• 2023-03-06 07:47:53
  • ប្រដាល់

សម្ដេច​តេជោ ហ៊ុន សែន ​ស្នើឱ្យកម្ពុជា​ ថៃ ​ឡាវ ​និង​មីយ៉ាន់ម៉ា ចុះ​បញ្ជី​ក្បាច់​គុន​រួម​គ្នា

  • 2023-03-06 07:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ចាត់ទុក ​ការប្រជែងដណ្តើមគ្នាធ្វើជាម្ចាស់ ឬកម្មសិទ្ធិ ទៅ​លើ​ប្រភេទ​ «ក្បាច់គុន»​ ជាពិសេសការប្រជែងគ្នារវាងកីឡា​ «គុនខ្មែរ» របស់កម្ពុជា និង «Muay Thai» របស់​ថៃ ​វាកំពុងបានក្លាយជាទំនាស់នៃការដណ្តើមគ្នា ជាថ្មីម្តងទៀត ដែល​មិន​អាច​នឹង​រក​ទី​បញ្ចប់​បាន។

ជាមួយគ្នានេះ ប្រមុខដឹកនាំប្រទេស សម្តេច ហ៊ុន សែន បានថ្លែងឱ្យដឹងទៀតថា ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ក៏មានក្បាច់គុន តំណាងឱ្យជាតិសាសន៍ដូចគ្នា ហេតុនេះជាយោបល់ សម្តេច បានស្នើឱ្យប្រទេសទាំង៤នេះ គួរចុះបញ្ជីក្បាច់គុននេះ រួមគ្នា ទៅអង្គការយូណេស្កូ (UNESCO) និងទៅក្នុងក្របខ័ណ្ឌអូឡាំពិកអន្តរជាតិ ដើម្បីក្លាយជាសម្បត្តិរួម ហើយអាចបញ្ចប់នូវការដណ្តើមគ្នាធ្វើជាកម្មសិទ្ធិ ទៅលើផ្នែកសម្បត្តិវប្បធម៌នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំចង់លើកជាយោបល់ ពាក់ព័ន្ធនឹងបញ្ហាការដណ្តើមគ្នាធ្វើជាកម្មសិទ្ធិ។ រឿងនេះ ជារឿងដែលមិនគួរចិញ្ចឹមទំនាស់ ដែលអូសបន្លាយមិនចេះចប់ មិនចេះហើយ ដូចសព្វថ្ងៃនេះ មានរឿងរ៉ាវកើតឡើង លើបញ្ហាប្រដាល់ ដែលខ្មែរយើងថា គុនខ្មែរ ថៃហៅថា Muay Thai ចំណែកឡាវ ក៏មានផ្សេង រីឯ មីយ៉ាន់ម៉ា ក៏មានផ្សេង។ យើងច្បាស់ជាដឹងថា នៅតាមប្រាង្គប្រាសាទរបស់យើង មាននូវក្បាច់គុននេះ ពិតប្រាកដ ក៏ប៉ុន្តែចំណុចនេះ តើយើងអាចធ្វើការសន្ទនាជាមួយបណ្តាប្រទេសពាក់ព័ន្ធបានទេ?»។

​សម្តេចតេជោ បានអះអាងថា កន្លងមកនេះ សម្តេច ធ្លាប់បានសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីថៃ និងលោកនាយករដ្ឋមន្រ្តីឡាវ ផងដែរ ចំពោះបញ្ហានេះ តែសម្តេច នៅមិនទាន់មានការសន្ទនាជាមួយភាគីមីយ៉ាន់ម៉ា នៅឡើយទេ។ ប៉ុន្តែនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ ពិតជាចង់ឃើញប្រទេសទាំង៤នេះ ធ្វើការពិភាក្សា និងសម្របសម្រួលគ្នា ក្នុងចុះបញ្ជីក្បាច់គុននេះរួមគ្នា ដើម្បីបញ្ចប់ជម្លោះ។

«ឧទាហរណ៍ យើងអាចចុះបញ្ជីរួមគ្នា នៅក្នុងក្របខណ្ឌអរូបីរបស់អង្គការយូណេស្កូ និងចុះបញ្ជីកីឡានេះ ទៅក្នុងអូឡាំពិក ប៉ុន្តែបើមកប្រកួតនៅកម្ពុជា យើងដាក់ឈ្មោះថា «គុនខ្មែរ» ពេលប្រកួតនៅថៃ ដាក់ថា Muay Thai ហើយពេលប្រកួតនៅឡាវ និងមីយ៉ាន់ម៉ា យើងដាក់ឈ្មោះទៅតាមប្រទេសហ្នឹងទៅ។ តើយើងអាចរកការសម្របសម្រួលគ្នាបានទេ? បើរកការសម្របសម្រួលនេះបាន ខ្ញុំគិតថា យើងមិនចាំបាច់ទាស់គ្នា ដណ្តើមគ្នាធ្វើជាម្ចាស់នោះទេ។ នេះគ្រាន់តែជាការលើកនូវគំនិត ដើម្បីធ្វើការសម្របសម្រួលគ្នា កុំឱ្យយើងមានបញ្ហាជម្លោះដណ្តើមគ្នា»។ សម្តេច ហ៊ុន សែន បានបន្ថែម។

ការលើកឡើងបែបនេះរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានធ្វើឡើង ក្នុងពេលសម្តេច បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២ ខែមីនា ម្សិលមិញ ហើយក្នុងឱកាសនោះ សម្តេច បានទទួលស្គាល់ថា បញ្ហាខ្លះ មិនអាចចុះបញ្ជីរួមគ្នាមែន ប៉ុន្តែរឿងក្បាច់គុននេះ វាអាចនឹងធ្វើទៅបាន បើសិនជាមានការសម្របសម្រួលគ្នា។

សម្តេច បានបញ្ជាក់ថា៖ «ពិតមែនហើយ បញ្ហាខ្លះ យើងមិនអាចនឹងបោះបង់ចោលបានទេ ដូចជារបាំអប្សរា ចាប៉ីដងវែង និងកីឡាគុនល្បុក្កតោ ជាដើម ដែលយើងបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមិនអាចចុះបញ្ជីរួមគ្នាបានទេ ប៉ុន្តែរឿងក្បាច់គុននេះ យើងត្រូវរកវិធីសម្របសម្រួល ដើម្បីចៀសវាងនូវជម្លោះ ដោយសារតែបញ្ហាទាក់ទងនឹងវប្បធម៌នេះ អ៊ីចឹងសង្ឃឹមថា ខាងសមភាគីរបស់យើងនៅថៃ នៅឡាវ និងនៅមីយ៉ាន់ម៉ា ក៏នឹងពិចារណា លើរឿងនេះ»។

​«ខ្ញុំធ្លាប់បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ ពេលគាត់មានប្រជុំអាស៊ាន នៅកម្ពុជា ហើយពេលខ្ញុំទៅទស្សនកិច្ចនៅប្រទេសឡាវ កន្លងទៅ ខ្ញុំក៏បានលើកបញ្ហាហ្នឹង ហើយខ្ញុំបានពិគ្រោះជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ថា UNESCO គេលើកទឹកចិត្ត ឱ្យមានការចុះបញ្ជីរួមគ្នា ដើម្បីកុំឱ្យមានជម្លោះ ហើយពេលចុះរួមហើយរបស់យើង នៅតែរបស់យើង ដោយគ្មានអ្នកណាយកទៅណាទេ មកប្រទេសកម្ពុជា តាមរបៀបប្រទេសកម្ពុជាទៅ ឈ្មោះក្បាច់គុនខ្មែរ»។ សម្តេច ហ៊ុន សែន បានបញ្ជាក់បន្ថែម។

ជាមួយគ្នានោះ ប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេច ហ៊ុន សែន ក៏បានរំឭកពីការមិនបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតកីឡា «គុនខ្មែរ» របស់ភាគីថៃ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ ផងដែរ ដោយបញ្ហានេះ បានកើតមានឡើង ដោយសារភាគីថៃ មិនពេញចិត្ត បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា បានសម្រេចដាក់ប្រភេទកីឡា គុនខ្មែរ ដោយមិនបានភ្ជាប់ពាក្យ Muay ឬសរសេរថា «Kun Khmer (Muay) នោះ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «កន្លងទៅ ថៃ បានបដិសេធ មិនបញ្ជូនប្រតិភូកីឡា មកប្រកួតក្បាច់គុនខ្មែរទេ អ៊ីចឹងបើយើងរកការសម្របសម្រួលបាន ក្បាច់គុននេះ នឹងមានការចុះបញ្ជីណាមួយ រាប់ទាំងចូលទៅក្នុងក្របខ័ណ្ឌអូឡាំពិក គ្រាន់តែថា ពេលស៊ីហ្គេម នៅកម្ពុជា ដាក់ថាក្បាច់គុនកម្ពុជា ពេលប្រកួតនៅថៃ ដាក់ថា ក្បាច់គុនថៃ ពេលប្រកួតនៅឡាវ ដាក់ថាក្បាច់គុនឡាវ ហើយពេលធ្វើនៅមីយ៉ាន់ម៉ា ដាក់ថា ក្បាច់គុនមីយ៉ាន់ម៉ា អ៊ីចឹងទៅ។ អាហ្នឹងតែអាចធ្វើបានទេ? ដែលនេះជាការពិគ្រោះយោបល់»។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ «ច្បាស់ណាស់ថា មានអ្នកជេរខ្ញុំ ក៏ប៉ុន្តែអ្នកដែលជេរខ្ញុំហ្នឹង ប្រហែលរកច្រកចេញមិនឃើញទេ។ អ្នកត្រូវគិតថា តើប្រជាជាតិជិតខាង គេសុខចិត្តទេ គេព្រមទេ? ព្រោះគេក៏ជាប្រទេសមួយ ជាជាតិសាសន៍មួយដែរ។ បើខ្លួនយើងមិនព្រម គេក៏មិនព្រមដែរ បើអ៊ីចឹងវានៅតែទំនាស់រហូតហ្នឹង! ខ្ញុំចង់ប្រើវិធីសាស្រ្តទូត ដើម្បីរួមចំណែកជំរុញវប្បធម៌ ហើយតាមរយៈការទំនាក់ទំនងវប្បធម៌នេះ គឺការទំនាក់ទំនងនយោបាយឡើងវិញ»៕

មតិយោបល់