• 2018-06-14 03:38:58
  • បាល់ទាត់

សុក វាសនា៖ ​Privat ​អាច​នឹង​ក្លាយ​ជា Top Scorer ​រហូត​ចប់​រដូវ​កាល

  • 2018-06-14 03:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Befolo Privat Mbarga ​របស់​ក្រុម​អាស៊ី​អឺរ៉ុប ​កំពុង​កាន់​តំណែង​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ​បន្ទាប់​ពី​ធ្វើ​បាន​៦​គ្រាប់​ក្នុង​១​ប្រកួត​កាល​ប៉ះ​ជាមួយ​វេស្ទើន។

លោក សុក វាសនា ​គ្រូ​បង្វឹក​របស់​ក្រុម​អាស៊ីអឺរ៉ុប ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​៩​របស់​ខ្លួន ​អាច​នឹង​បន្ដ​ឈរ​កំពូល​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នេះ​រហូត​ដល់​ចប់​រដូវ​កាល។ ១​ប្រកួត​រក​បាន​៦​គ្រាប់​ជា​កំណត់ត្រា​មួយ​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ ​ហើយ​រូបគេ​នឹង​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត ​នា​ប្រកួត​ក្រោយ​ៗ។

ការ​និយាយ​ដូច្នេះ គឺ​លោក សុក សំណាង ​សំអាង​ថា​កីឡាករ​សញ្ជាតិ​កាមេរ៉ូន​នេះ ​មាន​សមត្ថភាព​ខ្ពស់​ ល្បឿន​បណ្ដើរ​បាល់​រហ័ស គុណភាព​ការ​បញ្ចប់​ទី​បាន​ល្អ។ បូក​ផ្សំ​ជាមួយ​យល់​ចិត្ត​គ្នា​ជាមួយ​សមាជិក​ដទៃ​ទៀត​នោះ គឺ​រឹត​តែ​ធ្វើ​ឱ្យ​រូបគេ​ងាយ​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ថែម​ទៀត។

សូម​បញ្ជាក់​ថា​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ ​រក​បាន​១៣​គ្រាប់​ហើយ​ក្នុង​លីគ​កំពូល​កម្ពុជា ​ដោយ​លើស​អ្នក​លេខ​២ ​រហូត​ដល់​៥​គ្រាប់​ឯ​ណោះ ឆ្លង​កាត់​៩​ប្រកួត​មក​នេះ។ ​ក្នុង​តារាង​លីគ​​កំពូល​កម្ពុជា​អាស៊ី​អឺរ៉ុប ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧ ​ដោយ​មាន​១២​ពិន្ទុ​ក្នុង​ដៃ ​ពួកគេ​លេង​៩​ប្រកួត ឈ្នះ​៣ ស្មើ​៣ ​និង​ចាញ់​៣​ប្រកួត។ ​ប្រកួត​ចុង​សប្ដាហ៍​នេះ ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី