- 2019-07-21 00:00:00
- បាល់ទាត់
កីឡដ្ឋានចំណាស់បំផុតទាំង១០ក្នុងលោកដែលនៅតែបន្តដំណើរការ
- 2019-07-21 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានចំណាស់បំផុតទាំង១០ក្នុងលោកដែលនៅតែបន្តដំណើរការ
ចន្លោះមិនឃើញ
Stamford Bridge ឬ Anfield នៅតែស្ថិតក្នុងចំណោមនិមិត្តរូបស្ថាបត្យកម្មជាកីឡដ្ឋានចំណាស់បំផុតក្នុងលោក បានទ្រទម្ងន់អ្នកគាំទ្រជិត១៥០ឆ្នាំមកហើយ។
Parc Des Princes, Santiago Bernabeu, San Siro , Old Trafford និងក្រុមជាច្រើនទៀតបន្តភាពជោគជ័យរបស់ពួកគេអស់ជាច្រើនទសវត្ស ខណៈដែលក្លឹបមួយចំនួនទៀតបានលិចបាត់ភាពជោគជ័យរបស់ពួកគេទៅតាមពេលវេលា។
ខាងក្រោមនេះគឺជាកីឡដ្ឋានដែលចាស់ជាងគេបំផុតទាំង១០លើលោក ដែលនៅតែបន្តដំណើរការរហូតមកដល់សព្វថ្ងៃ៖
១០ កីឡដ្ឋាន Hillsborough របស់ក្លឹប Sheffield Wednesday (១៨៩៩)
កសាងឡើងនៅឆ្នាំ ១៨៩៩ Hillsborough អាចផ្ទុកអ្នកទស្សនាបាន ៣៩,៧៣២ នាក់នៅតែបន្តដំណើរការរហូតមកដល់បច្ចុប្បន្ន។ កីឡដ្ឋានរបស់ Sheffield Wednesday ក៏ធ្លាប់បើកទ្វារសម្រាប់ការប្រកួត World Cup នៅឆ្នាំ ១៩៦៦។
ប៉ុន្តែអ្វីដែលមិនអាចបំភ្លេចបាននោះគឺសោកនាដកម្មឆ្នាំ ១៩៨៩ ពោលគឺ៩០ឆ្នាំបន្ទាប់ពីស្តាតនេះសាងសង់រួច អ្នកគាំទ្រ Liverpool ចំនួន ៩៦ នាក់ដែលបានបាត់បង់ជីវិតនៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ FA Cup ឆ្នាំ១៩៨៩ រវាង Liverpool និង Nottingham Forest គឺស្លាប់ដោយសារប្រជ្រៀតគ្នាណែនណាន់តាន់តាប់ខ្លាំងពេក នៅពេលក្រុមអ្នកគាំទ្របានផ្លោះយ៉ាងអានាធិបតេយ្យកកហៀរកៅអីអង្គុយ។
៩ កីឡដ្ឋាន Parc Des Princes របស់ក្លឹប PSG (១៨៩៧)
Parc Des Princes បានកសាងនិងបានក្លាយទៅជាកីឡដ្ឋានអាជីពតាំងពីឆ្នាំ១៨៩៧មកម្ល៉េះ ប៉ុន្តែនៅឆ្នាំ១៩៧២វាត្រូវបានជួសជុលឡើងវិញដោយប្រើពេល១ឆ្នាំ ហើយចាប់ពីពេលនោះមកវានៅតែជាទីលានក្នុងដីរបស់ក្លឹប PSG រហូតមកដល់សព្វថ្ងៃ ដែលអាចផ្ទុកអ្នកទស្សនាបាន ៤៧,៩២៩ នាក់។
៨ កីឡដ្ឋាន Villa Park របស់ក្លឹប Aston Villa (១៨៩៧)
Villa Park បានក្លាយទៅជាកីឡដ្ឋានផ្លូវការសម្រាប់ Aston Villa ចាប់តាំងពីឆ្នាំ ១៨៩៧ មកម្ល៉េះ។ បន្ទាប់ពីកែលម្អ និង ជួសជុសជាបន្តបន្ទាប់ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបាន ៤២,៦៨២ នាក់។
៧ កីឡដ្ឋាន Goodison Park របស់ក្លឹប Everton (១៨៩២)
នៅពេលនិយាយដល់ប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស គេមិនអាចមិននិយាយដល់ក្លឹប Everton បានទេ។ Everton គឺជាក្លឹបបាល់ទាត់ដ៏ចំណាស់បំផុតមួយ បង្កើតឡើងក្នុងឆ្នាំ ១៨៧៨។ ក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុង Liverpool មួយនេះបានប្រើប្រាស់កីឡដ្ឋាន Anfield ពីឆ្នាំ ១៨៨៤ រហូតដល់ឆ្នាំ ១៨៩២។
Goodison Park អាចផ្ទុកអ្នកទស្សនាបាន ៣៩,៥៧២ នាក់និងធ្លាប់បើកទ្វារសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៦៦។
៦ កីឡដ្ឋាន Celtic Park របស់ក្លឹប Celtic (១៨៩២)
កីឡដ្ឋាន Celtic Park របស់ក្លឹប Celtic ក្នុងប្រទេសស្កុតឡែនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩២ អាចផ្ទុកអ្នកទស្សនាបាន ៦០,០០០ នាក់។
៥ កីឡដ្ឋាន St. James Park របស់ក្លឹប Newcastle United (១៨៩២)
St. James Park បានក្លាយទៅជាទឹកដីរបស់ Newcastle United ចាប់តាំងពីឆ្នាំ ១៨៩២ មកម្ល៉េះ។ បច្ចុប្បន្នវាអាចផ្ទុកអ្នកទស្សនាបាន ៥២,៤០៥ នាក់។
៤ កីឡដ្ឋានAnfield របស់ក្លឹប Liverpool (១៨៨៤)
អ្នកគាំទ្ររបស់ក្លឹប២នៅក្នុងក្រុង Liverpool តែ១គឺ Everton និង Liverpool មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងប្រវត្តិសាស្ត្ររបស់ក្លឹបរបស់ក្លឹបរួមទីក្រុងទាំង២នេះ។ Everton និង Liverpool ត្រូវបានគេស្គាល់ថាជាក្លឹបចំណាស់ដែលមានការប្រកួតប្រជែងគ្នាខ្លាំង។
តាមពិតកីឡដ្ឋាន Anfield ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៤ គឺជាកីឡដ្ឋានរបស់ម្ចាស់ផ្ទះ Everton ដែលបង្កើតតាំងពីឆ្នាំ ១៨៧៨ មកម្ល៉េះ។
ប៉ុន្តែ ទំនាស់ផ្ទៃក្នុងរវាងក្រុមប្រឹក្សាភិបាលក្លឹប Everton និង លោក John Houlding បានកើតឡើង ហើយលោក Houlding ដែលក៏បានបង្កើតក្លឹប Liverpool ក្នុងឆ្នាំ ១៨៩២ ខណៈដែល Everton ក៏បានផ្លាស់ចេញពី Anfield ទៅបង្កើតកីឡដ្ឋាន Goodison Park ធ្វើជាម្ចាស់ផ្ទះចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន។
៣ កីឡដ្ឋាន Stamford Bridge របស់ក្លឹប Chelsea (១៨៧៧)
ខណៈដែលក្រុមអ្នកគាំទ្ររបស់ក្លឹបតោខៀវ Chelsea ត្រូវបានគេសើចចំអក នៅពេលនិយាយពីសមិទ្ធផលរបស់ពួកគេ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថា Stamford Bridge គឺជាកីឡដ្ឋានចាស់ជាងគេបំផុតលំដាប់ទី៣ក្នុងលោក និង ជាទឹកដីដែលមានប្រវត្តិយូរលង់ជាងគេបំផុតក្នុងចំណោមក្លឹបកំពូល។
កីឡដ្ឋានដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុង បានបើកទ្វារដំណើរការក្នុងឆ្នាំ ១៨៧៧ ត្រូវបានប្រើប្រាស់ដោយក្លឹប London Athletic រហូតដល់ឆ្នាំ ១៩០៥ នៅពេលដែល Chelsea ត្រូវបានបង្កើតឡើងដោយលោក Gus Mears ហើយ តោខៀវក៏បានក្លាយទៅជាម្ចាស់ផ្ទះ Stamford Bridge ចាប់តាំងពីពេលនោះមក។
២ កីឡដ្ឋាន Sandygate របស់ក្លឹប Hallam FC (១៨៦០)
កីឡដ្ឋាន Sandygate របស់ក្លឹប Hallam FC ដែលបច្ចុប្បន្នកំពុងលេងនៅលីគលំដាប់ទី៩ក្នុងប្រទេសអង់គ្លេស ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៦០ មកម្ល៉េះ ពោលគឺតាំងពី ១៥៩ ឆ្នាំមុន។
កីឡដ្ឋាននេះនៅតែត្រូវបានប្រើប្រាស់មកដល់បច្ចុប្បន្ន ប៉ុន្តែវាអាចផ្ទុកអ្នកទស្សនាបានត្រឹម ៧០០ នាក់ប៉ុណ្ណោះ។
១ កីឡដ្ឋាន Bramall Lane របស់ក្លឹប Sheffield United (១៨៥៥)
Bramall Lane របស់ក្លឹបSheffield United គឺជាកីឡដ្ឋានដំបូងគេបង្អស់ត្រូវបានបង្កើតឡើងតាំងពី ១៦៤ ឆ្នាំមុន និង នៅតែបន្តប្រើប្រាស់ជាកីឡដ្ឋានអាជីពរហូតមកដល់បច្ចុប្បន្ន។
Bramall Lane គឺជាផ្ទះរួមគ្នារបស់ Sheffield United និង Sheffield Wednesday រហូតដល់ឆ្នាំ ១៨៩៩ នៅពេលដែល Sheffield United ក្លាយទៅជាម្ចាស់ផ្ទះផ្តាច់មុខតែឯង។
កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបាន ៣២,៧០២ នាក់។ Sheffield United គឺជាក្លឹបរបស់ព្រះអង្គម្ចាស់អារ៉ាប់រួម ដែលជាប់ខ្សែស្រឡាយជាមួយនឹងម្ចាស់ក្លឹប Man City។
រដូវកាលនេះ Sheffield United បានឡើងមកលេងនៅ Premier League ហើយអ្នកនឹងបានឃើញកីឡដ្ឋាន Bramall Lane និង ក្លឹបចំណាស់បំផុតបង្ហាញវត្តមាននៅក្របខ័ណ្ឌកំពូលអង់គ្លេស៕