- 2018-05-04 03:53:25
- ព័ត៌មាន
សុះ ស៊ូហាណា តារារះគ្រប់រដូវមានប្រវត្តិយ៉ាងណា?
- 2018-05-04 03:53:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុះ ស៊ូហាណា តារារះគ្រប់រដូវមានប្រវត្តិយ៉ាងណា?
ចន្លោះមិនឃើញ
សមាជិកជម្រើសជាតិកម្ពុជា និងណាហ្គាវើល សុះ ស៊ូហាណា ជាកីឡាករម្នាក់ដែលជាប់ជម្រើសជាតិកម្ពុជាស្ទើរគ្មានពេលបាត់មុខឡើយគិតចាប់តាំងពីឆ្នាំ២០១១មក។ ជារឿយៗរូបគេជាសមាជិកដ៏សំខាន់ម្នាក់ជួយជម្រើសជាតិ និងឧស្សាហ៍រកគ្រាប់បាល់បានផងដែរ ប៉ុន្តែបើនិយាយពីកេរ្តិ៍ឈ្មោះវិញមិនសូវល្បីសុះសាយខ្លាំងឡើយ។ ថ្មីៗនេះរូបគេជាកម្លាំងសំខាន់ជួយក្រុម U21 កម្ពុជាឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ស្តេចប្រ៊ុយណេឆ្នាំ២០១៨។
-ក្រុមព្រែកប្រាកកីឡា
សុះ ស៊ូហាណា ជាក្មេងដែលចូលចិត្តលេងបាល់ទាត់តាំងពីតូចមកម្ល៉េះនៅតំបន់កំណើតរបស់ខ្លួនក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលជាកន្លែងសំបូរខ្មែរ-ឥស្លាម និងមានសកម្មភាពបាល់ទាត់យ៉ាងខ្លាំង។
កីឡាកររូបនេះបានប្រាប់ថា រូបគេលេងឲ្យក្រុមយុវជនព្រែកប្រាកីឡា និងអាយុ១៦ឆ្នាំលេងឲ្យក្រុមធំព្រែកប្រាកីឡាពីឆ្នាំ២០០៩ ដល់២០១០។ ពេលនោះព្រែកប្រាកីឡាជាក្រុមខ្លាំងមួយធ្លាប់លេងលីគបាល់ទាត់កំពូលកម្ពុជា និងមានអ្នកគាំទ្រយ៉ាងច្រើនទៅគាំទ្រពេលប្រកួតក្នុងលីគម្តងៗ។
- ភ្នំពេញក្រោន និងណាហ្គាវើល
ឆ្នាំ២០១១ រូបគេបានផ្លាស់ទៅលេងក្រុមអ្នកមានលុយ ភ្នំពេញក្រោនដែលជាកន្លែងធ្វើឲ្យរូបគេកាន់តែលេចធ្លោ។ នៅក្លឹបនេះ ហាណា បានប្រកបអាជីព៥រដូវកាល ប៉ុន្តែមិនចាំពីចំនួនគ្រាប់បាល់ដែលរូបគេរកបានឡើយ។ ឆ្នាំ២០១៦រូបគេបានផ្លាស់ទៅលេងឲ្យក្លឹបណាហ្គាវើលដែលរហូតដល់ពេលនេះរូបគេរកគ្រាប់បាល់បានប្រហែលជា១០គ្រាប់ហើយ។
- ក្រុមជម្រើសជាតិកម្ពុជា
សុះ ស៊ូហាណាជាកីឡាករម្នាក់ដែលជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិកម្ពុជាស្ទើរគ្មានបាត់មុខគិតចាប់តាំងពីឆ្នាំ២០១១រហូតដល់បច្ចុប្បន្ន (គិតត្រឹមឆ្នាំ២០១៨)។ រូបគេជាប់ឈ្មោះក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំរហូតដល់២៣ឆ្នាំពីឆ្នាំ២០១១ដល់២០១៥។ ក្នុងក្រុមយុវជននេះ សុះ ស៊ូហាណារកគ្រាប់បាល់បានឲ្យជម្រើសជាតិប្រហែលជា៥គ្រាប់។
ទន្ទឹមនឹងជាប់ឈ្មោះក្រុមយុវជនជម្រើសជាតិ កីឡាករខ្មែរ-ឥស្លាមរូបនេះក៏ជាប់ឈ្មោះក្នុងក្រុមធំជម្រើសជាតិកម្ពុជាដែរតាំងពីឆ្នាំ២០១១រហូតដល់បច្ចុប្បន្ន។ ការបង្ហាញខ្លួនឲ្យក្រុមធំជម្រើសជាតិជាង៤០ប្រកួតកន្លងមក រូបគេរកបាន២គ្រាប់ក្នុងព្រឹត្តិការណ៍សំខាន់ៗ។
រូបគេជាកីឡាករកម្ពុជាតែម្នាក់គត់ដែលរកគ្រាប់បាល់ក្នុងព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក 2018 FIFA World Cup ដែលពេលនោះរូបគេទម្លាយសំណាញ់ទីក្រុមជម្រើសជាតិសិង្ហបុរី និង១គ្រាប់ទៀតរូបគេទម្លាយសំណាញ់ទីជម្រើសជាតិមីយ៉ាន់ម៉ាក្នុងពាន 2016 AFF Championship។
