• 2020-02-26 04:20:29
  • ព័ត៌មាន

ទីក្រុង Barcelona រក​ឃើញ​ស្ត្រី​ម្នាក់​ឆ្លង​​វីរុស​កូរ៉ូណា ក្រោយ​ធ្វើដំណើរ​ពី​អ៊ីតាលី

  • 2020-02-26 04:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​​ម្នាក់​ត្រូវ​បាន​ពិនិត្យ​រក​ឃើញ​ឆ្លង​​​វីរុស​កូរ៉ូណា ក្រោយ​​ធ្វើ​ដំណើរ​ពី​ប្រទេស​អ៊ីតាលី ចូល​មក​កាន់​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

ស្ត្រី​ជា​ជនជាតិ​អ៊ីតាលី​វ័យ​៣៦​ឆ្នាំ​ដែល​មិន​ទាន់​បញ្ចេញ​ឈ្មោះ​គឺ​បាន​មក​រស់​នៅ​ទីក្រុង Barcelona ហើយ​កំពុង​បញ្ជូន​ឲ្យ​សម្រាក​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ដែល​ស្ថិត​នៅ​តំបន់​កាតាឡាន់។ នាង​បាន​ឆ្លង​ជំងឺ បន្ទាប់​ពី​ចំណាយ​ពេល​១០​ថ្ងៃ​ទៅ​ជួបជុំ​គ្រួសារ​និង​មិត្តភ័ក្ដិ​​នៅ​ទីក្រុង Milan និង Bergamo ប្រទេស​អ៊ីតាលី។ នេះ​គឺ​ជា​ករណី​ឆ្លង​ទី​៣​កើត​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ។

អាជ្ញាធរ​សុខាភិបាល​កាតាឡាន់​បាន​​ដាក់​មនុស្ស​ចំនួន​២៥​នាក់ដែល​បាន​ទាក់ទង​ស្ដ្រី​ខាង​លើ​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ ហើយ​កំពុង​ធ្វើ​តេស្ត​ដើម្បី​ដឹង​ថា​តើ​ពួក​គេ​មាន​វីរុស​នេះ​ដែរ​ឬ​ទេ។

ទីក្រុង Barcelona ជា​មូលដ្ឋាន​របស់​ក្រុម​បាល់ទាត់ FC Barcelona។ ការ​ជ្រាប​ចូល​នៃ​​​​វីរុស​កូរ៉ូណា​មក​កាន់​ទីក្រុង Barcelona និង​ប្រទេស​អេស្ប៉ាញ​ក៏​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​បាល់ទាត់​ប្រទេស​នេះ​ផង​ដែរ។ ជាក់​ស្ដែង​លីគ​កំពូល​របស់​អ៊ីតាលី Serie A ត្រូវ​បាន​ផ្អាក​ការ​លេង​ច្រើន​ប្រកួត​ដោយ​សារ​បារម្ភ​​ពី​ការ​រាតត្បាត​នៃ​វីរុស។ Barcelona ក៏​ទើប​ត្រលប់​ពី​ប្រទេស​អ៊ីតាលី​វិញ​ដែរ ក្រោយ​បញ្ចប់​ការ​ប្រកួត​ ១-១​ ជាមួយ Napoli៕ ​​

​​

​​​

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់