• 2024-08-14 12:28:01
  • បាល់ទាត់

ផ្ទួនៗ! បិសាច​ក្រហម ជិត​ទិញ​បាន​ខ្សែ​បម្រើ​មួយ​ទៀត​ហើយ

  • 2024-08-14 12:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទើប​ផ្ទេរ​ចូល​ខ្សែ​ការពារ Matthijs de Ligt និង ខ្សែ​ការពារ​ស្លាប Noussair Mazraoui ពី​ Bayern Munich ក្លឹប​ Manchester United ជិត​ទិញ​បាន​ខ្សែ​បម្រើ​អ៊ុយរ៉ាហ្គាយ Manuel Ugarte ពី Paris Saint Germain។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ភាគី​ Manchester United និង ភាគី​កីឡាករ Ugarte បាន​ព្រម​ព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​អស់​ទៅ​ហើយ នៅ​ឡើយ​តែ​ការ​ចរចា​គ្នា​រឿង​តម្លៃ​ផ្ទេរ​ប៉ុណ្ណោះ​រវាង​បិសាច​ក្រហម និង​ក្លឹប PSG។ កាសែត​ Daily Mail បាន​អះអាង​តម្លៃ​ផ្ទេរ​នេះ​ស្ថិត​ក្នុង​ចន្លោះ​ប្រមាណ ៧៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ បិសាច​ក្រហម​ចង់​ឲ្យ PSG ចុះ​ថ្លៃ​ជាង​នេះ។

Ugarte មាន​វ័យ ២៣ ឆ្នាំ ហើយ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប​យក្ស​បារាំង។ កាល​ពី​រដូវ​កាល​កន្លង​ទៅ កីឡាករ​លេង​សរុប​ឲ្យ​ក្លឹប​ចំនួន ៣៧ ប្រកួត។ មុន​មក​លេង​ឲ្យ PSG កីឡាករ​មាន​បទពិសោធន៍​លេង​ចំនួន​ ២ រដូវ​កាល​ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Sporting CP ហើយ​លេង​នៅ​ទី​នោះ​សរុប ៨៥ ប្រកួត។

តាម​របាយការណ៍​ចុង​ក្រោយ Ugarte បាន​និង​កំពុង​ជម្រុញ​ឲ្យ PSG មាន​អារម្មណ៍​វិជ្ជមាន​ជាង​មុន​ ក្នុង​ការ​ចរចា​ជាមួយ​បិសាច​ក្រហម​រឿង​តម្លៃ​ផ្ទេរ ព្រោះ​កីឡាករ​ចង់​មក​ចូល​រួម​ជាមួយ​ក្លឹប​អង់គ្លេស​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ Erik Ten Hag។

Manchester United ក្រោម​ការ​ដឹកនាំ​របស់​សហម្ចាស់​ថ្មី បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​នាំ​ចូល​កីឡាករ​​ក្នុង​ទី​ផ្សារ​ដោះដូរ​កីឡាករ​លើក​នេះ។ បើ​ធៀប​នឹង​ក្លឹប​ធំៗ​នៅ​អង់គ្លេស និង​នៅ​អឺរ៉ុប បិសាច​ក្រហម​មាន​ភាព​សកម្ម​ជាង​គេ​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ​នា​រដូវ​កាល​ដោះ​ដូរ​នេះ។

កាល​ពី​ខែ​មុន ក្លឹប​បាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់​វ័យ ២៣ ឆ្នាំ Joshua Zirkzee ក្នុង​តម្លៃ​ផ្ទេរ​ជិត ៤៥ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ក្លឹប​អ៊ីតាលី Bologna។ Zirkzee ចុះ​កុងត្រា​ ៥ ឆ្នាំ ជាមួយ​ក្លឹប Manchester United ហើយ​មាន​លទ្ធភាព​ត​មួយ​ឆ្នាំ​បន្ថែម​ទៀត បើ​មាន​ការ​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ។ បន្តិច​ក្រោយ​មក Man Utd ក៏​ទិញ​បាន​ខ្សែ​ការពារ រ​បារាំង Leny Yoro ពី​ក្លឹប​ Lille ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ Yoro មាន​វ័យ ១៨ ឆ្នាំ តែ​បាន​បង្ហាញ​សមត្ថភាព​ធ្វើ​ជា​កីឡាករ​ឈុត​ធំ​ទៅ​ហើយ​ឲ្យ​ក្លឹប Lille ដោយ​បាន​បង្ហាញ​ខ្លួន​ដល់​ទៅ ៤៤ ប្រកួត និង​ស៊ុត​ចូល ៣ គ្រាប់​ឲ្យ​ក្លឹប​កាល​ពី​រដូវ​កាល​មុន។

លើស​ពី​នេះ កាល​ពី​ម្សិលមិញ ក្លឹប​ទើប​ធ្វើ​បាន​សម្រេច​ក្នុង​នាំ​ចូល De Ligt និង Mazraoui ក្នុង​តម្លៃ​ផ្ទេរ​សរុប​ជាង ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​មាន​កុងត្រា​រយៈ​ពេល​វែង​ជាមួយ​បិសាច​ក្រហម។

មួយ​វិញ​ទៀត ក្លឹប​ជិត​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ត​កុងត្រា​ថ្មី ឲ្យ​កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹប ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ២៩ ឆ្នាំ Bruno Fernandes រហូត​ដល់​ឆ្នាំ ២០២៧ ជាមួយ​នឹង​ជម្រើស​ត​ដល់​ឆ្នាំ ២០២៨។ បើ​មិន​មាន​អ្វីប្រែប្រួល​ កុងត្រា​ថ្មី​នេះ​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ពេល​ឆាប់ៗ មុន​បិទ​បញ្ចប់​រដូវ​កាល​ដោះ​ដូរ​កីឡាករ​នា​ដំណាច់​ខែ​នេះ៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី