• 2018-08-01 12:01:17
  • បាល់ទាត់

អនាគត​ Martial កាន់​តែ​មិន​ច្បាស់​លាស់ ក្រោយ​រង​ការ​ផាក​ពិន័យ​ពី​ក្លឹប​បិសាច​ក្រហម

  • 2018-08-01 12:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Antony Martial នឹង​ទទួល​រង​ការ​ផាក​ពិន័យ​ពី​សំណាក់​ក្លឹប Manchester United ក្រោយ​បាន​អវត្តមាន​ដោយ​មិន​មាន​ច្បាប់។

បើ​តាម​ The Sun កីឡាករ​នឹង​ត្រូវ​បង់​ទឹក​ប្រាក់​ចំនួន ១៨ ម៉ឺន​ផោន (ជាង ២៣ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)ដល់ក្លឹប ចំពោះ​អវត្តមាន​ដោយ​មិន​មាន​ច្បាប់នេះ។

កាល​ពី​សប្ដាហ៍​មុន Martial បាន​ចាក​ចេញ​ពី​សហរដ្ឋអាមេរិក​ដែល​ជា​ទី​បិសាច​ក្រហម​ធ្វើ​ការ​ប្រកួត Pre-season លើក​នេះ ទៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ទៅ​មើល​មិត្ត​ស្រី​របស់​ខ្លួន​សម្រាល​កូន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជាង ១ សប្ដាហ៍​កន្លង​ទៅ​ហើយ កីឡាករ​បារាំង​នៅ​តែ​មិន​បាន​បង្ហាញ​វត្តមាន​វិញ​នៅ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ក្រុម​របស់​ខ្លួន។

ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ លោក Mourinho ហាក់​ទិតៀន​មិន​សំចៃ​មាត់​ទេ លើ​កីឡាករ Martial។ លោក​អ្នក​ចាត់​ការ​ព័រទុយហ្គាល់ បាន​និយាយ​ថា ខ្សែ​ស្លាប គួរ​តែ​ត្រលប់​មក​ជួយ​ក្រុម​វិញ​ ក្រោយ​សម្រាល​កូន​ហើយ។ ក្នុង​ថ្ងៃ​នេះ លោក Mourinho បាន​បដិសេធ​ក្នុង​ការ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​អនាគត​របស់ Martial។

ការណ៍ទាំងនេះ ធ្វើឲ្យ​មានពាក្យចចាមអារ៉ាមជាច្រើនដែលថា កីឡាករបារាំងអាចចាកចេញពីក្លឹបនៅពេលឆាប់ៗខាងមុខ​នេះ។ កាល​ពីពេលកន្លង​ទៅ មាន​ក្លឹបពីររួមមាន Arsenal និង Tottenham Hotspur ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍ខ្លាំងលើខ្សែស្លាប។

កីឡាករ Antony Martial ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ប្រកួត​ភាគ​ច្រើន តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប Manchester United កាល​ពី​ឆ្នាំ ២០១៥ មក។ កីឡាករ​វ័យ ២២ ឆ្នាំ លេង​ឲ្យ​ក្លឹប​សរុប ១៣៦ ប្រកួត និង​ស៊ុត​ចូល ៣៦ គ្រាប់។

កាល​ពី​ដើម​រដូវ​កាល ២០១៧/១៨ កីឡាករហាក់​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ស្លាប​ហាក់​មិន​សូវ​បាន​លេង​ជាប់​លាប់ ក្រោយ Alexis Sanchez បាន​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ខែ​មករា​ឆ្នាំ ២០១៨៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់