• 2020-01-06 02:22:18
  • បាល់ទះ

ចូលរួម​ត្រេកអរ!​ កីឡាករ​បាល់ទះ​កម្ពុជា​ គួន​ មុំ​ ត្រូវ​បាន​ក្លឹប​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ទិញ​ទៅ​លេង​

  • 2020-01-06 02:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ និង​ជា​សមាជិក​ក្លឹប​វិសាខា​ គួន​ មុំ​ នឹង​ចេញ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី ​ថ្ងៃ​នេះ​ហើយ​បន្ទាប់​ពី​មាន​ក្លឹប​បាល់ទះ​លីគ​កំពូល​មួយ​នៅ​ទី​នោះ​បាន​ចរចា​ទិញ​ឲ្យ​ជួយ​លេង​។​

គួន មុំ​ ជួរ​ខាង​ក្រោយ​រាប់​ពី​ឆ្វេង​ទៅ​ទី៤​

លោក​ សាន​ សុក្រិត​ គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​វិសាខា​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​បោះជំហាន​មួយ​ទៀត​ហើយ​សម្រាប់​បាល់ទះ​កម្ពុជា​ ជា​ពិសេស​សមត្ថភាព​កីឡាករ​តែ​ម្ដង​ បន្ទាប់​ពី​មាន​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ការ​ព្យាយាម​កន្លង​ទៅ។​

គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា​ ឯកឧត្ដម​ ស​ សុខា​ ប្រធាន​ក្លឹប​ និង​ខ្លួន​លោក​ផ្ទាល់​គឺ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ ក្រោយ​បាន​កីឡាករ​ឆ្នើម​របស់​ក្លឹប​បាន​គេ​ទិញ​យក​ទៅ​ជួយ​លេង​គេ​បែប​នេះ។​ ព្រោះ​ថា​ពី​មុន​មក​មាន​កីឡាករ​មួយ​ចំនួន​បាន​ត្រឹម​ទៅ​លេង​នៅ​ឯ​ប្រទេស​ថៃ​នោះ​ទេ​ ប៉ុន្តែ​លើក​នេះ​បាន​ទៅ​លេង​ដល់​ឥណ្ឌូណេស៊ី។​

កីឡាករ គួន​ មុំ​ ពេលលេង​នៅ​ស៊ីហ្គេម

គ្រូ​ខាង​លើ​នេះ​ជឿជាក់​ថា​ នេះ​ជា​បទ​ពិសោធ​ថ្មី​បន្ថែម​ទៀត​ហើយ​សម្រាប់​ គួន​ មុំ​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ក៏​ដូច​ជា​រៀនពី​គេ​មកវិញ ព្រោះ​ឥណ្ឌូណេស៊ី​ ជា​ប្រទេស​ដែល​ខ្លាំង​ខាង​វិស័យ​បាល់ទះ​មួយ​ផង​ដែរ​ ជាក់​ស្ដែង​ស៊ីហ្គេម​ពីរ​លើក​ចុង​ក្រោយ​នេះ​ ២០១៧​ ឈ្នះ​មេដាយ​ប្រាក់​ និង ​ឆ្នាំ​ ២០១៩​ ថ្មីៗ​នេះ​ឈ្នះ​មេដាយ​មាស​ថែម​ទៀត​ផង។​ របៀបនៃ​ការ​លេង​គឺ​ប្លែក​ខុស​ពី​កម្ពុជា​ ដូច្នេះ​ហើយ​នេះ​អាច​ចាត់ទុក​ថា​ការ​សន្សំ​បទ​ពិសោធបន្ថែម។​

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា

រំលឹក​ដែរ​ថា​ កីឡាករ​បាល់ទះ​ គួន​ មុំ​ នឹង​ត្រូវ​ចាកចេញ​ពី​កម្ពុជា​នា​រសៀល​ថ្ងៃ​នេះ​ហើយ​ ដើម្បី​ទៅ​ជួយ​លេង​ឲ្យ​ក្លឹប​បាល់ទះ​ JAKARTA GARUDA​ ក្នុង​លីគ​កំពូល​របស់​ឥណ្ឌូណេស៊ី​ រយៈពេល​ ៣ខែ​ទើប​វិល​មក​វិសាខា​វិញ៕​

កីឡាករ គួន​ មុំ​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់