• 2018-02-06 06:46:44
  • ព័ត៌មាន

កំណត់​ត្រាដ៏​ល្អ​​ ​​​អ្នក​ចាំ​ទី​ក្រុម​ PCO ​នៅ​បាត់ដំបង​ អ្នក​គ្រប់​​គ្នា​មិន​ចាប់​អារម្មណ៍​

  • 2018-02-06 06:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​ក្រុម​បាល់ទាត់​ក្នុង​សាល​ PCO ​បាន​ក្លាយ​ជា​តួ​អង្គ​ដ៏​សំខាន់​​ម្នាក់​ជួយ​​ក្រុម​​របស់​ខ្លួន​ឲ្យ​ទទួល​បាន​​ជើង​ឯក​​ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង​​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ Tiger Street Football Festival 2018 បន្ទាប់​ពី​ប្រកួត​អស់​រយៈ​ពេល​២​ថ្ងៃ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

ក្រុម​ PCO ចំណាត់​ថ្នាក់​លេខ​១​នៅ​បាត់ដំបង

កីឡាករ​ ព្រំ ឌិន​ ​ដែល​ជា​អ្នក​ចាំ​ទី​ដ៏​ល្អ​ម្នាក់​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​​​​រារាំង​ដៃ​គូ​​​មិន​ឲ្យ​​ស៊ុត​ចូល​ក្រុម​របស់​ខ្លួន​មួយ​គ្រាប់​ណា​ឡើយ។ ក្រុម​របស់​គេ​បាន​ឆ្លង​កាត់​៥​ប្រកួត​ដើម្បី​ក្លាយ​ជា​ជើង​ឯក​​ប្រចាំ​មណ្ឌល​បាត់ដំបង​ក្នុង​ពាន​រង្វាន់​​ដ៏​អស្ចារ្យ​ Tiger Street Football Festival ២០១៨​ ​ដោយ​​គ្មាន​​ក្រុម​ណា​មួយ​ស៊ុត​ចូល​​​ទី​ក្រុម​របស់​ខ្លួន​​បាន​ឡើយ ​សូម្បី​មួយ​គ្រាប់​ក៏​គ្មាន​ផង។ ការ​ស៊ុត​​ខ្លាំង​​ៗ​ និង​គ្រោះ​ថ្នាក់​ក្នុង​ទី​លាន​ហ្វូត​សាល​ស្តង់ដារ​ រូប​គេ​​ជួយ​សង្គ្រោះ​បាល់​បាន​រហូត។ នេះ​ជា​កំណត់​ត្រា​ដ៏​ល្អ​សម្រាប់​រូប​គេ​ដែល​ជួយ​ក្រុម​ឈ្នះ​កៅអី​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ។

៥​ប្រកួត​ដែល​ ព្រំ​ ឌិន​ បាន​រក្សា​សំណាញ់​ទី​របស់​ខ្លួន​​ដោយ​គ្មាន​គ្រាប់​បាល់​ចូល​ ឬ​ហៅ​ថា​​ Clean Sheet គឺ​ប្រកួត​​ទី​១​ក្រុម​ PCO បាន​​ទម្លាក់​ក្រុម Classic FC ប្រកួត​លើក​ទី​២​​ទម្លាក់​ក្រុម​ខ្លាំង​ Battambang Crown ​ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្រុម​ជើង​ឯក​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ដែល​មាន​បទ​ពិសោធ​មក​ភ្នំពេញ​ញឹកញាប់​ Fox Zone FC ដោយ​លទ្ធផល​ ១-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ដែល​វគ្គ​នេះ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​​យុវជន​ទួល​តាឯក​ B ដោយ​លទ្ធផល​១-០​ ទៀត​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ វគ្គ​ផ្តាច់​ព្រ័ត្រ​ ពួក​គេ​ត្រូវ​ជួប​ជើង​ខ្លាំង​មាន​បទ​ពិសោធ​ច្រើន​​ទៀត​គឺ​ FC Crown A​ ប៉ុន្តែ​​ពួក​គេ​នៅ​តែ​ធ្វើ​បាន​ល្អ​​ដោយ​យក​ឈ្នះ​​ក្នុង​លទ្ធផល​ ១-០ ទៀត​ដើម្បី​ក្លាយ​ជា​ជើង​ឯក​តែ​ម្តង។​

