• 2019-04-11 12:56:34
  • បាល់ទាត់

Ancelotti យល់​ថា​ Arsenal ពេល​នេះ​មិនមែន​ Arsenal ចាញ់ Bayern ១០-២​ទេ

  • 2019-04-11 12:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Napoli លោក Carlo Ancelotti បាន​លើកឡើង​ថា​ ក្រុម​ Arsenal ក្នុង​វគ្គ ៨​ក្រុម​ចុង​ក្រោយ​នៃ UEFA Europa League ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខុស​គ្នា​ដាច់​ទៅ​នឹង​ក្រុម​ Arsenal ដែល​ចាញ់​ក្លឹប​ Bayern Munich យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល​សរុប​ទាំង​ ១០-២ ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League កាល​ពី​ ២​ឆ្នាំ​មុន​ទេ។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​ភ្លេច​ការ​ប្រកួត​នេះ​ទេ​ (ការ​ប្រកួត​ដែល​ Bayern លត់ Arsenal ទាំង​ ២​ជើង​ក្នុង​លទ្ធផល ១០-២) ។ សាក​គិត​តែ​មើល៍​ រដូវ​កាល​ខុស​គ្នា ជាមួយ​នឹង​គ្រូ​បង្វឹក​ខុស​គ្នា វា​នឹង​ក្លាយ​ជា​រឿង​ផ្សេង​គ្នា​ដែរ​ហើយ។ ការ​ប្រកួត​នេះ​ គ្រាន់​តែ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​របស់​ខ្ញុំ​ជាមួយ​ Bayern តែ​ប៉ុណ្ណោះ " ។

លោក​បាន​បន្ត​ថា​៖ " គ្រូ​ Arsenal លោក Unai Emery ក្នុង​គំនិត​ខ្ញុំ គាត់​ជា​អ្នក​ចាត់ការ​ដែល​ពោរពេញ​ដោយ​បច្ចេកទេស ហើយ​គាត់​មាន​បទពិសោធន៍​ច្រើន​ក្នុង​ប្រកួត​ Europa League ដូច្នេះ​ហើយ​ វត្តមាន​របស់​គាត់​អាច​ផ្ដល់​ការ​លំបាក​ដល់​ Napoli របស់​យើង​ " ។

Carlo Ancelotti ធ្លាប់​ដឹកនាំ​ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich ពី​ឆ្នាំ​២០១៦ ដល់​ ២០១៧ មុន​នឹង​មក​ដឹកនាំ​នៅ​ប្រទេស​អ៊ីតាលី​នៅ​ឆ្នាំ​២០១៨។

គួរ​រម្លឹក​ផង​ដែរ​ថា​ បរាជ័យ​របស់​ក្លឹប​ Arsenal ទៅ​នឹង​កូន​ក្រុម​របស់​លោក Ancelotti កាល​ពី​ឆ្នាំ​២០១៧ ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League ជា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ក្លឹប​អង់គ្លេស​ក្នុង​កម្មវិធី​នេះ៕

អាន​បន្ត​៖

មក​ស្គាល់​ក្លឹប​អង់គ្លេស​ទាំង​អស់​ដែល​ធ្លាប់​ឈ្នះ​ពាន Europa League

Arsenal ជា​ក្រុម​ PL តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​ជាតិ Clean Sheet នៅ​ក្រៅ​ដី

ត្រឹម​តែ​ ៣១​ប្រកួត Arsenal មាន​ពិន្ទុ​ស្មើ​នឹង​ពេល​ចប់​រដូវ​កាល​មុន​បាត់

ប្រភព៖ telegraph ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់