• 2019-09-21 01:01:00
  • បាល់ទាត់

João Félix អនាគត​បាល់ទាត់​ព័រទុយហ្គាល់ តែ​​មិន​មែន​ជា Ronaldo ថ្មី​ឡើយ

  • 2019-09-21 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បានធ្វើដំណើរទៅកាន់ Atletico Madrid កាលពីរាត្រីថ្ងៃពុធ Champions League។ ក្រុម​រហស្សនាម​សេះ​បង្កង់ បាន​នាំ​មុខ​ ២-០ មុន​ ដោយ Juan Cuadrado និង Blaise Matuidi មុន​ពេល​ដែល Atletico បាន​១​គ្រាប់​មក​វិញ​ដោយ Stefan Savic និង កាត​តែត​បាល់​បញ្ចូល​ទី​នៅ​នាទី ៩០ ដោយ Héctor Herrera។

ក្រៅ​តែ​ពី​រឿង​ប្រយុទ្ធ​ក្តៅ​គគុក​លើ​ទីលាន​ហើយ អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ចាប់​អារម្មណ៍​រឿង​ក្រៅ​ឆាក នៅ​ពេល​ដែល Cristiano Ronaldo បានប្រឈមមុខ​តតាំង​នឹងJoãoFélix នៅ​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ជា​ច្រើន​គិត​ថា​ជា​អ្នក​ស្នង CR7 ។

ប៉ុន្តែ​រវាង Ronaldo និង Felix មាន​កន្លែង​ខុស​គ្នា​ជា​ច្រើន។ ជាក់ស្តែង នៅ​មុន​ការ​ប្រកួត​គេ​ឃើញ​ Ronalod ព្យាយាម​ទៅ​សួរសុខទុក្ខ Felix។ Ronaldo បាន​បង្ហាញ​ពី​ការ​គោរព ទោះ​ខ្លួន​គឺ​ជា​កំពូល​កីឡាករ​លំដាប់​ពិភពលោក​កម្រិត​កំពូល​ម្នាក់។ Ronaldo បាន​យក​ដៃ​ទះ​អង្អែល​ក្បាល Felix ថ្នមៗ និង​ ហាក់​ដូច​ជា​និយាយ​ពាក្យ​ផ្តែផ្តាំ​ប៉ុន្មាន​ម៉ាត់​ផង។

តើ​ Felixមាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​​ឥរិយាបថ​នេះ? គឺ​​គ្មាន​អ្វី​ទាំង​អស់។ ក្រៅ​តែ​ពី​ញញឹម​បែប​អៀនប្រៀន មិន​សូវ​បាន​មាត់​ក តែ​ជា​ក្មេង​ជំទង់​ដែល​មាន​ភាព​ស្វាហាប់ និង បង្ហាញ​ឲ្យ​ឃើញ​ថា​ត្បិត​គេ​មាន​អាយុ​តិច ប៉ុន្តែ​​ភាព​រីកចម្រើន​នៃ​អាជីព​របស់​ខ្សែ​ប្រយុទ្ធ Atletico រូប​នេះ​បាន​វិវត្តន៍​ទៅ​មុន​អាយុ។

ម្យ៉ាង​វិញ​ទៀត Felix មើល​ទៅ​មិន​ដូច​កីឡាករ​បាល់ទាត់​ទេ។ រាង​ស្គម​ស្តើង សក់​គ្មាន​ម៉ូដ​គ្មាន​ស្តាយ។ កីឡាករ​វ័យ​១៩​ឆ្នាំ​នៅ​តែ​ពាក់​​ខ្សែ​ដៃ​ដែល​គេ​ពាក់​កាល​ពី​រដូវ​កាល​មុន។ Felix ត្រូវ​បាន​រាយការណ៍​ថា​តែង​ប្រើ​ល្ងាច​ថ្ងៃ​អង្គារ​របស់​គេ​ទៅ​រៀន ឬ ចូល​ក្លឹប​សាមញ្ញា។

មុន​ពេល​ចូលរួម​ជាមួយ Benfica នៅ​អាយុ​១៦​ឆ្នាំ Felix បាន​រៀបរាប់​ពី​ពេលវេលា​ជូរចត់​បំផុត​ពេល​គេ​លេង​ឲ្យ​ក្លឹប Porto។ Felix បាន​ប្រាប់​សារព័ត៌មាន The Players Tribune ថា "[Porto] មិន​ជឿជាក់​លើ​ខ្ញុំ​ដូច​ដែល​ខ្ញុំ​ជឿ​លើ​ខ្លួន​ឯង​ទេ។ ពួកគេ​មិន​ជឿ​ទុកចិត្ត​ខ្ញុំ​ឡើយ​លើ​ទីលាន។ គេ​រិះគន់​ពី​មាឌ​ល្អិត​របស់​ខ្ញុំ។ ពួកគេ​​មិន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ចូលលេង​ឡើយ ហើយ​សូម្បី​មិន​ចែក​បាល់​ឲ្យ​ខ្ញុំលេង​ទៀត​ផង។ នៅ Porto ខ្ញុំ​បាត់បង់​សេចក្តី​រីករាយ​ទាំង​អស់។

Ronaldo ជា​តារា​បាល់ទាត់​ សក់​តែង​សើម​ជាប់​ជានិច្ច និង មាន​ស្តាយ​មិន​ចាញ់​តារា​បង្ហាញ​ម៉ូដ។ កីឡាករ​វ័យ​​៣៤​ឆ្នាំ ជា​​អ្នក​តំណាង​ឲ្យ​ម៉ូដ​ផលិតផល ហើយ​ក៏​ជា​​តំណាង​របស់​កីឡាករ​បាល់ទាត់​សម័យ​ទំនើប​ម្នាក់​​ដែល​បាន​ឈាន​ដល់​កម្រិត​អតិបរិមា។

សរុប​មក Felix ក្រៅ​តែ​ពី​ទេពកោសល្យ​បាល់ទាត់ គ្មាន​កន្លែង​ណា​ដូច Ronaldo ឡើយ មិន​ថា​ភាព​រួសរាយ​រាក់ទាក់ ការ​រៀប​ចំ​ខ្លួន និង សូម្បី​តែ​ឥរិយាបថ​​ដែល​អតីត​កីឡាករ Man Utd តែង​ចាយ​ពេល​លើស​លុប​លើ​ការ​ហ្វឹកហាត់​បាល់ទាត់​ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ Ronaldo នៅ​តែ​ខ្លាំង​ទោះ​ឈាន​ដល់​វ័យ​៣៤​ឆ្នាំ​ហើយ​ក្តី។

Felix ក្នុង​វ័យ​១៩​​ឆ្នាំ គេ​បាន​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​​លំដាប់​ទី​៣​​លើ​លោក​ទៅ​ហើយ ប៉ុន្តែ​គេ​នៅ​ចង់​បែងចែក​ពេលវេលា​រៀន​សូត្រ និង ពេល​វេលា​សប្បាយ​ ដែល​មើល​ទៅ​​ដូច​ជា​មិន​បង្ហាញ​មហិច្ឆតា​ធំ​ដូច​ដែល Ronaldo ធ្លាប់​ធ្វើ​កាល​ពី​ស្ថិត​ក្នុង​វ័យ​ស្របាល​នេះ​សោះ៕

ប្រភព៖ 90min ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់