ព្រំ​ ឌិន​បាន​ឲ្យ​ដឹង​ថា តាម​ពិត​រូប​គេ​មាន​បទ​ពិសោធ​ចាំ​ទី​​រយៈ​ពេល​ប្រហែល​ជា​១២​ឆ្នាំ​មក​ហើយ​ពោល​គឺ​តាំង​ពី​អាយុ​១៤​ឆ្នាំ។ រូប​គេ​ធ្លាប់​លេង​ឲ្យ​ក្រុម​ផ្សេង​ៗ​ជា​ច្រើន​នៅ​ខេត្ត​បាត់ដំបង​ដូច​ជា​​ក្រុម​ធនាគារ​ស្រូវ​ និង​ក្រុម​តំណាង​​ខេត្ត​បាត់ដំបង​ដែល​លេង​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន​ ជា​ដើម។ ​ប៉ុន្តែ​រូប​គេ​មិន​ធ្លាប់​មាន​ឱកាស​លេង​ឲ្យ​ក្លឹប​ធំ​​ៗ​កម្រិត​លីគ​ឡើយ។ រូប​គេ​ក៏​ចង់​លេង​ឲ្យ​​ក្រុម​នៅ​លីគ​ដែរ​ ប៉ុន្តែ​ប្រហែល​ជា​គ្មាន​ឱកាស​ឡើយ​ដោយ​សារ​ជាប់​ធ្វើ​ការ​​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ និង​រាង​កាយ​ក៏​កាន់​តែ​ធាត់​ថែម​ទៀត។

អ្នក​ចាំ​ទី​រូប​នេះ​​បង្ហាញ​ថា​ រូប​គេ​ពិត​ជា​រំភើប​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ជួយ​ក្រុម​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ខេត្ត​បាត់ដំបង។ នេះ​ជា​ក្តី​ស្រមៃ​​ក្រុម​របស់​ខ្លួន​ដែល​ខំ​ប្រឹង​ឡើង​ដើម្បី​​លោក​ប្រធាន​​ដែល​បាន​បង្កើត​ក្រុម​បាល់ទាត់​នេះ​ឡើង។ រូប​គេ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​សម្រាប់​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ។

កីឡាករ ព្រំ ឌិន ជា​អ្នក​ចាំ​ទី

បើ​និយាយ​ពី​ក្រុម​ជើង​ឯក​ PCO នេះ​​ស្ទើរ​គ្មាន​ក្រុម​ណា​មួយ​ក្នុង​ខេត្ត​បាត់ដំបង​​យក​ទុក​ក្នុង​កែវ​ភ្នែក​ឡើយ។ ​ព្រឹត្តិការណ៍​ពាន​រង្វាន់​ Tiger Street Football Festival ​​ក្រុម​មួយ​នេះ​ធ្លាប់​ចូល​រួម​ប្រកួត​​កាល​ពី​ឆ្នាំ​២០១៧​ ប៉ុន្តែ​បាន​ធ្លាក់​ចេញ​តាំង​ពី​​ជុំ​ដំបូង​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ទាំង​អស់​ដែល​​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​នៅ​ខេត្ត​បាត់ដំបង។

៦​កៅអី​មណ្ឌល​បាត់ដំបង​មក​ភ្នំពេញ

  • ក្រុម​ជើង​ឯក៖ PCO ទទួល​បាន​១៥០០​ដុល្លារ​អាមេរិក
  • ក្រុម​ជើង​ឯក​រង៖ FC Crown A ទទួល​បាន​១ ០០០​ដុល្លារ​អាមេរិក
  • ក្រុម​លេខ​៣៖ យុវជន​ទួល​តាឯក​ B ទទួល​បាន​៥០០​ដុល្លារ​អាមេរិក
  • ក្រុម​លេខ​៤៖ Forest FC ទទួល​បាន​២០០​ដុល្លារ​អាមេរិក
  • ក្រុម​លេខ​៥៖ Norea Team
  • ក្រុម​លេខ​៦៖ Fox Zone FC

ពាន​រង្វាន់​​ដ៏​អស្ចារ្យ​ Tiger Street Football Festival 2018 បាន​រក​ឃើញ​ក្រុម​ខ្លាំង​ៗ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ កំពង់ស្ពឺ​ និង​បាត់ដំបង​ហើយ។ ចុង​សប្តាហ៍​នេះ​នឹង​​ចាប់​​ផ្តើម​ប្រកួត​ជ្រើស​រើស​នៅ​មណ្ឌល​ខេត្ត​សៀមរាប​​ពី​ថ្ងៃ​ទី​៩ ១០ និង​១១​​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នៅ​​អង្គរ​ខ្យុងយូ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី