- 2017-08-29 04:03:35
- ប្រដាល់
តេក្វាន់ដូ គ្រោងតវ៉ាគណៈកម្មការស៊ីហ្គេមពាក់ព័ន្ធការចាញ់របស់ ប៉ាន់ ខេមរា
- 2017-08-29 04:03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេក្វាន់ដូ គ្រោងតវ៉ាគណៈកម្មការស៊ីហ្គេមពាក់ព័ន្ធការចាញ់របស់ ប៉ាន់ ខេមរា
ចន្លោះមិនឃើញ
លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូបង្ហើបថា សហព័ន្ធគ្រោងតវ៉ាទៅ គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេម តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការកាត់ឲ្យកីឡាករកម្ពុជា ប៉ាន់ ខេមរា ចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីកាលពីព្រឹកមិញនេះ។
«ក្រោយប្រកួតចប់ យើងមានគម្រោងដាក់ពាក្យតាមរយៈ NOCC យើង ដើម្បីធ្វើការតវ៉ា ដោយសារយើងយល់ថា ការកាត់សេចក្ដីនេះមិនត្រឹមត្រូវ។ បើតាមខ្ញុំដឹងក្រៅផ្លូវការ គណៈកម្មការអាជ្ញាកណ្ដាលអន្តរជាតិ ក៏បានកត់ត្រាទុកដែរថា គូយើង និងគូទីម័រចាញ់ម្ចាស់ផ្ទះ ហាក់ដូចជាមានការកាត់ក្ដីមិនប្រក្រតី»។ នេះជាសម្ដីរបស់លោក គង់ សក្ខិដា
អគ្គលេខាធិការដដែលបានពន្យល់ពីសកម្មភាព ដែលលោកយល់ថា មានភាពពុំប្រក្រតី និងអយុត្តិធម៌សម្រាប់កម្ពុជាបែបនេះ៖ «កីឡាករខ្ញុំឈ្មោះ ប៉ាន់ ខេមរា បានប៉ះម្ចាស់ផ្ទះ។ ពិន្ទុកីឡាករខ្ញុំវ៉ៃឡើងរហូត ប៉ុន្តែទទួលអយុត្តិធម៌ច្រើន ពាក់ព័ន្ធការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល។ ខាងកីឡាករម៉ាឡេដួលសោះ បែរមកពិន័យខាងយើង ហើយខាងគេទាត់ឡើងពិន្ទុរហូត ពេលខ្លះវ៉ៃដៃមិនទាន់ដល់ខ្លួនផង ឡើងពិន្ទុមុន។ ចឹងខ្ញុំទទួលយកអត់បានទេ សម្រាប់លទ្ធផលនេះ»។
ក្នុងការប្រកួតប្រភេទទម្ងន់ក្រោម៥៨គីឡូក្រាម តទល់ម្ចាស់ផ្ទះម៉ាឡេស៊ី ប៉ាន់ ខេមរា បាននាំមុខពិន្ទុក្នុងទឹកទី២ មុនត្រូវអាជ្ញាកណ្ដាលពិន័យជាលើកទី១០ ត្រឹមពាក់កណ្ដាលទឹកទី៣ ដែលតម្រូវឱ្យកីឡាករកម្ពុជារូបនេះ ចាញ់ដោយស្វ័យប្រវត្តិ។ គួរដឹងដែរថា មកទល់ពេលនេះតេក្វាន់ដូកម្ពុជារកបានមេដាយសំរឹទ្ធ២គ្រឿង និងនៅសល់កីឡាការិនី ស៊ន សៀវម៉ី ម្នាក់ទៀត ត្រូវជួបតទល់កីឡាការិនីម្ចាស់ផ្ទះ នាម៉ោង១រសៀលនៅកម្ពុជា៕