• 2019-06-10 11:58:27
  • បាល់ទាត់

មាន​ដឹង​ថា​ម៉េច​បាន​ប្រធានាធិបតី​ទួរគី​អញ្ជើញ​ជា​អធិបតី​ក្នុង​មង្គល​ការ​ Ozil ទេ?

  • 2019-06-10 11:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កូនកាត់​អាល្លឺម៉ង់-ទួរគី​កីឡាករ Mesut Ozil បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​ជាមួយ​គូ​ដណ្ដឹង​ខ្លួន​អ្នក​នាង Amine Gulse ដែល​ជា​អតីត​បវរកញ្ញា​ទួរគី កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ។ អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ស្នេហ៍​ជាមួយ​គ្នា ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ហើយ​ប្រកាស​ភ្ជាប់​ពាក្យ​មួយ​ឆ្នាំ​ក្រោយ។

ក្នុង​មង្គល​ការ​នោះ​ដែរ​ គេ​សង្កេត​ឃើញ​លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan និង​ភរិយា ព្រម​ទាំង​អភិបាល​ក្រុង​អ៊ីស្តាន់ប៊ុល​ចូល​រួម​ផង​ដែរ។

ការ​ចូល​រួម​នេះ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ អតីត​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Mesut Ozil តាំង​ពី​ខែ​មីនា​មក​ម្ល៉េះ។ បើ​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា​ លោក​ប្រធានាធិបតី​ទួរគី​រូប​នេះ តែងតែ​ចូល​រួម​មង្គលការ​តារាៗ ក្នុង​ប្រទេស​របស់​ខ្លួន។

យ៉ាងណាមិញ ការ​សម្រេច​ចិត្ត​របស់​ Ozil បែប​នេះ ធ្វើ​ឲ្យ​ខាង​អាល្លឺម៉ង់​រិះគន់​រូប​គេ​យ៉ាង​ខ្លាំង​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Helge Braun នាយក​ខុទ្ទកាល័យ​របស់​អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel បាន​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ Bild ថា​ ការ​សម្រេច​ចិត្ត​របស់​ Ozil បែប​នេះ​គឺ ធ្វើ​ឲ្យ​ម្ខាង​ទៀត (អាល្លឺម៉ង់) ស្រងាក​ចិត្ត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់