• 2019-08-16 03:12:20
  • ព័ត៌មាន

Esports ក្លាយជា​ប្រភេទ​កីឡា​ដណ្ដើម​​មេដាយ​​ផ្លូវការ​​លើក​ដំបូង​​ នៅស៊ីហ្គេម

  • 2019-08-16 03:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា Esports នឹង​លេច​វត្តមានជា​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំនេះ។

បើតាម​កាលវិភាគប្រកួត​ដែលចេញ​ដោយ​គណៈកម្មាធិការ​រៀបចំ​ការប្រកួតស៊ីហ្គេម​របស់​ហ្វីលីពីន បាន​បង្ហាញ​ថា កីឡា Esports នឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃទី៥ ដល់ថ្ងៃ​ទី១០ ខែធ្នូ លើ​វិញ្ញាសា​ចំនួន ៦។

វិញ្ញាសា​ទាំង ៦ នោះ រួម​មាន​ទាំង Dota 2, Hearthsone, Starcraft II, Arena of Valor, Mobile Legends: Bang Bang និង Tekken 7។ ប្រភេទ​វិញ្ញាសាទាំង ៦ មានទាំង​ការប្រកួត​ជាក្រុម និង​ឯកត្តជន។

កម្មវិធីប្រកួត​នៃ​ប្រភេទ​កីឡាទាំង​អស់នៅស៊ីហ្គេម (ប្រភព៖ Philippine SEA Games Organizing Committee (PHISGOC))

ក្រៅពី​ការប្រកួត​ដណ្ដើម​មេដាយ​លើ​វិញ្ញាសា​ខាងលើនេះ ក៏មាន​ការប្រកួត​ ដែល​មិន​ដណ្ដើម​មេដាយ​ផងដែរ (demonstration event)។

ប្រទេស​ដែល​រំពឹង​ថា​នឹង​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ក្នុង​ប្រភេទ​កីឡា Esports រួមមាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ទីម័រខាងកើត វៀតណាម និង​ម្ចាស់ផ្ទះហ្វីលីពីន។

គួររំលឹកផងដែរថា កាលពី​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី Asian Games 2018 ក៏​មាន​ការបញ្ចូល​ប្រភេទ​កីឡា Esports ផងដែរ ប៉ុន្តែ​ក្នុង​នាម​ជា​កីឡា​ដែល​មិន​គិត​មេដាយ​ផ្លូវការ (ជា demonstration sports)។

សូមបញ្ជាក់ថា ស៊ីហ្គេម ឆ្នាំ២០១៩ នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។ ពិធី​បើក​ជាផ្លូវការ​ធ្វើឡើង​នៅថ្ងៃទី៣០ ខែវិច្ឆិកា។ ប្រភេទ​កីឡា​សុរប​ទាំងអស់ មាន​ចំនួន ២៧ប្រភេទ​៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់