- 2018-02-08 23:30:00
- បាល់ទាត់
៥គូខ្មែរនេះ ជាដៃគូកក្រើកខ្លាំងបំផុតដែលអ្នកគាំទ្រចាំមិនភ្លេច
- 2018-02-08 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥គូខ្មែរនេះ ជាដៃគូកក្រើកខ្លាំងបំផុតដែលអ្នកគាំទ្រចាំមិនភ្លេច
ចន្លោះមិនឃើញ
ការប្រកួតប្រដាល់គុនខ្មែរសព្វថ្ងៃនេះខុសប្លែកខ្លះៗទៅនឹងការប្រកួតកាលពីប្រហែល១០ឆ្នាំមុន។ សព្វថ្ងៃនេះ កីឡាករប្រដាល់ជើងខ្លាំងកម្ពុជាកម្របានជួបប្រកួតនឹងជើងខ្លាំងខ្មែរដូចគ្នាណាស់ ដោយពួកគេរង់ចាំប្រកួតជាមួយកីឡាករបរទេសប៉ុណ្ណោះ សូម្បីប្រកួតដណ្តើមខ្សែក្រវាត់ក៏មានកីឡាករមកពីក្រៅប្រទេសដែរ។ ពួកគេអាចជួបគ្នាភាគច្រើនក្នុងការប្រកួតដណ្តើមខ្សែក្រវាត់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រ។
យ៉ាងណា បើក្រឡេកមើលកាលពីជាង១០ឆ្នាំមុន កីឡាករកម្ពុជាខ្លាំងៗឧស្សាហ៍បានប៉ះកីឡាករកម្ពុជាដូចគ្នាក្នុងការប្រកួតចំាសប្តាហ៍ សូម្បីតែប្រកួតដណ្តើមខ្សែក្រវាត់ក៏សុទ្ធតែកីឡាករខ្មែរដូចគ្នាដែរ។ ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ឬការប្រកួតខ្សែក្រវាត់ភាគច្រើន៣ខែម្តង ឬមួយឆ្នាំម្តង។ ដូច្នេះកីឡាករកម្ពុជាខ្លាំងឧស្សាហ៍បានជួបគ្នាលើសង្វៀនញឹកញាប់ណាស់។
តាមរយៈអំណះអំណាងលើនេះ Sabay សូមលើកយកគូប្រកួតកីឡាករខ្មែរដូចគ្នា៥គូដែលរាល់ពេលពួកគេជួបគ្នាតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងកក្រើកសង្វៀនតែម្តង។
រាល់ការប៉ះគ្នារវាងជើងខ្លាំងកម្លាំងយក្ស កែវ រំចង់ និងកំពូលអ្នកលេងជង្គង់ ឡុង សុភី តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងអ្នកទស្សនាពេញសង្វៀនតែម្តង។ អ្នកទាំងពីរជួបគ្នាញឹកញាប់នៅសង្វៀនបាយ័នបឹងស្នោរ។ ការវ៉ៃរបស់អ្នកទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនគឺ កែវ រំចង់ពូកែខាងកណ្តាប់ដៃ និងកែង ខណៈឡុង សុភីពូកែឡើងជង្គង់។ បើនិយាយពីលទ្ធផលវិញ អ្នកទាំងពីរមានឈ្នះ មានចាញ់ទៅវិញទៅមក។
- **២-ធន់ សុភា vs វ៉ោយ សុធន**បើនិយាយដល់អតីតកាលរបស់លោកអាជ្ញាកណ្តាល ធុន សុភា លោកអ្នកប្រាកដជានឹកឃើញដល់កីឡាករ វ៉ោយ សុធនដែលបានជួបវ៉ៃគ្នាញឹកញាប់ណាស់។ ធុន សុភាជាអ្នកប្រដាល់ដែលរឹងមាំ និងចេញជើងទាត់ និងកណ្តាប់ដៃមួយៗ ប៉ុន្តែធ្ងន់ល្អ ខណៈ វ៉ោយ សុធនត្រូវបានគេចាប់អារម្មណ៍ខ្លាំងលើស្នៀតដើរចូលឡើងជង្គង់ដែលអាវុធនេះបង្ហាញឲ្យគេដឹងមុន។ ថ្វីបើជួបប្រកួតគ្នាញឹកញាប់មែន ប៉ុន្តែជាលទ្ធផល វ៉ោយ សុធន កម្រឈ្នះ ធុន សុភាណាស់។
អតីតលេងកែងពិឃាដ ឡឹក វិបុល និងអ្នកលេងរន្ទះជើង ផៃ ប៊ុនជឿជាដៃគូដ៏ស្វិតស្វាញ និងកក្រើកពិភពប្រដាល់គុនខ្មែរនាដើមទសវត្សឆ្នាំ២០០០។ អ្នកស្នេហាប្រដាល់គុនខ្មែរសម័យនោះប្រាកដជាចាំយ៉ាងច្បាស់រាល់ពេលដែលអ្នកទាំងជួបគ្នាគឺកក្រើកសង្វៀន TV5 តែម្តង។ ដោយសារខ្លាំងប៉ះខ្លាំង ដូច្នេះលទ្ធផលមានឈ្នះ មានចាញ់ដោយពិន្ទុតែប៉ុណ្ណោះ។
ជ័យ កុសល និង នួន សូរិយា អាចចាត់ទុកថា ដៃគូប្រកួតដ៏ទាក់ទាញសម្រាប់អ្នកស្នេហាប្រដាល់គុនខ្មែរមុន ប៉ុន្តែអ្នកទាំងពីរមានដៃគូខ្លាំងជាច្រើនទៀតដែលអាចទាក់ចិត្តអ្នកទស្សនា។ បើនិយាយពីផ្លែប្រយុទ្ធរបស់អ្នកទាំងពីរខុសតិចប៉ុណ្ណោះក្នុងនោះ នួន សូរិយា ពូកែប្រើកណ្តាប់ដៃ និងទាត់បានល្អ ខណៈ ជ័យ កុសល ពូកែកណ្តាប់ដៃ និងកែង។ និយាយរួមអ្នកទាំងពីរជួបគ្នាមិនច្រើនលើក ប៉ុន្តែលទ្ធផលបានត្រឹមឈ្នះចាញ់គ្នាដោយពិន្ទុប៉ុណ្ណោះ។
ចុងឆ្នាំ២០០៨ទៅដើមឆ្នាំ២០១០ អ្នកនិយមតាមដានវិស័យកីឡាប្រដាល់គុនខ្មែរ ប្រាកដជាចាំយ៉ាងច្បាស់អំពីដៃគូប្រកួតដ៏ស្វិតស្វាញលើសង្វៀនគឺអ្នកលេងស្នៀតគុនចម្រុះ ឡៅ ស៊ីណាត និងអ្នកលេងកណ្តាប់ដៃលឿនដូចភ្នែកបន្ទោស បឹត ខាំ។ គូនេះជួបគ្នាមិនបានច្រើនឡើងពោលគឺប្រហែលជា៣ដងប៉ុណ្ណោះ ប៉ុន្តែវ៉ៃលើកណាក៏កក្រើកខ្លាំងដែរ។ រាល់ការជួបគ្នារបស់អ្នកទាំងពីរជៀសមិនផុតពីលោកអាជ្ញាកណ្តាល និងសន្លប់ពាក់កណ្តាលផ្លូវ ប៉ុន្តែក៏មានឈ្នះមានចាញ់ម្តងម្នាក់ដែរ៕