំ ២០០៣ ហើយ​លេង​នៅ​ទី​នោះ​ក្នុង​ឈុត​យុវជន​រហូត​ដល់​ឆ្នាំ ២០១០ មុន​ចាក​ចេញ​មក Liverpool។ កីឡាករ​បន្ត​លេង​នៅ​ឈុត​យុវជន​ហង្ស​ក្រហម​រហូត​ដល់​ឆ្នាំ ២០១២ ហើយ​ក៏​បាន​ចូល​លេង​ឈុត​ធំ។ លេង​ក្នុង​ឈុត​នេះ​បាន ៣ ឆ្នាំ កីឡាករ​ត្រូវ​បាន Manchester City ទិញ​ក្នុង​តម្លៃ​សរុប​ជិត ៥០ លាន​ផោន (ជាង ៦៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

ក្នុង​រដូវ​កាល​ ២០១៧/១៨ កីឡាករ​អង់គ្លេស​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ ខ្សែ​ស្លាប​បាន​ស៊ុត​ចូល​សរុប ២៣ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ ៤៦ លើក​ឲ្យ​ក្លឹប​យក្ស​មេឃ​ខៀវ ហើយ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន Premier League និង League Cup៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់