• 2019-09-09 02:05:25
  • បាល់ទាត់

ហេតុ​ផល​មិន​គួរ​ឱ្យ​ជឿ​១​គត់ ​កម្ពុជា​នៅ​តែ​មាន​សង្ឃឹម​ឈ្នះ​បារ៉ែន​បាន​

  • 2019-09-09 02:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​បារ៉ែន​នៅ​ថ្ងៃ​ស្អែក​នេះ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​វគ្គ​ជម្រុះ World Cup 2022 ។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​គេ​ដឹង​ច្បាស់​ថា​បារ៉ែន​ជា​ក្រុម​ខ្លាំង​ជាង​កម្ពុជា​ឆ្ងាយ ​ទាំង​កម្រិត​បទ​ពិសោធ ​និង​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​កីឡាករ​ម្នាក់​ៗ​តែ​ម្ដង។ តែ​បើ​មើល​ភាព​វិជ្ជមាន​សម្រាប់​ក្រុម​កម្ពុជា​វិញ ​គឺ​នៅ​តែ​មាន ឱកាស​អាច​យក​ពិន្ទុ​បាន​ពី​ក្រុម​បារ៉ែន ​នេះ​ដដែល ​បើ​ទោះ​ជា​វា​ពិបាក​យ៉ាង​ក្ដី។ ​មិន​និយាយ​ពី​កីឡដ្ឋាន​ស្មៅ​សិប្បនិម្មិត ​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ ​គឺ​នៅ​មាន​រឿង​មួយ​ទៀត​ដែល​ជា​កម្លាំង​សំខាន់​បំផុត​ដែល​អាច​ជួយ​ឱ្យ​កម្ពុជា​ជោគជ័យ​បាន។

រឿង​មួយ​នោះ​គឺ​ការ​លើក​ទឹក​ចិត្ត​ ​ចាក់​ចំ​បេះ​ដូង ​របស់ Honda ​អ្នក​ចាត់ការ​ក្រុម​កម្ពុជា​តែ​ម្ដង។ ​មុន​ប៉ះ​ក្រុម​បារ៉ែន ​នេះ Honda ​បាន​ប្រាប់​ទៅ​កីឡាករ​ទាំង​អស់​ថា ​ទោះ​ជា​ប៉ះ​ក្រុម​ខ្លាំង​កម្រិត​ណា​ក៏​ដោយ ​ក៏​ត្រូវ​លេង​ដោយ​ទំនុក​ចិត្ត​និង​លេង​តាម​ក្បួន​ហ្វឹកហាត់​ដែរ។ ​លោក ​មិន​ខឹង​កីឡាករ​ទេ ​បើ​លេង​ទៅ​ចាញ់ ប៉ុន្តែ​លោក​នឹង​ខឹង​កីឡាករ​ប្រសិន​ណា​បើ​មិន​ហាន​លេង​ជាមួយ​ក្រុម​គេ តាម​អ្វី​ដែល​បាន​ហ្វឹកហាត់។ សម្ដី​មាស សម្ដី​ពេជ្រ ទាំង​អស់​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​កែប្រែ​ច្រើន ​រហូត​មក​ដល់​ពេល​នេះ ​លេង​ល្អ ​ហាន​លេង ​មិន​ខ្លាច​នរណា​ទាំង​អស់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម