• 2014-10-02 16:10:03
  • ប្រដាល់

ប្រដាល់​នារី​មាន​រាល់​សប្ដាហ៍​តែ​ហាក់​មិន​រីក​ចម្រើន

  • 2014-10-02 16:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​សកម្មភាព​នៃ​ការ​ប្រកួត​កីឡា​ប្រដាល់​ផ្នែក​នារី​នៅ​កម្ពុជា​ នៅ​តែ​មាន​សកម្មភាព​រៀង​រាល់​សប្ដាហ៍​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ក្ដី​ ប៉ុន្តែ​សកម្មភាព​នេះ​ហាក់​មិន​សូវ​មាន​ការ​រីក​ចម្រើន​ខ្លាំង​នោះ​ទេ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា។

 

ឯក​ឧត្ដម តែម ម៉ឺន​ បញ្ជាក់​ថា បច្ចុប្បន្ន​កីឡា​ការិនី​មាន​ចំនួន​តិច​ណាស់​ប្រមាណ​តែ​៧ទៅ៨នាក់​ប៉ុណ្ណោះ​ ក្នុង​ខេត្ត​កំពង់ស្ពឺ បាត់​ដំបង ​និង​រាជធានី​ភ្នំពេញ។​ មូល​ហេតុ​សំ​ខាន់​​គឺ​​ពេល​​​ស្ត្រី​​​ ហ្វឹក​ហាត់ ​​ឬ​​ឡើង​​ប្រកួត​​មាន​​ការ​​ប៉ះ​ពាល់​ដល់​​រាង​កាយ ឈឺ​ចាប់​ឬ​ប៉ះ​ពាល់​ដល់​សុខភាព ដូច្នេះ​ហើយ​ទើប​​​មិន​មាន​ស្ត្រី​ចូល​ប្រឡូក​ច្រើន។

 

រហូត​មក​ដល់​ពេល​នេះ​ការ​ប្រកួត​ប្រដាល់​ស្ត្រី​ជម្រើស​ជាតិ​មិន​ទាន់​មាន​នៅ​ឡើយទេ ប៉ុន្តែ​ឯក​ឧត្ដម​ថ្លែង​បញ្ជាក់​ថា ៖«​ទោះ​ជា​​ការ​ប្រកួត​ប្រដាល់​ស្ត្រី​ជម្រើស​ជាតិ​មិន​ទាន់​​មាន​ ​ក្នុង​​នាម​ខ្ញុំ​ជា​ប្រធាន​សហព័ន្ធ​ក៏​ដូចជា​ក្រសួង​អប់​រំ យុវជន និង​កីឡា នឹង​ខិត​ខំ​ប្រឹង​ប្រែង​ និង​​ជំរុញ​ឲ្យ​មាន​ស្ត្រី​ចូល​ហ្វឹក​ហាត់​ឲ្យ​បាន​ច្រើន​ ព្រម​ទាំង​ឈាន​ទៅ​ដល់​ការ​ប្រកួត​ជម្រើស​ជាតិ​»។

 

អេ យ៉ានុត ហ្វឹក​ហាត់​នឹង​លោក​គ្រូ ធុន សុភា

បច្ចុប្បន្ន​គេ​ឃើញ​មាន​តែ​​សង្វៀន​​បាយ័ន​​មួយ​ប៉ុណ្ណោះ​ដែល​កំពុង​រៀប​ចំ​កីឡា​ការិនី​​ឲ្យ​ឡើង​ប្រកួត​បាន​ញឹក​ញាប់ ហើយ​ក៏​ទទួល​បាន​គាំ​ទ្រ​ច្រើន​ពី​សំណាក់​អ្នក​ទស្សនា​ដែរ។ ប៉ុន្តែ​ចំនួន​កីឡា​ការិនី​ឡើង​ប្រកួត​នៅ​តែ​មាន​ចំនួន​តិច​ដដែល​គឺ​មាន​តែ​មួយ​គូ​ ឬ​ច្រើន​បំផុត​ពីរ​គូ​ប៉ុណ្ណោះ។

 

លោក​នាង ស៊ីវុត្ថា ប្រធាន​ផ្គូផ្គង​កីឡា​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​ធ្លាប់​បាន​​​ប្រាប់​ថា សង្វៀន​​បាយ័ន​បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​កីឡា​ការិនី​ឲ្យ​​ឡើង​ប្រ​កួត​ញឹក​ញាប់​ដែរ ហើយ​ឈាន​ដល់​ការ​ប្រកួត​ជា​មួយ​កីឡា​ការិនី​បរទេស​ផង គោល​បំណង​ដើម្បី​​លើក​កម្ពស់​វិស័យ​កីឡា​ប្រដាល់​ខ្មែរ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទាំង​កីឡាករ​ និង​កីឡា​ការិនី ហើយ​ធ្វើ​ឲ្យ​ស្ត្រី​ភេទ​មាន​អាជីព​អាច​រក​ប្រាក់​បាន​ផង​ដែរ។

 

យ៉ាងណាក្ដី​ ការ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សកម្ម​ បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ស្ថានីយ​មួយ​នេះ​អាច​ដំណើរការ​កម្មវិធី​ប្រកួត​ប្រដាល់​សេរី​ផ្នែក​នារី​ ដំណើរការ​បាន​រៀង​រាល់​សប្ដាហ៍​ ដោយ​មួយ​សប្ដាហ៍ៗ​មាន​ការ​ប្រកួត​គូ​នារី​មួយ​គូៗ។

 

ដោយ​ឡែក លោក ​ម៉ា សេរី ប្រធាន​កីឡា​​នៅ​ស៊ីធីអិន​បាន​​ប្រាប់​ Sabay កន្លង​មក​ថា កន្លង​មក​ទូរទស្សន៍​ស៊ីធីអិន បាន​រៀប​ចំ​ការ​ប្រកួត​កីឡា​ប្រដាល់​ស្ត្រី​​ដែរ​ ប៉ុន្តែ​​សព្វ​ថ្ងៃ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ីធីអិន​ឈប់​ឲ្យមាន​​កីឡា​ការិនី​ឡើង​ប្រកួត​ទៀត​ហើយ។ លោក​បញ្ជាក់​ថា ដោយ​សារ​ពេល​​កីឡា​ការិនី​ឡើង​ប្រកួត​ម្តង​ៗ ៖«ខ្ញុំ​អាណិត​ស្ត្រី​ពេល​ឡើង​វាយ​គ្នា​លើ​សង្វៀន។ អីចឹង​​ខ្ញុំ​​មិន​អនុញ្ញាត​ឲ្យ​មាន​ស្ត្រី​ឡើង​ប្រកួត​ឡើង»។

 

បើ​តាម​អាជ្ញាកណ្ដាល​ស្រី​ដំបូង​គេ​អ្នក​ស្រី​ សាំង​ សុម៉ាលី​ បាន​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ មាន​ស្ថានីយ​ទូរទស្សន៍​ចំនួន​បី​ដែល​មាន​កម្មវិធី​ប្រដាល់​សម្រាប់​នារី​គឺ​រួម​មាន​ប៉ុស្តិ៍​បាយ័ន​ ប៉ុស្តិ៍​អប្សរា​ និង​ប៉ុស្តិ៍​លេខ​បី​ ហើយ​កាលនោះ​មាន​កីឡា​ការិនី​ជាង​១០​នាក់​ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​កីឡា​ការិនី​តែ​៨​នាក់​ប៉ុណ្ណោះ​ ដែល​នៅ​ប្រកួត​រៀង​រាល់​សប្ដាហ៍​នៅ​ប៉ុស្តិ៍​បាយ័ន​ រីឯ​ប៉ុស្តិ៍​២​ទៀត​​ផ្អាក​​អស់​ហើយ។ អ្នក​ស្រី​សង្កត់​ធ្ងន់​ថា​ កីឡា​ការិនី​មួយ​ចំនួន​ធំ​បាន​លាឈប់​ពី​កីឡា​ប្រដាល់​បន្ទាប់​ពី​ពួក​គេ​មាន​គ្រួសារ​ ហើយ​អ្នក​ខ្លះ​ទៀត​គេ​ខ្លាច​ខូច​សម្រស់​ជា​ដើម។

 

ក្បាច់​គុន​ប្រដាល់​បុរាណ​ខ្មែរ​ ជា​កីឡា​មួយ​ប្រភេទ​ដែល​មាន​ការ​រីក​ចម្រើន​ជាង​គេ​ ក្នុង​ចំណោម​ប្រភេទ​កីឡា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​​កីឡា​ប្រភេទ​​នេះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ណា​ក្ដី ​ក៏​​គេ​​សង្កេត​ឃើញ​ថា កីឡាករ​ភាគ​ច្រើន​​​ជា​បុរស​ដែល​បាន​ហ្វឹក​ហាត់​ក្បាច់​គុន​ខ្មែរ​បុរាណ​ ប៉ុន្តែ​ពុំ​សូវ​ឃើញ​មាន​ស្ត្រី​ហ្វឹក​ហាត់​ឲ្យ​ក្លាយ​ជា​អ្នក​ប្រដាល់​ ច្រើន​ឡើយ៕

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី