- 2018-06-02 03:23:20
- បាល់ទាត់
មូលនិធិ KMH អបអរទិវាកុមារអន្តរជាតិ អមជាមួយការបិទពានលីគ U18 របស់ខ្លួន
- 2018-06-02 03:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលនិធិ KMH អបអរទិវាកុមារអន្តរជាតិ អមជាមួយការបិទពានលីគ U18 របស់ខ្លួន
ចន្លោះមិនឃើញ
មូលនិធិ ខេ អឹម អេច (KMH Foundation) បានធ្វើពិធីអបអទិវាកុមារជាតិកាលពីម្សិលមិញនេះ ត្រូវគ្នាជាមួយការបិទពានលីគក្រោមអាយុ១៨ឆ្នាំ KMH CUP U18 ផងដែរ។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ និង ដើម្បីលើកកម្ពស់វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ឱកាសកាន់តែច្រើនដល់កុមារ និង យុវជនក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន ជាពិសេសនោះគឺដើម្បីបណ្ដុះស្មារតីដល់កុមារកម្ពុជា ឲ្យចូលរួមក្នុងការងារសង្គម។
ក្នុង«ព្រឹត្តិការណ៍បាល់ទាត់ទិវាកុមារ ខេ អឹម អេច» នេះក៏មានការបរិច្ចាគទឹកប្រាក់ចំនួន៣ ០០០ ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលធ្វើឡើងនៅពេលព្រឹកក្រោមការដឹកនាំរបស់លោក កាំង សេន នាយកមូលនិធិបាល់ទាត់ ខេ អឹម អេច ។ បន្ទាប់មកទៀត ក៏មានការលេងហ្គេមកម្សាន្តជាច្រើន ដោយមានការចូលរួមពីកុមារចំនួន ៥០០នាក់ មកពីបណ្តាសាលាបឋមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ និងមកពីខេត្តកណ្តាល និង កុមាររស់នៅក្នុងសហគមន៍រោងចក្រដំបូលខៀវផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ម្សិលមិញនេះ ក៏មានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ KMH Cup U18 ផងដែរ រវាងក្រុមក្រុម សម្ព័ន្ធ គ.ស.ន.ប.ក (សម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និង បញ្ញវន្តកម្ពុជា) និង ក្រុមបាល់ទាត់យុវជនព្រះខ័នរាជស្វាយរៀង។ ជាលទ្ធផលក្រុមយុវជនស្វាយរៀងបានយកឈ្នះក្នុងលទ្ធផល ២-០។
ប្រាក់រង្វាន់សម្រាប់ការប្រកួតនេះ គឺក្រុមលេខ១ យុវជនព្រះខ័នរាជស្វាយរៀង ទទួលបាន៤ពាន់ដុល្លារ ក្រុមលេខ២ សម្ព័ន្ធ គ.ស.ន.ប.ក (សម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និង បញ្ញវន្តកម្ពុជា) ទទួលបាន២ពាន់ដុល្លារ៕
រូបភាព៖ KMH