• 2019-08-18 04:19:00
  • បាល់ទាត់

VAR បង្កើត​ប្រវត្តិសាស្ត្រ​ច្រំដែល​រវាង Man City និង Spurs

  • 2019-08-18 04:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ Man City គួរ​តែ​ដើរ​ចេញ​ពី​កីឡដ្ឋាន​ជាមួយ​​ក្តី​សប្បាយ​រីករាយ​នៅ​ពេល​ដែល Gabriel Jesus បំប៉ោង​សំណាញ់​ទី​ចុង​ម៉ោង។ Pep Guardiola និង Sergio Agüero ដែល​បាន​ប្រទូសរ៉ាយ​រវាង​គ្រូ​និង​សិស្ស​កាល​ពី​​ពាក់​កណ្ដាល​តង់​ទី​២ក៏​ប្រែ​ជា​ល្អូកល្អឺន​និង​គ្នា​វិញ។

តារាង​ពិន្ទុ​លោត​ឡើង Man City នាំ​មុខ Spurs ៣-២ នៅ​នាទី ៩០+៣ ទៅ​ហើយ។ កីឡាករ Spurs ក៏​អស់​សង្ឃឹម​ព្រោះ​ដឹង​ថា​ពួកគេ​អស់​ម៉ោង ហើយ​ដឹង​តែ​ចាញ់​ទៅ​ហើយ។ ប៉ុន្តែ អាជ្ញាកណ្ដាល Michael Oliver ធ្វើ​សញ្ញា​ឆែក VAR។

គ្រាប់​បាល់​ចុង​ម៉ោង អាជ្ញាកណ្ដាល​មិន​ផ្តល់​ឲ្យ​ Man City ក្រោយ​ឃើញ​បាល់​ប៉ះ​ដៃ Aymeric Laporte មុន​ពេល​បាល់​ធ្លាក់​មក​ដល់​ជើង Jesus ដែល​ជា​អ្នក​បញ្ចប់​ទី។

សម្រាប់​ក្រុម​រហស្សនាម​ផ្ទៃ​មេឃ VAR មិន​ទាន់​​ឲ្យ​ពួកគេ​បាត់​ឈឺ​ចាប់​នៅ​ឡើយ​សម្រាប់​ការ​កាត់សេចក្ដី​ដ៏​ចម្រូង​ចម្រាស​ធ្វើ​ឲ្យ Man City ធ្លាក់​វគ្គ​​៨​ក្រុម​ចុងក្រោយ Champions League កាល​ពី​ខែ​មេសា។

ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត Guardiola បាន​និយាយ​ថា មន្ត្រី VAR គួរ​តែ​មាន​តម្លាភាព​ជាង​នេះ។ "រដូវ​កាល​មុន​បាល់ offside ពេល​នេះ​បាល់​ប៉ះ​ដៃ។ បើ​បាល់​ប៉ះ​ដៃ​ឲ្យ​ដឹង​ប៉ះ​ដៃ វា​ជា​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ទីក្រុង​ឡុង ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។ យើង​គួរ​តែ​ធ្វើ​ឲ្យ​វា​មាន​តម្លាភាព​បន្តិច។ បើ​វា​ជា​បាល់​ប៉ះ​ដៃ Aymeric Laporte ហេតុ​អ្វី​បាន​ជា​រដូវ​កាល​មុន មិន​​ថា​វា​ជា​បាល់​ប៉ះ​ដៃ Fernando Llorente ផង?”។

គ្រូ​បង្វឹក​អេស្ប៉ាញ​បាន​លើក​ឧទាហរណ៍ Liverpool Chelsea នៅ​ពេល​ដែល​អ្នកចាំទី Adrian សង្រ្គោះ​បាល់ Tammy Abraham។ លោក​ថា តាម​រយៈ​វីដេអូ Adrian បាន​រំកិល​ហួស​ទៅ​មុខ​ខ្សែ​បន្ទាត់​សំណាញ់​ទី ហើយ​បើ​តាម​ច្បាប់​ថ្មី ត្រូវ​ឲ្យ​ប៉េណាល់ទី​ម្ដង​ទៀត​ ប៉ុន្តែ​មន្ត្រី VAR មិន​អន្តរាគមន៍។

លោក Pochettino ក៏​បាន​យល់​ស្រប​ស្រដៀង​នឹង​ Guardiola ត្រង់​ចំណុច​ទាំង​នោះ។ គ្រូ​បង្វឹក Spurs បាន​និយាយ​ថា“ខ្ញុំ​​ធ្លាប់​បាន​រិះ​គន់ VAR តាំង​​ពី​មុន​មក​ម្ល៉េះ ប៉ុន្តែ​គេ​មិន​ចង់​លឺ​អ្នកគ្រប់គ្រង​ត្អូញត្អែរ​ទេ។ វា​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​​នៅ​ពេល​នេះ ច្បាប់​គឺ​ជា​ច្បាប់ ហើយ​យើង​ត្រូវ​តែ​ទទួល​យក។ តាមពិត​ទៅ ខ្ញុំ​នៅ​តែ​ចូលចិត្ត​មើល​ការ​ប្រកួត​ដូច​ពី​មុន នៅ​ពេល​ដែល​អាជ្ញាកណ្ដាល​ជា​ចៅហ្វាយ​នៃ​ការ​ប្រកួត ប៉ុន្តែ​អ្វីៗ​តែង​ទៅ​មុខ។ យើង​ស្ថិត​ក្នុង​សករាជ VAR ហើយ"៕

អាន៖ Guardiola ថា Spurs គឺ​ជា​ក្រុម​​ល្អ​បំផុត​លេខ​​២​នៅ​អឺរ៉ុប

ប្រភព៖ theguardian ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់