• 2020-02-26 08:31:17
  • បាល់ទាត់

វិភាគ៖ ​សង្គ្រាម​វាល​ស្មៅ ​Real Madrid ​ប៉ះ Man City ​យប់​នេះ ញាក់​សាច់​

  • 2020-02-26 08:31:17
  • ចំនួនមតិ 39 | ចំនួនចែករំលែក 65

ចន្លោះមិនឃើញ

ក្រុម Real Madrid ​នឹង​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ។

​ខាង​ក្រោម​នេះ ជា​រឿង​មួយ​ចំនួន​ដែល Sabay ​ស្រាវជ្រាវ​លើក​មក​វិភាគ​ជួន​អ្នក​គាំទ្រ​បាន​ដឹង​ទាំង​អស់​គ្នា៖

ជម្រើស​១១​នាក់​ក្រុម​ទាំង​ពីរ ​និង​កីឡាករ​របួស

  • ក្រុម Real Madrid ​អាច​ដាក់​៖ Courtois: Carvajal, Varane, Ramos, Mendy; Modrić, Valverde, Casemiro, Kroos; Vinícius Júnior, Benzema។ ​កីឡាករ​សំខាន់​៣​នាក់​មិន​អាច​លេង​បាន​ឡើយ គឺ Hazard ​របួស Asensio ​របួស ​និង Rodrygo ​ជាប់​បម្រាម។
  • សម្រាប់​ក្រុម Man City ​វិញ ​អាច​ប្រើ​កីឡាករ​១១​នាក់​នេះ៖ Ederson; Walker, Fernandinho, Laporte, Zinchenko; De Bruyne, Rodri, Silva; Bernardo, Agüero, Sterling។ ​ខ្សែ​ប្រយុទ្ធ Sane ​មិន​ទាន់​ច្បាស់​ថា​លេង​បាន​ឬ​អត់​ទេ។

អ្វី​ដែល​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ​និយាយ

Zidane ​បាន​និយាយ​ថា​៖ “គ្រាន់​តែ​លទ្ធផល​មិន​ល្អ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ មិន​មែន​មាន​ន័យ​ថា​យើង​កំពុង​លេង​មិន​ល្អ​ទេ។ ​ប្រកួត​នេះ គឺ Real Madrid ​ប៉ះ Man City ​មិន​មែន Zidane ​ជាមួយ Pep ​ឡើយ។ វា​ជា​ការ​ប្រកួត​បាល់ទាត់ ​ហើយ​វា​នឹង​ក្លាយ​ជា​ប្រកួត​ជក់​ចិត្ត​បំផុត​សម្រាប់​អ្នក​គាំទ្រ។ ​City ​ជា​ក្រុម​ខ្លាំង​មួយ ពួកគេ​មាន​កីឡាករ​ល្អ​ច្រើន ​និង​កីឡាករ​សំខាន់​ក៏​ជា​ទាន់​ល្មម​សម្រាប់​ប្រកួត។ យើង​នឹង​ប្រឹងប្រែង ​ហើយ​មិន​ប្ដូរ​គោលដៅ​ឡើយ គឺ​ត្រូវ​តែ​ឈ្នះ​ឱ្យ​បាន​”។

Pep ​គ្រូ​របស់​ក្រុម Man City ​តប​ត​វិញ​ថា​៖ “យើង​ត្រូវ​តែ​ខ្លាំង ​មាន​សមត្ថភាព​និង​ត្រូវ​ការ​សំណាង​ផង​ដែរ​ក្នុង​ការ​ប្រកួត​នេះ។ យើង​ត្រូវ​ការ​រៀប​ចំ​យុទ្ធសាស្ត្រ កល​ល្បិច​លេង និង​សំណាង ដើម្បី​ឈ្នះ​ក្រុម​ល្អ​មួយ​នេះ។ អ្វី​ដែល Zidane ​បាន​ធ្វើ​ជាមួយ​ក្រុម Real Madrid ​ដែល​ឈ្នះ UCL ​៣​ឆ្នាំ​ជាប់​គ្នា គឺ​គ្មាន​នរណា​អាច​ធ្វើ​វា​បាន​ទៀត​ទេ”។

អ្នក​ជំនាញ​មើល​ឃើញ

Zidane ​បាន​ប្រើ​ប្រាស់​ក្បួន​លេង​យ៉ាង​ច្រើន​របៀប​នា​រដូវ​កាល​នេះ ​នៅ​ពេល Hazard ​រង​របួស។ ​តែ​លទ្ធផល​វិញ ​នៅ​មិន​ទាន់​អាច​រក​ឃើញ​ទម្រង់​មួយ​ដែល​ល្អ​ខ្លាំង​សម្រាប់​ក្រុម​នៅ​ឡើយ​ទេ។ Real Madrid ​នៅ​តែ​ខ្វះ​អ្នក​ស្វែង​រក​គ្រាប់​បាល់​ដដែល បើ​ទោះ​ជា Benzema ​ធ្វើ​បាន​ល្អ​ហើយ​ក៏​ដោយ ​ក៏​ពេល​ខ្លះ​រូបគេ​នៅ​មាន​ចំណុច​កែ​លម្អ​ដែរ។ អ្វី​ដែល​គេ​មើល​ឃើញ​ថា​ល្អ​រដូវ​កាល​នេះ គឺ Real Madrid ​មាន​តំបន់​ការពារ​ល្អ​មួយ ​និង​បម្រើ​ចែក​បាល់​បាន​ល្អ តែ​ខ្វះ​ប្រយុទ្ធ។

​ក្រុម Man City ​នៅ​ពេល​ដែល Bruyne ​និង Laporte ​ត្រលប់​មក​វិញ ​ពួកគេ​ហាក់​ដូចជា​មាន​ទម្រង់​លេង​ថ្មី ប្លែក​ខុស​ពី​កាល​ពី​បើក​រដូវ​កាល។ ជាមួយ​ការ​ត្រលប់​មក​វិញ​នៅ​តំបន់​ខាង​លើ Sterling ​ប្រាកដ​ណាស់​នឹង​ជួយ​បាន​ច្រើន​មិន​ខាន ​បូក​ផ្សំ​ជាមួយ Jesus ​ទៀត។ ​សម្រាប់​ប្រកួត​នេះ ​នឹង​ធ្វើ​ឱ្យ​កក្រើក​មិន​ខាន ​ហើយ​ក្រុម Real Madrid ​ក៏​មិន​ងាយ​បំបែក​ពង​មាន់​របស់ Man City ​ដែរ ទោះ​លេង​ក្នុង​ដី​របស់​ខ្លួន​ក៏​ដោយ។

​ប្រវត្តិ​ជួប​គ្នា​

កាល​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១៦​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​មាន​គ្រាប់​បាល់​កើត​ឡើង​តែ​១​គ្រាប់​ប៉ុណ្ណោះ។ ​នៅ​ទឹក​ដី Man City ​គឺ​ស្មើ​គ្នា ​ហើយ​នៅ​អេស្ប៉ាញ​វិញ Fernando ​រក​បាន​១​គ្រាប់​ឱ្យ Real Madrid ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ នៅ​រដូវ​កាល​២០១២ ​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​ទៀត​នៅ​ក្នុង​ពូល ដោយ​គ្រា​នោះ Real Madrid ​ក្នុង​ដី​ឈ្នះ ៣-២ ​និង​នៅ​ក្រៅ​ដី​វិញ ​ស្មើ​គ្នា ១-១។ ​

អ្វី​ត្រូវ​ដឹង​

  • Real Madrid ​ស្ថិត​នៅ​លេខ​២​ក្នុង​ពូល ​៣​រដូវ​កាល​មក​ហើយ ​ក្នុង​៤​រដូវ​កាល​ចុង​ក្រោយ​នេះ

  • រដូវ​កាល​មុន Real Madrid ​បាន​លេខ​១​ក្នុង​ពូល ប៉ុន្តែ​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ដោយសារ​តែ​ក្រុម Ajax ​

  • រដូវ​កាល​មុន គឺ​ជា​រដូវ​កាល​ដំបូង​សម្រាប់​ក្រុម Real Madrid ​ដែល​មិន​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។

  • Real Madrid ​វគ្គ​ចាញ់​ធ្លាក់ ​ប៉ះ​ក្រុម​អង់គ្លេស ​មាន​កំណត់ត្រា​ឈ្នះ​៨​ដង ​និង​ចាញ់​៤​ដង។ ​ជួប​គ្នា​ចុង​ក្រោយ គឺ​ប៉ះ​ក្រុម Liverpool ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១៨ ​ដោយ​គ្រា​នោះ Real Madrid ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១។

  • ក្រុម​អង់គ្លេស​មក​លេង​ក្នុង​ដី Real Madrid ​ឈ្នះ​បាន​តែ​២​ដង​ប៉ុណ្ណោះ ​ស្មើ​គ្នា​៦ ​និង​ចាញ់​ដល់​ទៅ​៨​ដង​ទៅ​ហើយ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់