ពានស្តេចប្រ៊ុយណេឆ្នាំ២០១៨នេះ សុះ ស៊ូហាណារកបាន២គ្រាប់នៅពេលប្រកួតសន្សំពិន្ទុក្នុងពូល។ គ្រាប់បាល់ទី១រូបគេរកបាននៅពេលក្រុមយុវជនកម្ពុជាអាយុក្រោម២១ឆ្នាំចាញ់ក្រុម U21 ឡាវដោយលទ្ធផល ២-១ និងគ្រាប់បាល់ទី២រកបាននៅពេល U21 កម្ពុជាយកឈ្នះ U21សិង្ហបុរី ១-០ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបគេក៏ជាសមាជិកសំខាន់ដែលជួយក្រុម U21 កម្ពុជាយកឈ្នះក្រុម U21 មីយ៉ាន់ម៉ាដោយលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានស្តេចប៊្រុយណេ។ នេះជាកំណត់ត្រាលើកដំបូងរបស់ជម្រើសជាតិកម្ពុជាឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
- ជីវភាពគ្រួសារ
កីឡាករកូនខ្មែរ-ឥស្លាមរួបនេះកើតនៅខែមេសា ឆ្នាំ១៩៩២ នៅភ្នំពេញដែលមានឪពុកឈ្មោះ សុះ អ៊ីសា និងម្ដាយឈ្មោះ ឯលអាស៊ីយ៉ាស់។ ឪពុកវ័យកាន់តែចាស់នៅផ្ទះ ស្របពេលម្ដាយរកស៊ីលក់ដូរនៅផ្ទះបន្តិចបន្តួច។
សុះ ស៊ូហាណា ប្រាប់ថា អាជីពបាល់ទាត់បានធ្វើឲ្យរូបគេកាន់តែមានជីវភាពល្អប្រសើរ។ រៀងរាល់ខែរូបគេយកប្រាក់ខែពាក់កណ្តាលជូនគ្រួសារដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ក្រោយពេលបានជួយគ្រួសារច្រើន រូបគេទទួលបានការលើកទឹកចិត្តពីឪពុកម្ដាយ ឲ្យប្រឹងប្រែងលេង និងហ្វឹកហាត់ឲ្យបានកាន់តែល្អ។
កីឡាកររូបនេះមិនធ្លាប់ត្អូញត្អែរក្នុងអាជីពបាល់ទាត់របស់ខ្លួនឡើយ ទោះមិនមានសល់អ្វីជាដំកំភួន ដោយសារមានភារកិច្ចជួយជ្រោមជ្រែងគ្រួសារក្ដី។ ខ្សែបម្រើជម្រើសជាតិរួបនេះទម្លាយថា មុនពេលរូបគេបានជាប់ជម្រើសជាតិកម្រិតជីវភាពគ្រួសារមានការខ្វះខាតច្រើន ប៉ុន្តែក្រោយមានឱកាសបានបង្ហាញខ្លួនឲ្យជម្រើសជាតិក្នុងឆ្នាំ២០១១ និងលេងឲ្យក្លឹបភ្នំពេញក្រោនផងនោះគឺជាពេលដែលជីវភាពគ្រួសាររបស់គេមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ចំពោះសំនួរដែលសួរថា ទទួលបានបទពិសោធអ្វីខ្លះពីលោក Lee Tae Hoon ក្នុងកំឡុងហាត់ជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ស៊ូហាណា និយាយថា ទាំងបច្ចេកទេសបញ្ជូនបាល់ និងសមត្ថភាពលើទីលានមានភាពកើនឡើងយ៉ាងរហ័ស។ សម្រាប់ជម្រើសជាតិកម្ពុជា បើទោះមិនសូវមានឈ្មោះបោះសំឡេងល្បីដូចមិត្តរួមជាតិ ចាន់ វឌ្ឍនាកា ឬ កែវ សុខផេង ក៏នៅតែសប្បាយចិត្ត និងប្រឹងប្រែងលេងឲ្យជម្រើសជាតិឲ្យអស់ពីចិត្តពីថ្លើម។
ងាកទៅបញ្ហាអនាគត ស៊ូហាណា មិនទាន់កំណត់បានឡើយ ដោយសារមិនមានប្រាក់គ្រប់គ្រាន់។ គោលដៅអាយុប្រហែលជា៣០ឆ្នាំ នឹងឈប់លេងបាល់ ដើម្បីបង្កើតមុខរបររកស៊ី។ យ៉ាងណា រូបគេបានសន្យាថា នៅបង្កើនការខំប្រឹងប្រែងហ្វឹកហាត់ដើម្បីក្លឹប និងក្រុមជម្រើសជាតិ៕