• 2020-02-20 02:43:05
  • បាល់ទាត់

Pep បន្ត​នៅ Manchester City ​ប្រឆាំង​តវ៉ា​ការ​ហាម​របស់ UEFA

  • 2020-02-20 02:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ

Pep Guardiola បាន​ឱ្យ​ដឹង​​ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់​ខ្លួន ចាប់​តាំង​ពី Manchester City ត្រូវ​បាន​ UEFA ហាម​មិន​ឱ្យ​លេង Champions League រយៈ​ពេល​ឆ្នាំ ពី​បទ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ច្បាប់​ "តុល្យភាព​ហិរញ្ញ​វត្ថុ" ថា លោក​មិន​ទៅ​ណា​ចោល​ក្រុម​មេឃ​ខៀវ​ឡើយ ហើយ​លោក​នៅ​ក្លឹប​នេះ ​ដើម្បី​ប្រឆាំង​ត​វ៉ា​ការ​ហាម​​​មួយ​នេះ។

អំឡុង​ពេល​យក​ឈ្នះ West Ham ២-០ កាល​ពី​យប់មិញ អ្នក​គ្រប់គ្រង City បន្ត​ថាបញ្ហា​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ទេ ហើយ​ក្លឹប​ជឿជាក់វា​ជា​រឿង​អយុត្តិធម៌ ហើយ​ក្លឹប​នឹង​ប្ដឹង​ឧទ្ធរណ៍។

«ខ្ញុំ​ជឿ​ ១០០​%​ នូវ​អ្វី ដែល​ក្លឹប​បាន​និយាយ ហើយ​អ្វី​ដែល​ពួក​គេបាន​ធ្វើ ពួក​គេ​បាន​ពន្យល់​ហេតុ​ផល​មក​កាន់​ខ្ញុំ។ យើង​នឹង​ប្រឆាំង ហើយ​យើង​មាន​សុទិដ្ឋិនិយម​ថា​ នៅ​រដូវ​កាល​​ក្រោយ​ ប្រសិន​បើ​យើង​មាន​លក្ខណៈ​គ្រប់គ្រាន់​ សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League យើង​នឹង​លេង»។

កុងត្រា​របស់ Pep Guardiola មាន​រហូត​ដល់​បញ្ចប់​រដូវ​កាល​​ក្រោយ ហើយ​​​អ្នកចាត់ការក្រុមបាន​អះអាង​​ថា លោក​ស្រលាញ់​ និង​ចង់​ឱ្យ​ក្លឹប​ Manchester City ​នៅ​កម្រិត​នេះ​ឱ្យ​បាន​យូរតាមដែល​អាច​ធ្វើ​បាន​។

«ខ្ញុំ​មិន​ទៅ​ណា​ទេ ប្រសិន​បើ​ក្លឹប​មិន​ចេញ​ខ្ញុំ​ចេញ។ ហេតុ​អ្វី​ខ្ញុំ​មិន​ចេញ? ខ្ញុំ​ស្រលាញ់​ក្លឹប​នេះ ខ្ញុំ​ចង់​នៅ​ទី​នេះ ដើម្បី​បន្ត​ជួយ​ក្លឹប​ និង​រក្សា​កម្រិត​ឱ្យ​នៅ​ត្រឹម​នេះ ឱ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន។ នោះ​មិន​មែន​ដោយ​សារ​តែ​កុង​ត្រា​ខ្ញុំ​នៅ​ទេ គឺយើង​ចង់​ប្រឆាំង​តវ៉ាដល់​ទី​បញ្ចប់ សម្រាប់​មនុស្ស​ដែល​គាំទ្រ​ក្លឹប​នេះ»។

ចំណែក​​នាយក​ប្រតិបត្តិ​ក្លឹប Manchester City លោក Ferran Soriano បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗនេះ ក្លឹប​មាន​ភស្តុតាង​មិន​អាច​ប្រកែក​បាន​ គឺថាការ​ចោទ​ប្រកាន់​របស់​ UEFA គឺ​មិន​ពិត​។

ទោះមិន​បាន​ឃើញ​ភស្តុតាង​ ប៉ុន្តែ​ Pep ជឿជាក់​លើលោក​ Ferran ប្រធាន​របស់​ខ្លួន និង​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​មាន​តួនាទី​អ្វ្វី ទៅ​សួរ​រឿង​ភស្តុតាង​ដែល​ក្លឹប​មាន​ឡើយ ខ្ញុំ​មិន​មែន​ជា​មេធាវី ហើយវា​ជា​រឿង​ដ៏​ចម្រូងចម្រាស​។ ខ្ញុំ​ដឹង​មូលហេតុតិចតួច ហើយមាន​ពីរ​ភាគី។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើនោះ គឺ​ឈ្នះ​ការប្រកួត»៕

ប្រភព៖ MSN ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់