• 2018-05-04 07:26:31
  • បាល់ទាត់

ក្រសួង​ការពារ​ជាតិ​ដក កែ វណ្ណៈ​ ​ចេញ​ពី​ក្រុម ​ខណៈ​សាមី​ខ្លួន​មិន​អស់​ចិត្ត

  • 2018-05-04 07:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ក្រសួង​ការពារ​ជាតិ ​បាន​សម្រេច​ដក​ខ្សែ​ប្រយុទ្ធ កែ វណ្ណៈ​ ​ចេញ​ពី​ក្រុម​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ​ក្រោម​ហេតុផល​ថា​កីឡាករ​រូប​នេះ​លេង​មិន​គ្រប់​អ្វី​ដែល​ក្រុម​ចង់​បាន។

កែ វណ្ណៈ​

ទាក់ទង​នឹង​ការ​ដក​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​សាមី​ខ្លួន ​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​នោះ​ទេ។ ត្បិត​អី​រូបគេ​គិត​ថា​ខ្លួន​ធ្វើ​បាន​ល្អ​ដែរ​រដូវ​កាល​នេះ។ មួយ​វិញ​ទៀត ​កែ វណ្ណៈ ក៏​អន់​ចិត្ត​ចំពោះ​ការ​ដក ទាំង​ដែល​មិន​បាន​ប្រាប់​លោក​មុន ដើម្បី​ឱ្យ​ស្វែង​រក​ក្លឹប​ថ្មី​ផង​ដែរ។ កីឡាករ​ពាក់​អាវ​លេខ​១១ ​បាន​ចូល​លេង​ឱ្យ​ក្រសួង​ការពារ​ជាតិ​៩​ឆ្នាំ​មក​ហើយ។

ឆ្លើយ​តប​ជាមួយ Sabay ​លោក ភា សុភក្ត្រា​​ គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ថា ​លោក​ដក​ខ្សែ​ប្រយុទ្ធ​ខាង​លើ ដោយសារ​តែ​សមត្ថភាព​របស់​គេ​ឱ្យ​ក្រុម​មិន​បាន​គ្រប់​គ្រាន់។ ខណៈ​ដែល​ការ​ដក​នេះ លោក​បាន​បញ្ជាក់​តាំង​ពី​ដើម​រដូវ​កាល​មក ​ថា​ប្រសិន​បើ​កីឡាករ​ណា​លេង​មិន​ល្អ លោក​នឹង​ដក​ចេញ​ពី​ក្រុម​ហើយ។ ការ​ដក​កីឡាករ​នេះ​ទៀត​សោត ​លោក​ក៏​បាន​ពិភាក្សា​ជាមួយ​ថ្នាក់​លើ​ហើយ​ដែរ ​មិនមែន​ដក​តាម​តែ​ចិត្ត​នោះ​ទេ។

លោក ភា សុភក្ត្រា​​

មិន​ត្រឹម​តែ​ដក កែ វណ្ណៈ ​ឡើយ ​ក្រុម​ក្រសួង​ការពារ​ជាតិ ​ក៏​អាច​នឹង​ធ្វើ​ការ​ដក​ខ្សែ​ប្រយុទ្ធ​​បរទេស​ម្នាក់​ទៀត ​ពាក់​អាវ​លេខ​៩​ដែរ ​ព្រោះ​រូប​គេ​លេង​មិន​ល្អ ​ប៉ុន្មាន​ប្រកួត។ ​លោក ភា សុភក្ត្រា ​បញ្ជាក់​កីឡាករ​បរទេស ​លោក​ទិញ​មក​ដើម្បី​លេង​ឱ្យ​ក្រុម​កាន់​តែ​ល្អ​បន្ថែម​ទៀត ​មិន​មែន​ទិញ​មក​ដើម្បី​បណ្ដុះបណ្ដាល​បន្ថែម​ឡើយ។ ដោយ​នេះ ​សុទ្ធ​មាន​ក្នុង​កុងត្រា​ដែល​បាន​ចុះ ​មុន​ទិញ​យក។

នៅ​ចាំ​បាន​ថា ​គ្រូ​បង្វឹក​ខាង​លើ​ធ្លាប់​បញ្ជាក់ ​ក្រសួង​ការពារ​ជាតិ ​នៅ​ខ្សោយ​តំបន់​ប្រយុទ្ធ ​ត្បិត​អី​ពួកគេ​បាន​នាំ​យក​កីឡាករ​បរទេស​មក​លេង​តំបន់​ខាង​លើ​ច្រើន​មែន តែ​មិន​ទាន់​ជោគជ័យ​ឡើយ។ ដូច្នេះ​ប្រសិន​បើ​ដក​ខ្សែ​ប្រយុទ្ធ​ដល់​ទៅ​២​នាក់​ថែម​ទៀត ​នោះ​ក្រុម​ទ័ព ​នៅ​កន្លែង​២ ​សម្រាប់​ខ្សែ​ប្រយុទ្ធ​២​នាក់​ទៀត ទិញ​ចូល​នា​ពាក់​កណ្ដាល​រដូវ​កាល​ខាង​មុខ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី