• 2024-07-15 13:48:04
  • បាល់ទាត់

អេស្ប៉ាញ​បំបែក​កំណត់ត្រា​ចំនួន​ពីរ​ធំៗ ក្រោយ​ឈ្នះ​អឺរ៉ូ

  • 2024-07-15 13:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​យក​ឈ្នះ​អង់គ្លេស​ក្នុង​លទ្ធផល ២ ទល់​នឹង ១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​អឺរ៉ូ​ឆ្នាំ ២០២៤។ ការ​ឈ្នះ​នេះ ធ្វើ​ឲ្យ​បំបែក​កំណត់​ត្រា​ធំៗ​ចំនួន​ពីរ​រួម​មាន៖

កំណត់ត្រា​ទី ១ គឺ​អេស្ប៉ាញ​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​ដែល​ជោគជ័យ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​កម្មវិធី​អឺរ៉ូ​។ គិត​មក​ទល់​នេះ ក្រុម​ជម្រើស​ជាតិ​មួយ​នេះ បាន​ឈ្នះ​ពាន​អឺរ៉ូ​ដល់​ទៅ ៤ លើក ពោល​គឺ​នៅ​ឆ្នាំ ១៩៦៤ ឆ្នាំ ២០០៨ ឆ្នាំ ២០១២ និង​ចុង​ក្រោយ​គឺ​ឈ្នះ ២០២៤។ ជើង​ឯក​ ៤ សម័យ​កាល​នេះ ធ្វើ​ឲ្យ​អេស្ប៉ាញ​ឈ្នះ​ពាន​កម្មវិធី​អឺរ៉ូ​ជាង​ក្រុម​ជម្រើស​ជាតិ​ណា​ណា​ទាំង​អស់។ មុន​ឈ្នះ​ពាន​អឺរ៉ូ​ឆ្នាំ ២០២៤ អេស្ប៉ាញ មាន​កំណត់ត្រា​ឈ្នះ​ពាន​អឺរ៉ូ​ចំនួន ៣ លើក ដែល​ជា​កំណត់ត្រា​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ផង​ដែរ។ អាល្លឺម៉ង់​ធ្លាប់​ឈ្នះ​ពាន​នេះ កាល​ពី​ឆ្នាំ ១៩៧២ ឆ្នាំ ១៩៨០ និង​ឆ្នាំ ១៩៩៦។

កំណត់ត្រា​ទី ២ គឺ​អេស្ប៉ាញ​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​តែ​មួយ​គត់​ដែល​លេង​ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់​ក្នុង​កម្មវិធី​អឺរ៉ូ។ ក្នុង​ព្រឹត្តិការណ៍ Euro 2024 កន្លង​ទៅ អេស្ប៉ាញ​លេង​សរុប​ចំនួន ៧ ប្រកួត ឈ្នះ​ទាំង ៧ ដង ហើយ​មិន​ដែល​ស្គាល់​សោះ​ពាក្យ​ថា​ចាញ់ ឬ​ស្មើ។

អឺរ៉ូ​គឺ​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​ដ៏​ធំ​នៅ​ទ្វីប​អឺរ៉ុប ហើយ​ចាប់​បដិសន្ធិ​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៦០។ អឺរ៉ូ​ត្រូវ​បាន​ប្រារព្ធ​ឡើង​រៀងរាល់ ៤ ឆ្នាំ​ម្ដង។ គិត​មក​ទល់​ពេល​នេះ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ចំនួន ១៧ លើក​ហើយ។

ក្នុង​ចំណោម​កម្មវិធី​អឺរ៉ូ​ចំនួន ១៧ លើក​នោះ អេស្ប៉ាញ​ជាប់​បាន​ចូល​លេង​ចំនួន ១២ ដង ឈ្នះ ៤ ដង ជើង​ឯក​រង​ម្ដង ធ្លាក់​ត្រឹម​វគ្គ Semi Final ម្ដង ធ្លាក់​ត្រឹម​វគ្គ​៨ ក្រុម​ចំនួន ២ លើក ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម ១ លើក និង​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ចំនួន ៣ ដង៕

ប្រភព៖ foxsports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី