- 2018-06-13 07:14:31
- បាល់ទាត់
ក្រុម Home Sport ចុះចែករំលែកការលេង Futsal ដល់សិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក
- 2018-06-13 07:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម Home Sport ចុះចែករំលែកការលេង Futsal ដល់សិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក
ចន្លោះមិនឃើញ
ក្រុម Home Sport FC បានចុះចែករំលែក ឬហៅថា Football Clinic និយាយអំពីអត្ថប្រយោជន៍នៃការចូលលេងកីឡាបាល់ Futsal ក្នុងវិទ្យាល័យជាស៊ីមសន្ធរម៉ុក តាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
បើតាមលោក ឃុល ភារម្យ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា កម្មវិធីហ្វឹកហាត់ និងផ្សព្វផ្សាយកីឡាហ្វូតសាល សម្រាប់វិទ្យាល័យទាំង២០នៅរាជធានីភ្នំពេញចាប់ពីថ្ងៃ១១មិថុនារហូតដល់ថ្ងៃ១៥កក្កដាឆ្នាំ២០១៨ខាងមុខនេះ។ ការចុះធ្វើនេះដែរ នឹងយកក្រុមបាល់ទាត់ទាំង១០ក្នុងលីគហ្វូតសាលជាតិ ដោយ១ក្រុមត្រូវចុះទៅ២វិទ្យាល័យ ដើម្បីផ្សព្វផ្សាយពីក្រុមរបស់ខ្លួន និងអត្ថប្រយោជន៍នៃការចូលលេងកីឡាបាល់ Futsal ។
មន្ត្រីខាងលើបានបន្ដទៀតថា នេះជាជំហានមួយសម្រាប់វិស័យ ហ្វូតសាលកម្ពុជា ដោយធ្វើយ៉ាងណាឱ្យកីឡាប្រភេទនេះរស់ឡើងវិញ និងទាក់ទាញអ្នកគាំទ្រកាន់តែច្រើន។ មួយវិញទៀត ការចុះនេះដែរ ប្រសិនបើយុវជនណាមានចំណាប់អារម្មណ៍ និងមានបច្ចេកទេសលេងបានល្អនោះ អាចនឹងមានឱកាសបានចូលរួមជាមួយក្រុមទាំង១០ខាងលើថែមទៀត។
ដោយឡែកនៅថ្ងៃនេះផ្ទាល់ ក្រុម Home Sport បានចុះទៅដល់វិទ្យាល័យសន្ធរម៉ុក ហើយ ដើម្បីធ្វើការងារខាងលើនេះ។ លោក អ៊ុក សេរីរតនៈ គ្រូបង្វឹកក្រុមនេះផ្ទាល់ បាននិយាយក្រោយពីចុះផ្ទាល់ជួបជាមួយសិស្សសាលាថា៖ “នេះជាកម្មវិធីល្អដែលសហព័ន្ធបានរៀបចំឡើង។ ជាក់ស្ដែង វានឹងបានជួយឱ្យក្រុមទាំងអស់ស្វែងរកអ្នកគាំទ្របានកាន់តែច្រើន ជាពិសេសនោះអាចនឹងរកកីឡាករល្អៗចូលក្រុមបន្ថែមទៀត ដោយជ្រើសចេញពីសិស្សតាមសាលានេះតែម្ដង”។
កីឡាហ្វូតសាល របស់កម្ពុជា បានបាត់មុខជាច្រើនឆ្នាំមកហើយ ដោយទើបតែត្រូវបានសហព័ន្ធបង្កើតជាលីគជាថ្មីកាលពីឆ្នាំមុនប៉ុណ្ណោះ។ ក្រោយពីមានការបង្កើតជាលីគនេះហើយ ឃើញថាសន្ទុះនៃការគាំទ្រក៏មានឡើងវិញផងដែរ ព្រោះថាការលេងហ្វូតសាល គឺពិតជាពេញនិយមណាស់សម្រាប់យុវជនកម្ពុជា និងមានទីលានជាច្រើននៅរាជធានីភ្នំពេញ៕