• 2019-11-05 03:39:09
  • បាល់ទាត់

មក​ស្គាល់​អាវុធ​ពិសេស​ថៃ ​ស៊ុត​៤​គ្រាប់​ម្សិលមិញ ​ត្រៀម​ប៉ះ​U19 ​កម្ពុជា​

  • 2019-11-05 03:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម U19 ​ជម្រើស​ជាតិ​ថៃ ​នឹង​ត្រូវ​សងសឹក​ក្រុម U19 ​ជម្រើស​ជាតិ​កម្ពុជា ​នៅ​ថ្ងៃ​ទី​៨​ខាង​មុខ​នេះ ​ពាន​រង្វាន់ AFC U19 Championship ​វគ្គ​ជម្រុះ​ពូល G ។

ថៃ​បាន​បរាជ័យ​ម្ដង​មក​ហើយ​ជាមួយ​ក្រុម​កម្ពុជា​នេះ ​ដូច្នេះ​ការ​ប្រកួត​ខាង​មុខ ពួកគេ​បាន​ត្រៀម​កីឡាករ​និង​ផ្លាស់​ប្ដូរ​សមាសភាព​ជា​ច្រើន​រូប។ ជាក់​ស្ដែង ​ក្រុម U19 ​ថៃ​លើក​នេះ ​បាន​យក​យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់​របស់​ក្រុម Buriram United ​មក​រួម​ក្រុម។ ​Suphanat Mueanta ​ជា​អាវុធ​ថ្មី​របស់​ក្រុម​ថៃ ព្រោះ​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​ល្អ ​និង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ឈុត​ថៃ​ថែម​ទៀត​ផង។

មុន​ពេល​មក​កម្ពុជា​នេះ​ Suphanat ​ក៏​បាន​ហាត់​ជាមួយ​ក្រុម​ធំ​ថៃ​ដែរ ​ដើម្បី​ត្រៀម​ខ្លួន​លេង​វគ្គ​ជម្រុះ World Cup 2022 ​ដោយ​ថៃ​ប៉ះ​ម៉ាឡេស៊ី ​និង​វៀតណាម។ ​និយាយ​ពី​កំណត់ត្រា​នៅ​ក្លឹប Buriram United ​វិញ ​កីឡាករ​កើត​នៅ​ស៊ីសាកេត ​នេះ ​ជា​កីឡាករ​ក្មេង​បំផុត​រក​គ្រាប់​បាល់​បាន​នៅ​លីគ​កំពូល​ថៃ ​នៅ​ត្រឹម​វ័យ​១៥​ឆ្នាំ​៩​ខែ​២២​ថ្ងៃ ​គ្រា​ដែល​រូបគេ​ជួយ​ក្រុម Buriram ​ឈ្នះ Air Force ​៥-០​។

Suphanat ​ក៏​ក្លាយ​ជា​កីឡាករ​ទី​៥​ក្មេង​បំផុត​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់ AFC Champions League ​ផង​ដែរ ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មីនា​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ​លេង​ទល់​ក្រុម Jeonbuk Hyundai Motor ​ក្នុង​ពូល G ។ បន្ទាប់​មក​រូបគេ​រក​បាន​១​គ្រាប់​ក្នុង​ពាន​រង្វាន់​នេះ ​ទល់​ក្រុម Beijing Guoan ​ក្នុង​ការ​ប្រកួត​ទី​៣ ​ដែល​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​រក​គ្រាប់​បាល់​បាន ​នៅ​ត្រឹម​វ័យ​១៦​ឆ្នាំ។

ដោយ​ឡែក​ក្នុង​ការ​លេង​ពាន AFC U19 ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ ​ម្សិលមិញ​ក៏​រក​បាន​៤​គ្រាប់ ​ជួយ​ក្រុម​ថៃ​ឈ្នះ​ក្រុម​ព្រុយណេ ​៩-០ ​ដែរ។ ​ប្រកួត​បន្ទាប់ ​ថៃ​នឹង​ត្រូវ​ប៉ះ​ក្រុម​គោ​ព្រៃ​កម្ពុជា​ដែល​ទើប​ឈ្នះ​កោះ​ម៉ារីណា ​៩-០ ​ដូច​គ្នា។ ​ដូច្នេះ វា​នឹង​ក្លាយ​ជា​ប្រកួត​ជក់​ចិត្ត ​តាន​តឹង​បំផុត​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់