- 2020-03-26 03:29:17
- បាល់ទាត់
ហុង ផេង៖ របួសខ្នងជើងខ្ញុំជាបាន ៧០% ហើយ
- 2020-03-26 03:29:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុង ផេង៖ របួសខ្នងជើងខ្ញុំជាបាន ៧០% ហើយ
ចន្លោះមិនឃើញ
ខ្សែការពារឆ្នើមរបស់ក្លឹបបឹងកេត ហុង ផេង បានឱ្យ Sabay ដឹងថា របួសរបស់ខ្លួនជាបាន ៧០% ហើយ ក្រោយសម្រាកព្យាបាលអស់រយៈពេល ៣សប្ដាហ៍កន្លងមក។
ខ្សែការពារដ៏រឹងមាំរបស់ក្លឹបជើងឯកលីគកំពូលកម្ពុជា២សម័យកាល បច្ចុប្បន្នបានត្រឹមតែរត់ក្រៅទីលាន និងបានប៉ះបាល់តិចៗប៉ុណ្ណោះ ដ្បិតខ្នងជើងនៅឈឺមិនហ៊ានទាត់ខ្លាំង។
ហុង ផេងបញ្ជាក់ ៖«ហ្នឹងហើយបានតែរត់ក្រៅ ហើយប៉ះបាល់បានបះតិចៗ បើទាត់ខ្លាំងអត់កើត ព្រោះខ្នងជើងយើងប៉ះបាល់នៅឈឺ ប្រើបានតែអប់ជើង»។
របួសខ្នងជើងរបស់ ហុង ផេង អាចនឹងជាសះស្បើយទាន់ការប្រកួតខាងមុខ ប៉ុន្តែមិនប្រាកដថាបានលេងឡើយ ព្រោះរូបគេត្រូវគោរពតាមការសម្រេចចិត្តរបស់គ្រូបង្វឹក និងខ្សែការពាររូបនេះ បានប្ដេជ្ញាខិតខំហ្វឹកហាត់បន្ថែម។
ខ្សែការពារកណ្ដាលជើងចាស់ ហុង ផេង បានរងរបួសពេលប៉ះជាមួយកីឡាករ ជា ចាន់តារា អំឡុងពេលបឹងកេតប្រកួតសមជើងជាមួយយុវជនភ្នំពេញក្រោន កាលពីពេលកន្លងទៅ។ បឹងកេតបានឆ្លងកាត់ការប្រកួតបួនសប្ដាហ៍ហើយ ប៉ុន្តែ ហុង ផេង មិនទាន់បានលេងឡើយសូម្បីមួយប្រកួត ដោយកាលពីបើករដូវកាលឆ្នាំ២០២០ រូបគេមានជំងឺផ្ដាសាយធំ ហើយបន្តអវត្តមានលើទីលានរហូតដល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា ហុង ផេង បានមកលេងឱ្យក្លឹបបឹងកេតនៅឆ្នាំ ២០១៥ និងបានជួយឱ្យក្លឹបលើកពានលីគកំពូលកម្ពុជា ២ដង អុំឡុងឆ្នាំ២០១២ និង ២០១៦ ហើយលើកពានរង្វាន់សម្ដេច ហ៊ុន សែន មួយលើកក្នុងឆ្នាំ ២០១៩៕