- 2018-02-25 03:37:22
- ព័ត៌មាន
ឱកាសសម្រាប់អ្នកចង់ប្រណាំងម៉ូតូវាលរាបមកដល់ហើយ
- 2018-02-25 03:37:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសសម្រាប់អ្នកចង់ប្រណាំងម៉ូតូវាលរាបមកដល់ហើយ
ចន្លោះមិនឃើញ
ការប្រណាំងម៉ូតូកម្រិតអាជីព និងមិនអាជីពលើទីលានវាលរាបបានមកដល់ហើយសម្រាប់អ្នកនិយមចូលចិត្តលេងម៉ូតូដែលនឹងប្រព្រឹត្តនាថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងសន្និសីទសារព័ត៌មានប្រកាសស្វែងរកអ្នកចូលរួមប្រកួត លោក ពៅ តិចឡេង អ្នកចាត់ការទូទៅរបស់ KARA Cup Race ដែលជាអ្នករៀបចំការប្រកួតបានប្រាប់ថា នេះជាឱកាសដ៏ល្អមួយសម្រាប់កីឡាករអាជីព និងមិនអាជីពអាចចូលរួមប្រណាំងម៉ូតូលើទីលានវាលរាប។ ព្រឹត្តិការណ៍នេះមាន៥វិញ្ញាសាសម្រាប់អ្នកចូលរួមទាំងអាជីព និងមហាជន។
កម្រិត A សម្រាប់ម៉ូតូកែច្នៃដែលមានកម្លាំងម៉ាស៊ីន១៥០ CC។
កម្រិត B សម្រាប់ម៉ូតូអង់ព្រីយ៉ាដែលមានកម្លាំងម៉ាស៊ីន១៣០ ទៅ១៥០ CC។
កម្រិត C សម្រាប់ម៉ូតូអង់ព្រីយ៉ាដែលមានកម្លាំងម៉ាស៊ីនក្រោម ១២៥ CC។
កម្រិត D សម្រាប់ម៉ូតូអូតូ (Auto) មានកម្លាំងម៉ាស៊ីន១១០ ទៅ ១២៥ CC។
កម្រិត E សម្រាប់ម៉ូតូដែលប្រើពេលវេលា២៣០នាទីដែលជាវិញ្ញាសាថ្មី។
គ្រប់វិញ្ញាសាទាំង៥កម្រិតខាងលើបើកទទួលចុះឈ្មោះឲ្យចូលរួមប្រកួតក្នុង១កម្រិតៗចំនួន១២ទៅ១៥នាក់ដែលម្នាក់ៗត្រូវបង់ប្រាក់៥០ដុល្លារ។ អ្នកចូលរួមប្រកួតអាចបិទស្គិគ័រម្ចាស់ឧបត្ថម្ភលើម៉ូតូរបស់ខ្លួនបាន២ក្រុមហ៊ុនប៉ុណ្ណោះ។ ការប្រណាំងមានរយៈពេល២ថ្ងៃ ដូច្នេះដើម្បីគ្រប់គ្រងឲ្យបានល្អ និងមិនមានបញ្ហាអសកម្ម ម៉ូតូទាំងអស់ដែលប្រកួតថ្ងៃទី១រួចហើយត្រូវរក្សាទុកទាំងអស់នៅកន្លែងប្រកួតសម្រាប់ប្រកួតថ្ងៃបន្ទាប់ពោលគឺមិនឲ្យយកចេញក្រៅឡើយ។
អ្នកចូលរួមដែលមានអាយុ១៨ឆ្នាំឡើងអាចចុះឈ្មោះចូលរួមប្រកួតដោយខ្លួនឯងបាន ប៉ុន្តែសម្រាប់អ្នកមានអាជីពពី១៣ឆ្នាំដល់១៧ឆ្នាំត្រូវមានការបញ្ជាក់អំពីការអនុញ្ញាតពីឪពុកម្តាយទើបអាចចុះឈ្មោះចូលរួមប្រកួតបាន។
លោក ពៅ តិចឡេង បានឲ្យដឹងថា រហូតដល់ពេលនេះ កីឡាប្រណាំងម៉ូតូហាក់ដូចជាថ្មីសម្រាប់អ្នកចូលរួមប្រកួតនៅស្រុកខ្មែរ។ អ្នកចូលរួមប្រកួតនៅមិនទាន់យល់ច្បាស់អំពីបច្ចេកទេស និងបែបបទនៃការប្រណាំងម៉ូតូ បើប្រៀបធៀបនឹងប្រទេសជិតខាងដែលគេដើរលឿនជាងកម្ពុជា។ «ប្រណាំងម៉ូតូនៅកម្ពុជាយើងទើបតែចាប់ផ្តើម ហើយអ្វីដែលយើងយកមកអនុវត្តគឺជាច្បាប់ដែលគេរៀបចំទូទាំងពិភពលោក ប៉ុន្តែវាហាក់ដូចថ្មីសម្រាប់អ្នកចូលរួមនៅកម្ពុជា ដូច្នេះយើងពិតជាពិបាកពេលរៀបចំកម្មវិធីប្រកួតម្តងៗ»។
រង្វាន់មាន
លេខ១៖ ប្រាក់៣៥០ដុល្លារ និងសម្ភារៈមួយចំនួន
លេខ២៖ ប្រាក់២៥០ដុល្លារ និងសម្ភារៈមួយចំនួន
លេខ៣៖ ប្រាក់១៥០ដុល្លារ និងសម្ភារៈមួយចំនួន
ព្រឹត្តិការណ៍ប្រកួតជើងឯកម៉ូតូលើវាលរាបនេះនឹងធ្វើនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨នៅពហុកីឡដ្ឋានជាតិមរតកតេជោដែលជាទីលានថ្មីសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម៕