• 2016-03-24 16:52:32
  • វិភាគ

ក្រុម​កម្ពុជា ​អាច​ទម្លាយ​សំណាញ់​ទី​​ស៊ីរី​​បាន​អត់​ ​ម៉ោង​១១​យប់​នេះ?

  • 2016-03-24 16:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស៊ីរី​នៅ​ទឹកដី​កណ្ដាល​អូម៉ង់ ​នៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០១៦​នេះ ​ក្នុង​ការ​ប្រកួត​ជម្រុះ FIFA World Cup ២០១៨ ​នៅ​ប្រទេស​រុស្ស៊ី ។ ​កាល​ពី​ជើង​ទី​មួយ​នៅ​ពហុកីឡដ្ឋាន​ជាតិ ​ស៊ីរី​បាន​យក​ឈ្នះ​កម្ពុជា ៦-០ ​ចាំ​មើល​ជើង​ទី​២​នេះ​វិញ ថា​តើ​ក្រុម​អ្នក​ចម្បាំង​អង្គរ​អាច​សងសឹក​វិញ​បាន​ឬ​អត់?

 

 

អំពី​ការ​ប្រកួត

ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្ដាល (អូម៉ង់) ​នៅ​ក្នុង​កីឡដ្ឋាន​ Al-Seeb ​ដែល​ផ្ទុក​អ្នក​ទស្សនា​បាន ១៤ ០០០​នាក់។ ​កីឡដ្ឋាន​មួយ​នេះ ក្រុម​ស៊ីរី​តែងតែ​យក​ធ្វើ​ជា​កន្លែង​ប្រកួត​របស់​ខ្លួន​ជា​ញឹកញាប់ បន្ទាប់​ពី​ប្រទេស​​ខ្លួន​​​ធ្លាក់​ចូល​ក្នុង​សង្គ្រាម។ តាម​សម្ដី​របស់​លោក ឆាំង ពិសិដ្ឋ ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ ​នៅ​ប្រទេស​អូម៉ង់ មាន​អាកាស​ធាតុ​ស្រដៀង​ទៅ​នឹង​កម្ពុជា​ដែរ ដែល​នេះ​ជា​ចំណុច​អំណោយ​ផល​មួយ​សម្រាប់​ក្រុម​អ្នក​ចម្បាំង​អង្គរ។

 

ប្រវត្តិ​ក្រុម​ទាំង​ពីរ​កន្លង​មក

 

 សកម្មភាពប្រកួតជើងទីមួយ

 

វគ្គ​ជម្រុះ​នេះ ​ក្រុម​កម្ពុជា​មិន​ទាន់​ស្គាល់​ពាក្យ​ថា ​ឈ្នះ​នៅ​ឡើយ​ទេ ដោយ​៧​ប្រកួត​កន្លង​មក​ចាញ់​ទាំង​៧​ប្រកួត ហើយ​ស៊ុត​ចូល​គេ​តែ​មួយ​គ្រាប់​គត់​ពេល​ប៉ះ​ជាមួយ​សិង្ហបុរី។ ដូច្នេះ​ក្នុង​ពូល E ​កម្ពុជា​ស្ថិតិ​នៅ​ចំណាត់​ថ្នាក់​លេខ​៥ ។ ចំពោះ​​ក្រុម​ស៊ីរី​វិញ ​៦​ប្រកួត​កន្លង​មក​របស់​ពួកគេ ចាញ់​តែ​មួយ​ប្រកួត​ទេ ដោយ​ចាញ់​ក្រុម​កំពូល​តារាង​ជប៉ុន ៣-០ ។ បច្ចុប្បន្ន​នេះ ស៊ីរី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​៦​ប្រកួត​ដូច​ជប៉ុន​ដែរ ប៉ុន្តែ​ចាញ់​ពិន្ទុ​ជប៉ុន​១​ពិន្ទុ។ នេះ​មានន័យ​ថា​ ក្រុម​ម្ចាស់​ផ្ទះ​ស៊ីរី ​ពិត​ជា​ត្រូវ​ការ​ជ័យជម្នះ​ខ្លាំង​ណាស់​​សម្រាប់​យប់​នេះ ដើម្បី​ប្រជែង​យក​លេខ​មួយ​កំពូល​តារាង។

 

 

អាជ្ញាកណ្ដាល​

​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ប្រកួត​យប់​នេះ គឺ​លោក Chris BEATH ​ជា​ជនជាតិ​អូស្ត្រាលី ខណៈ​ដែល​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ពីរ​នាក់​ទៀត​ក៏​ជា​ជនជាតិ​អូស្ត្រាលី​ដែរ។

 

ការ​តាំង​ចិត្ត​របស់​គ្រូ​បង្វឹក​ក្រុម​កម្ពុជា

 

 លោក Lee Tae Hoon

 

លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​មុន​ចាកចេញ​ពី​កម្ពុជា​ថា ​ប្រកួត​ជាមួយ​ក្រុម​ស៊ីរី​គឺ​ជា​រឿង​លំបាក​មួយ ពីព្រោះ​ពួកគេ​មាន​សមត្ថភាព​ខ្លាំង។ ប៉ុន្តែ​លោក​នឹង​ឱ្យ​កូន​ក្រុម​ទាំង​អស់​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត ដោយ​ទប់​​គ្រាប់​បាល់​មិន​ឲ្យ​​ស៊ីរី​​ទាត់​ចូល​​ច្រើន ទាម​ទារ​ទាត់​បាល់​បញ្ចូល​ទី ​និង​ពុះពារ​រក​ជ័យ​ជម្នះ​​ឲ្យ​បាន។

 

ការ​ប្រកួត​នេះ មិន​មាន​ទូរទស្សន៍​ក្នុង​ស្រុក​​របស់​កម្ពុជា​ណា​មួយ​ផ្សាយ​បន្ត​ផ្ទាល់​ឡើយ។ ប្រសិន​បើ​អ្នក​គាំទ្រ​ចង់​ទស្សនា សូម​ទៅ​កាន់ ទីតាំង​ Cambodia Football ​Fan ​(​ជាប់​របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​) ​​នឹង​បើក​​បញ្ចាំង​ស្លាយ​​​ខ្នាត​តូច​​​ល្មម​​ឲ្យ​អ្នក​គាំទ្រ​មើល​ដោយ​សេរី​។ សូម​ប្រិយមិត្ត​តាមដាន​ទាំង​អស់​គ្នា​នៅ​ម៉ោង​១១​យប់​នេះ​ ថា​តើ​ក្រុម​អ្នក​ចម្បាំង​អង្គរ ​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់​ផ្ទះ​ស៊ីរី​បាន​ដែរ​ឬ​អត់?

 

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី