• 2019-10-28 04:43:05
  • ព័ត៌មាន

រត់ពាក់​កណ្ដាល​ម៉ារ៉ាតុងលើ​ភ្នំបូកគោ បាន​ទាំង​សប្បាយ បាន​ទាំង​ជួយ​មន្ទីរពេទ្យគន្ធបុប្ផា

  • 2019-10-28 04:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៦ បាន​ប្រព្រឹត្ដទៅនៅលើភ្នំបូកគោ នៃខេត្តកំពត ចាប់ពីថ្ងៃ ទី២៦-២៧ ខែតុលា ឆ្នាំ ២០១៩។ ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់ប្រចាំឆ្នាំនៅលើភ្នំបូកគោនេះ គឺរៀបចំដោយសណ្ឋាគារឋានសួគ៌សុខាបូកគោ។

វាមិនត្រឹមតែជាការចូលរួមដើម្បីភាពសប្បាយរីករាយ និងសុខមាលភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចូលរួមដើម្បីគាំទ្រដល់ការងារសប្បុរសធម៌ផងដែរ ពីព្រោះចំណូលដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។

ព្រឹត្តិការណ៍សប្បុរសធម៌នេះ គឺបើកចំហសម្រាប់ទាំងជនបរទេសនិងប្រជាជនកម្ពុជា ដោយមិនកំណត់ពីអាយុចំពោះការត់ប្រណាំងបែបកម្សាន្ត (Fun Run) ហើយចំពោះអ្នកចូលរួមប្រណាំងកង់គឺតម្រូវឲ្យមានអាយុចាប់ពី ៩ឆ្នាំឡើងទៅ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៦នេះ ផ្តល់ឱកាសដ៏មានអត្ថន័យបំផុតសម្រាប់អ្នកចូលរួមទាំងអស់ ពីព្រោះពួកគេបានរួមចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយទន្ទឹមនឹងនេះដែរអ្នកចូលរួមក៏នឹងទទួលបាននូវបទពិសេសដ៏រីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

ចំពោះកម្មវិធីប្រណាំងកង់ ធ្វើឡើង​នៅថ្ងៃសៅរ៍ទី២៦ ខែតុលា មានចម្ងាយផ្លូវ៤ប្រភេទខុសៗគ្នា ក្នុងនោះមាន ចម្ងាយផ្លូវ ១០គ.ម ១៧គ.ម ៣៤គ.ម និង ៥១គ.ម។ វិញ្ញាសា១០គ.ម អ្នកចូលរួមត្រូវបានអាយុចន្លោពី៩-១៣ឆ្នាំ តម្លៃចុះឈ្មោះចាប់ពី៧-១២ ដុល្លារ។ វិញ្ញាសាចម្ងាយផ្លូវ ១៧ គ.ម និង ៣៤ គ.ម អ្នកចូលរួមអាយុត្រូវមានអាយុចាប់ពី១៤ឆ្នាំឡើង ថ្លៃចុះឈ្មោះចាប់ពី១២-២៧ដុល្លារ។ វិញ្ញាសា ៥១ គ.ម អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ថ្លៃចុះឈ្មោះសម្រាប់ជនបរទេសតម្លៃ៣២ដុល្លារ និងជនជាតិខ្មែរ តម្លៃ ២២ដុល្លារ។

ចំពោះការរត់ប្រណាំង ធ្វើឡើងនៅថ្ងៃអាទិត្យទី២៧ ខែតុលា ដោយរត់ពាក់កណ្ដាលម៉ារ៉ាតុង មានចម្ងាយ២១ គ.ម ហើយវិញ្ញាសាផ្សេងទៀតមានចម្ងាយផ្លូវ១០គម ៥ គម និង៣គម។ វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ២១គម គីឡូម៉ែត្របេក្ខជនត្រូវមានអាយុចាប់ពី១៦ ឆ្នាំឡើងទៅ ថ្លៃចុះឈ្មោះ៣២ដុល្លារសម្រាប់ជនបរទេស និង២២ដុល្លារសម្រាប់ខ្មែរ។

ចំពោះអ្នកចូលរួមរត់ប្រណាំងចម្ងាយ១០គម ត្រូវមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ ហើយថ្លៃចុះឈ្មោះគឺ ២៧ ដុល្លារសម្រាប់ជនបរទេស និង១៧ ដុល្លារសម្រាប់ខ្មែរ។ ចំណែកឯវិញ្ញាសាចម្ងាយ៥ និង ៣គម អ្នកចូលរួមគឺមិនគិតពីអាយុ ហើយថ្លៃចុះឈ្មោះគឺចាប់ពី ៧-១៧ ដុល្លារ។

ជ័យលាភីនៃការរត់ប្រណាំង នឹងប្រណាំងកង់ នឹងទទួលបាននូវមេដាយ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដោយឡែកអ្នកចូលរួមរង់និងជិះកង់ទាំងអស់ក៏នឹងទទួលបានមេដាយអនុស្សាវរីយ៍ ព្រះមុនីវង្សបូកគោម៉ារ៉ាតុង ម្នាក់មួយផងដែរ។

ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សុខភាព ផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ គឺដើម្បីបុព្វហេតុសប្បុរសធម៌។ អ្នកចូលក៏មានជម្រើសក្នុងការស្នាក់តាមលទ្ធភាព ដូចជានៅសណ្ឋាគារឋានសួគ៌សុខាបូកគោ ស្នាក់នៅតាមរយៈការបោះតង់ ឬនៅ Bokor Inn ជាមួយនឹងតម្លៃសមរម្យ។ ចំណែកឯនៅពេលយប់គឺមានការប្រគំតន្ត្រី ដើម្បីញុំងឱ្យព្រឹត្តិការណ៍នោះកាន់តែសប្បាយរីករាយទ្វេឡើង។

ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនិងប្រណាំងកង់ នេះ គឺមានអ្នកចូលរួមកើនឡើងជាលំដាប់ ទាំងអ្នកចូលរួមរត់និងចូលរួមអ្នកជិះកង់។

សណ្ឋាគារឋានសួគ៌សុខា ដែលស្ថិតនៅលើកំពូលភ្នំបូកគោគឺមានអាកាសធាតុត្រជាក់ អមដោយទេសភាពដ៏ស្រស់ត្រកាល ដែលមានចម្ងាយត្រឹម ៤៥ នាទី ពីក្រុងកំពត និង១៧០នាទីពីរាជធានីភ្នំពេញ។ ភ្នំបូកគោគឺជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដោយសាតែវាមានទេសទេសភាពដ៏អស្ចារ្យ នៃផ្ទាំងថ្ម ប្រាសាទ វាលស្រែ ៥០០ ផ្កាបំពង់ក្រឡោម និងទឹកជ្រោះពពកវិលជាដើម។

ចំណែកឯឧទ្យានជាតិព្រះមុនីវង្ស ដែលត្រូវបានគេស្គាល់ថាជាឧទ្យានជាតិបូកគោនោះ គឺមានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ វាមានកំពស់ ១០៧៥ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦ ៦១៦ ១២៦ ឬអ៊ីមែល: dos.corp@sokhahotels.com និង គេហទំព័រ www.bokormarathon.com.kh/៕

មតិយោបល់